ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​វះ​ទូ​កុងតឺន័រ​យក​ខោអាវ​ទៅ​លក់​ឲ្យ​ក្រុម​សង្គម​ងងឹត

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ទូ​កុងតឺន័រ​របស់​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុម​ចោរ​នាំ​យក​មក​ធ្វើ​សកម្មភាព​វះ​យក​ខោអាវ ដើម្បី​ដឹក​ជញ្ជូន​បន្ត​ទៅ​លក់​ឱ្យ​ក្រុម​សង្គម​ងងឹត​ …

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​បាន​រួសរាន់ធ្វើការ​ត្រួតពិនិត្យ​ទូ​កុងតឺន័រ​១​ដែល​សង្ស័យ​ថា ក្រុម​ចោរ​នាំ​យក​មក​វះ​លួច​យក​ទំនិញ​នាំ​ចេញ នៅ​តាម​ផ្លូវ​លេខ​៤៤ ស្ថិត​ក្នុងភូមិ​តា​មុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន តែ​ហាម​មិន​ឱ្យ​អ្ន​កាសែត​ចូល​ថតរូប​ឡើយ ។ ការ​ត្រួតពិនិត្យ​នេះ ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ នៅ​ក្នុង​បរិវេណ​ទីលាន​ចាក់សំរាម ។

ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ថា ទូ​កុងតឺន័រ​នេះ​ជា​របស់​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុម​ចោរ​នាំ​យក​មក​ធ្វើ​សកម្មភាព​វះ​យក​ខោអាវ ដើម្បី​ដឹក​ជញ្ជូន​បន្ត​ទៅ​លក់​ឱ្យ​ក្រុម​សង្គម​ងងឹត​ដែល​ចាំ​ទទួល​ទិញ ។ ប្រភព​បន្ត​ថា ក្រុម​ចោរ​បាន​វះ​យក​កេស​ខោ​និង​អាវ​ចេញពី​ទូ​អស់​ទៅ​ហើយ​និង​បាន​យក​រថយន្ត​កុងតឺន័រ​មក​ទុក​ចោល​នៅ​បរិវេណ​ខាងក្រៅ​កន្លែង​ធ្វើ​សកម្មភាព ។ ខោអាវ​ទាំងនោះ​មាន​ចំនួន​រាប់រយ​កេស ហើយ​បើ​និយាយពី​តម្លៃ​វិញ​ក៏​មិន​តិច​មុ​ឺ​ន​ដុល្លារ​ទេ ។ ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​រក​ម្ចាស់​ទំនិញ​និង​ទូ​កុងតឺន័រ ដើម្បី​ឱ្យមក​ទទួលយក​ទៅ​វិញ​រឿង​បាត់​មិនដឹង​ទេ ។

មាន​ច​ម្ង​ល់​ជា​ច្រើន​លើក​ឡើង​ជាមួយនឹងការ​រិះគន់​ផង​ដែរ ចំពោះ​មូលហេតុ​ដែល​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ចូល​ថតរូប​ភាព ដោយ​សំអាង​ថា​ងាយស្រួល​ក្នុង​ការ​ធ្វើការ នោះ ។ បើ​ទោះជា​យ៉ាងនេះ​ក្តី មហាជន​សង្ឃឹមថា ខោអាវ​ទាំងនេះ​នឹង​មិន​បាត់បង់​ទេ ខណៈ​ដែល​ក្រុម​ចោរ​មិន​ទាន់​ដឹក​ចេញ​នៅឡើយ​នោះ ។

ដោយឡែក ប្រភព​ព័ត៌មាន​ដែល​បង្ហើប​ប្រាប់​ដោយ​មន្ត្រី​នគរបាល​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះ​ថា ការងារ​នេះ​ខាង​នាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ជា​ម្ចាស់​ករណី ហើយ​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចំនួន​១០​នាក់​ផង​ដែរ ដោយ​មានការ​ចូលរួម​ពី​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចូលរួម​បង្ក្រាប​ក្រុម​វះ​ទូ​កុងតឺន័រ​បង្ហើប​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១០​នាក់​នេះ មាន​ម្នាក់​ឈ្មោះ ណុ​ប ឌី ជា​មេខ្លោង និង​ជា​ឈ្មួញ​រក​ស៊ី​ឈើ​ដុះ​ស្លែ​នៅ​កំពង់ស្ពឺ ។ ជន​នេះ​មិន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ម្តងណា​ឡើយ​ក្នុង​របរ​រក​ស៊ីឈើ តែដល់​ពេល​ប្តូរ​របរ​មក​ធ្វើ​ជា​មេខ្លោង​រក​ស៊ីវះ​ទូ​កុងតឺ​ន័​រ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ។

ជនសង្ស័យ​ទាំង​១០​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​ភូមិ​ផ្គង សង្កាត់​ច្បារមន ក្រុង​ច្បារមន កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ មាន ៖ ១-​ឈ្មោះ ជួន ឡង់​ឌី អាយុ​៣៦​ឆ្នាំ, ២-​ឈ្មោះ ធាន ផា​ន ហៅ​សាក់ ស្នាក់​នៅ​ជួល​ផ្ទះ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ, ៣-​ឈ្មោះ​ទុន ជាតិ អាយុ​២៥​ឆ្នាំ អ្នក​កាន់​ជី​ភី​អេស ទូ​កុងតឺន័រ នៅ​ខេត្តកំពង់ចាម, ៤-​ឈ្មោះ ស៊ុំ សា​រ៉េ​ត អាយុ​៥៦​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ជា​អ្នក​ផ្តល់​ទីតាំង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស, ៥-​ឈ្មោះ ណុ​ប ឌី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ, ៦-​ឈ្មោះ សុខ ស័ង អាយុ​១៩​ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នក​ជួយ​រើ​អីវ៉ាន់​ចេញពី​ទូ​កុងតឺន័រ, ៧-​ឈ្មោះ ភួង សុខ​ផល អាយុ​៣៦​ឆ្នាំ នៅ
ខេត្តកំពង់ស្ពឺ អ្នក​ផ្តល់​ទីតាំង, ៨-​ឈ្មោះ សែ​ម សុ​ខវិន អាយុ​២៨​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ អ្នក​ជួយ​រើ​អីវ៉ាន់, ៩-​ឈ្មោះ ឈុ​ន លឹ​ម អាយុ​២៨​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ អ្នក​បើករថយន្ត​ឱ្យឈ្មោះ ជួន ឡង់​ឌី និង ១០-​ឈ្មោះ ឆាយ ក្តិ​ប អាយុ​៣៦​ឆ្នាំ ជា​អ្នក​ចាំ​មើលផ្លូវ​ឱ្យ​គេ​ធ្វើ​សកម្មភាព ។

ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ចនាំ​ខ្លួន​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ដើម្បី​កសាង​សំណុំ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​។ មជ្ឈដ្ឋាន​មហាជន​រង់ចាំ​មើល​ថា តើ​មេខ្លោងវះ​ទូ​កុងតឺន័រ​នេះ​មាន​វាសនា​បាន​រួចខ្លួន​ពី​សំណាញ់ច្បាប់​ដែរ​ឬទេ ខណៈ​មាន​អ្នក​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​សុំ​ឱ្យ​មានការ​ដោះ​លែង​មេខ្លោងរូប​នេះ ៕