ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិន​ដូច​ជា​មិនសូវ​ស្រួល​សោះ ដី​បឹង​ភេ​កំពុង​រង​​ការ​ចាក់​ដី​លុប ដើម្បី​សាងសង់​មន្ទីរ

3 ឆ្នាំ មុន

ខេត្តកំពង់ធំ​៖ អស់​រយះ​កាល​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ ដី​បឹង​ភេ​ដែល​ជា​បឹង​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ កាលពីដើម​ឡើយ​បឹង​មួយ​នេះ មាន​វិសាលភាព​ធំ​ល្វឹងល្វើយ​ណាស់ ដែល​ជាទី​កន្លែង​អាស្រ័យ​ផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​រយៈ​នេសាទ​ត្រី​ដាក់​លប ដាក់​មង ចង​សន្ទូច…

ខេត្តកំពង់ធំ​៖ អស់​រយះ​កាល​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ ដី​បឹង​ភេ​ដែល​ជា​បឹង​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ កាលពីដើម​ឡើយ​បឹង​មួយ​នេះ មាន​វិសាលភាព​ធំ​ល្វឹងល្វើយ​ណាស់ ដែល​ជាទី​កន្លែង​អាស្រ័យ​ផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​រយៈ​នេសាទ​ត្រី​ដាក់​លប ដាក់​មង ចង​សន្ទូច ដក​ព្រលឹត រំ​ចង់ ដក​ក្រអៅឈូក បេះ​ស្លឹក​ឈូក​ផ្លែ​ឈូក បេះ​ត្រកួន កាត់​ដើម​ត្រាវ​លក់​ជាដើម និង​ជា​ប្រភព​ស្មៅ នឹង​ទឹក​សម្រាប់​សត្វពាហនៈ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ ពេល​នេះ​សង្ស័យ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​មួយ ។

បច្ចុប្បន្ន ដោយសារ​តែ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បាន​ធ្វើ​ឲ្យ​ផ្ទែ​បឹង​ភេ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ត្រូវ​រួម​តូច​ចង្អៀត​បន្តិច​ម្តង​ៗ​តាម​រយៈ​នៃ​កា​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​របស់​ឯកជន និង​រដ្ឋ​យ៉ាង​អនាធិបតេយ្យ​ទៅ​វិញ ដែល​ជា​ហេតុ​នាំ​ឲ្យ​ផ្ទៃ​បឹង​ធំ​នេះ​នៅ​សេសសល់​ធំ​ជាង​បាតដៃ​តែ​ប៉ុណ្ណោះ​មក​ដល់​ពេល​នេះ ឯ​ឈ្មោះ​ក្រុមហ៊ុន​ក៏​លាក់​ជិត​ដែរ ។

ជាក់ស្តែង បើ​យោង​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចាក់​ដី​លុប​បឹង​ភេ គឺ​ដើម្បី​យក​សាង​សង់​មន្ទីរ​ចំនួន​ពីរ​កំពុង​តែ​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ដោយ​ពុំ​មានការ​រំខាន​ឬ​ក៏​រារាំង​ពី​ខាង​ស្ថា​ប័ន​ណាមួយ​នោះ​ឡើយ ។ រីឯ​មន្ទីរ​ទាំង​ពីរ​ខាងលើ​មន្ទីរ​និ​មួយ​ៗ​នេះ មាន​ផ្ទៃដី​ទំហំ​ទទឹង​ជាង​១០​ម គុណ​និង​៣០​ម ស្ថិត​នៅ​ចំ​កណ្តាល​បេះ​ដួង​ខេត្ត​តែ​ម្តង ។ មន្ទីរ​ចំនួន​ពីរ​ដែល​ត្រូវ​ដោះ​ដូរ​នោះ​ត្រូវ​បាន​គេ​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា​!​ជា​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត និង​មន្ទីរ​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់​ខេត្ត ។

ពាក់ព័ន្ធ​និង​ករណី​ចាក់​ដី​លុប​បឹង​ភេ​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ អ្នក​សារ​ព័​ត៍​មាន​យើង​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក ចាន់ ប៊ុ​ន ចៅសង្កាត់​កំពង់​ក្របៅ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​សង្កាត់​អត់​បានដឹង​នោះ​ទេ​អំពី​បញ្ហា​នេះ ហើយ​ក៏​មិនដឹង​ថា​គេ​ចាក់​ដី​លុប​បឹង​ភេ​យក​ទំហំ​ចំនួន​ប៉ុន្មាន​នោះ​ដែរ ដោយសារ​គេ​មិន​បាន​ប្រាប់​ដល់​អាជ្ញាធរ​សង្កាត់​នោះ​ឡើយ​។

លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​!​លោក​ជាប់​កម្មវិធី​នៅ​ឯ​កំពង់សោម ពាក់ព័ន្ធ​ករណី​រឿង​ចាក់​ដី​លុប​បឹង​ភេ​ហ្នឹង លោក​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ខាង​មន្ទីរ​ក៏​ដូច​ជា​ខាង​ក្រ​សូ​ង​អត់​មាន​ពាក់ព័ន្ធ​នឹង​ការ​ដោះ​ដូរ​ឬ​ក៏​លក់​មន្ទីរ ហើយ​ឲ្យ​ទៅ​នៅ​ក្នុង​បឹង​ភេ​អ្វី​នោះ​ទេ ។

លោក​បន្ត​ថា ដោយ​មើលឃើញ​បរិវេណ​មន្ទីរ​មានការ​តូច​ចង្អៀត​ចាប់តាំងពី​ពង្រីក​ផ្លូវថ្នល់​សាង​សង់​វិមាន​ឯករាជ​រួច​មក រដ្ឋបាល​ខេត្តកំពង់ធំ ក៏​បាន​ឲ្យ​ដី​បឹង​ភេ​មួយ​កន្លែង​ដើម្បី​សាងសង់​ធ្វើ​ជា​កន្លែងធ្វើការ​ងារ​បន្ថែម ហើយ​មន្ទីរ​ចាស់​នៅ​រក្សា​ទុក​ដដែល​ទេ អត់​មាន​លក់ដូរ ដោះ​ដូរ​អ្វី​ទេ​។

ចំណែក​លោក អ៊ឹម សុ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម និង​សំណង់​ខេត្តកំពង់ធំ​វិញ​ប្រាប់​ថា​!​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​រឿង​ដោះ​ដូរ​មន្ទីរ​ចំនួន​ពីរ​ខាងលើ​នេះ​ថា ដោយសារ​សាលាខេត្ត​មើលឃើញ​មន្ទីរ​របស់​លោក​មាន​លក្ខណៈ​តូច​ចង្អៀត និង​មា​នទី​តាំងនៅ​ជិត​ផ្សារ​កំពង់ធំ ហើយ​ថែម​ទាំង​គេ​ដាក់​ធុងសំរាម​ដ៏​ធំ​និង​មាន​ក្លិនស្អុយ​ថែម​ទៀត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ក៏​ដូច​ជា​បរិស្ថាន​ផង​នោះ ហេតុ​ដូច្នេះ​ហើយ​ទើប​រដ្ឋបាល​ខេត្ត​បាន​ប្រគល់​ដី​នៅ​ចំណុច​បឹង​ភេ​ឲ្យ​ចាក់ ដី​ដើម្បី​សាងសង់​មន្ទីរ​ធ្វើ​ការងារ​ថ្មី ។

លោក​ថា នៅ​ពេល​ណា​មន្ទីរ​ថ្មី​សាងសង់​រួច​ដំណើរការ​បាន​នៅ​ពេល​ណា​នោះ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម និង​សំណង់​ចាស់​នេះ នឹង​ប្រគល់​ជូន​ទៅ​រដ្ឋបាល​ខេត្តកំពង់ធំ​គ្រប់គ្រង​វិញ​។ រឿង​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណាមួយ​នោះ មិន​មាន​លេច​ចេញ​ទេ ។

ជុំវិញ​ករណី​នេះ លោក យ៉ូ​វ សេង​គុណ នាយក​រដ្ឋបាល​សាល​ខេត្ត​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា នេះ ដោយសារ​ទូរស័ព្ទ​ដៃ​របស់​លោក​ខ​ល​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ។

លោក ងួ​ន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​!​លោក​មិនសូវ​ដឹង​ច្បាស់​ទេពី​បញ្ហា​ខាងលើ​នេះ ពីព្រោះ​លោក​ទើបតែ​មក​កាន់​តំណែង​ជា​អភិបាលខេត្ត​កំពង់ធំ បាន​មួយ​រយៈពេល​ខ្លី​ថ្មី​ៗ​តែ​ប៉ុណ្ណោះ ។ តែបើ​តាម​លោក​ដឹង​ខ្លះ​ៗ​នោះ គឺ​មាន​មន្ទីរ​ចំនួន​បី​បួន​ដែល​បាន​ស្នើ​សុំ​ដី​បឹង​ភេ​ដើម្បី​សាងសង់​មន្ទីរ ហើយ​កន្លង​មក​ក៏​មាន​មន្ទីរ​មួយ​ចំនួន​មាននៅ​ក្នុង​បឹង​ភេ​នោះ​ហើយ​ដែរ ម្យ៉ាងទៀត​ដី​បឹង​ភេ​នេះ​ត្រូវ​បាន​រដ្ឋ​ប្រគល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​រួច​អស់ហើយ ហើយ​​ក៏​គេ​បាន​បង់ពន្ធ​ជូន​រដ្ឋ​នៅ​ឯ​ទីក្រុង​ភ្នំពេញ​ជា​រៀង​រាល់​ឆ្នាំ​មក​ហើយ​ដែរ​ ។

មិន​ទាន់​ដឹង​ថា តើ​ក្រុមហ៊ុន​មួយ​ណា​ទេ ដែល​មានសំណាង​យក​បឹង​ភេ​ដោះ​ដូរ​ជាមួយ​មន្ទីរ​របស់​រដ្ឋ​ដែល​មាន​ដី​ចំ​កណ្តាល​បេះដូង​ក្រុង?

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ