ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​គុន​ខ្មែរ​ពិភពលោក ជា​កំពូល​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ប្រចាំឆ្នាំ​២០២២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​សង្វៀន​គុន​ខ្មែរ​ពិភពលោក​(World Fight Tournament)​ដែល​

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​សង្វៀន​គុន​ខ្មែរ​ពិភពលោក​(World Fight Tournament)​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​កក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​មាន​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​បំផុត​ប្រចាំឆ្នាំ​២០២២​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា​។

លោក មាន សំ​អុល នាយក​គ្រប់គ្រង​ក្រុមហ៊ុន​​ភេសជ្ជៈ ​បានឱ្យ​ដឹង​ថា នេះ​គឹ​ជា​ការ​រួមចំណែក​មួយ​ក្នុង​កម្មវិធី​គួរ​ជាទី​ចង​ចាំ​របស់​យើង​ទាំងអស់​គ្នា ដើម្បី​រួម​គ្នា​សាង​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែម​ទៀត​សម្រាប់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ។ ទន្ទឹម​គ្នា​នេះ​ដែរ​យើង​រីករាយ​ក្រៃ​លែង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​«​សង្វៀន​គុន​ខ្មែរ​ពិភពលោក​»​ដែល​មាន​ទិស​ដៅ​ស្របគ្នា​ក្នុង​ការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​និង​លើកទឹកចិត្ត​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​សម្រាប់​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ផ្ដាំផ្ញើរ​ទៅ​ដល់​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក៏​ដូច​ជា​កីឡាករ​ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព គោរព​ឱ្យ​បាន​នូវ​ក្រមសីលធម៌ និង​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួនធ្វើ​យ៉ាង​ឱ្យ​កម្មវិធី​ប្រកួត​បាន​ដំណើរការ​ទៅ​ល្អ​តាំង
ពី​ដើម​ដល់​ចប់​។

លោក ម៉ិ​ល កាដូ អគ្គនាយករង អគ្គនាយកដ្ឋាន​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​សង្វៀន​គុន​ខ្មែរ​អន្តរជាតិ​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ព្រោះ​គឺជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​មានឱកាស​បញ្ចេញថ្វីដៃ ក៏​ដូច​ជា​ការ​ពង្រឹងសមត្ថភាព​បន្ថែម​មុន​ពេល​ការ​ប្រកួត​កីឡាស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​មក​ដល់ ។ ម្យ៉ាងវិញទៀត​កម្មវិធី​នេះ​ស្រប​ទៅ​តាម​ទិស​ដៅ​របស់​CAMSOC​ដែល​បាន​ផ្ដល់​ឱកាស​ទៅ​ដល់​កីឡា​ជាតិ​នីមួយ​ៗ​ស្វែងរក​ដៃគូ​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​ស្វែងរក​បទ​ពិសោធន៍ ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។ មិនតែប៉ុណ្ណោះ​ដើម្បី​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក​ផង​ដែរ ។

លោក​បាន​លើក​ឡើង​ទៀត​ថា ទោះបីជា​យើង​ទទួល​បាន​ជោគជ័យ​នៅ​ស៊ី​ហ្គេ​មវៀតណាម​ដែល​ទើបតែ​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ពិតមែន តែ​យើង​រឹតតែ​មិន​អាច​មានការ​ធ្វេសប្រហែស​បាន​ដែរ ត្រូវ​តែ​ប្រឹងប្រែង​ជា​បន្ត​ទៀត​។

ឯកឧត្តម​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា អគ្គលេខាធិការ​CAMSOC​បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រកួត​នេះ​ឡើង​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ជា​ពិសេស​កម្មវិធី​ថ្ងៃនេះ គឺជា​ការ​បើក​ទំព័រ​មួយ​ក្នុង​ការ​គាំទ្រ​របស់​វិស័យ​ឯកជន​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ចំពោះ​ការ​គាំទ្រ​របស់​វិស័យ​ឯកជន​នេះ​ទៀត ធ្វើ​ឱ្យ​សុបិន​ក្លាយជា​ការ​ពិត ដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល​៦៤​ឆ្នាំ​មក​ហើយ ។

ឯក​ឧត្ត​ក៏​ចង់​ជំរុញ​ទៅ​ដល់​សហព័ន្ធ​ដទៃ​ទៀត មាន​សកម្មភាព​ដូច​សហព័ន្ធ​កីឡាប្រដាល់​នា​ពេល​នេះ​ផង​ដែរ ។ ឯកឧត្តម​សូម​គាំទ្រ​ដល់​វិស័យ​ឯកជន​ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​វិស័យ​កីឡា​និង​កីឡាករ កីឡាការិនី​របស់​យើង ។

លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តួឯក​របស់​យើង​គឺ​កីឡាករ កីឡាការិនី បើ​យើង​យកចិត្តទុកដាក់​កាន់តែ​ច្រើន​កាន់តែ​មាន​កិ​តិ្ត​យស ជា​ពិសេស​គុន​ខ្មែរ​របស់​យើង ។ ក្នុង​ទ្រឹស្ដី​កីឡា បើ​មាន​ផ្លែ​ឈើ​មួយ​ផ្លែ​គឺ​ហុច​ឱ្យ​កីឡាករ កីឡាការិនី​មុនគេ​មិនមែន​ហុច​ឱ្យ​គ្រូ​នោះ​ទេ យើង​ទាំងអស់​អាច​មិន​ហូប​បាន តែ​សម្រាប់​កីឡាករ កីឡាការិនី​មិន​អាច​អត់​បាន​នោះ​ទេ​។

គួ​រម្លឹក​ផង​ដែរ​ថា កម្មវិធី​ប្រកួត​ប្រដាល់​សង្វៀន​គុន​ខ្មែរ​ពិភពលោក​(World Fight Tournament)​និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ កក្កដា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ចាប់ពី​ម៉ោង​៥​ដល់​ម៉ោង​៧​យប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ