ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០គុណនឹង៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោតខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ មានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំក្សាន្ត ។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ ។
សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា «សេការីស្វារៈ » មានន័យថា «អំណាចនៃភ្នំ» ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុង គ.ស៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ។
កាលបរិច្ឆេទ សំខាន់ៗ
-ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ ។
-ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨៖ អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា ។
ប្រវត្តិនៃប្រាសាទព្រះវិហារ
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនបានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេនោះមានកម្ពស់៦២៥ម៉ែត្រ(ឯកសារបារាំង)ឬ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។
ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ៥៨៣ ៖ អ្នកដែលសរសេរសិលាចារឹកនោះ ឈ្មោះហរិវាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្ទ្រវរ័ន្ម គ្រឹស្តសករាជ ៩៤៤ដល់៩៦៨ ។ គេសរសេរជាភាសាសំស្ក្រឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្ទ្រាយុទ្ធ លោកបានយកលិង្គមួយឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះគឺប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។
លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ ។
ព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធ
អំពីជីវប្រវត្តិ សង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ៖ «ព្រះអង្គម្ចាស់ឥន្ទ្រាយុទ្ធ ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបូៗ គឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយលោកបានកសាងលិង្គមួយយកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខៈ រិស្វារៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ។ ឈ្មោះលិង្គ ស្រីសិខៈ រិស្វារៈនេះ ពេលក្រោយឆ្នាំក្រោយមកទៀត គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដូច្នេះអ្នកដែលមកប្រតិស្ឋស្ថាន ស្រីសិខៈ រិស្វារៈ ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅនឹងលិង្គបូនោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ។ ពេលនោះអ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះគេសន្មតថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។
ព្រាហ្មណ៍តៈបៈស្វិន្ទ្របណ្ឌិត
បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែលសរសេរជាភាសាខ្មែរផង និងសំស្ក្រឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះតៈបៈស្វិន្ទ្របណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្ទ្រៈបណ្ឌិតមានអាស្រមមួយនៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅអំឡុងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្ទ្រៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។
ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាមស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារលិង្គនេះឯងតែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែតៈបៈស្វិន្ទ្រៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត ដើម្បីឲ្យបានបុណ្យបានផលដល់លោក និងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀតព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់។ អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទសុរិយវរ្ម័នទី១មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗនោះ គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំអាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរពនៅបូជាអ្នកដែលជួយធ្វើនេះធ្វើនោះដើម្បីថែរក្សា ។ អុីចឹងព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្តទេ ។
សម្បថនោះមានអីខ្លះទៅ ? គឺថា សម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់ហ្នឹងសូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ ក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ ។
ស្រីសុកៈរាមា
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេពស្រីសិខៈ រិ ស្វារៈ កាលណោះមានបុរសម្នាក់ឈ្មោះស្រីសុកៈរាមា ជាមនុស្សសំខាន់។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្ត្រខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្ត ផ្សេងៗ តាំងពីសម័យមុនអង្គរគឺព្រះបាទស្រីប្បវរ្ម័ន រហូតមកដល់ព្រះបាទ ស្រីសុរិយវរ្ម័ននេះ មានទាំងអស់ គេសរសេរទុក ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះនៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រីសិខារិស្វារៈ ។
ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គ នីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។
-លិង្គមួយត្រូវបានយកទៅទុកនៅក្នុងខេត្តបាត់ដំបង គឺវត្តឯក គឺឈ្មោះថា ជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច ។
-នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់បណ្តោះអាសន្នព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង។
-មានមួយទៀតយកទៅទុកនៅលើភ្នំសូរិយាទ្រិ គឺភ្នំព្រះឥសូរ ភ្នំឥសូរនៅខេត្តតាកែវសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។
-ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឥសាន តិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែលជានៅខាងក្រចេះស្ទឹងត្រែង ។លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង នៅនឹង គ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។
ព្រាហ្មណ៍ទិវាការៈ ឬទិវាក
សិលាចារឹកនៅនឹងភ្នំសន្តក កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះទិវាក ឬទិវាការៈ ។ ហេតុអ្វីព្រាហ្មណ៍នេះបម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទឧទ័យៈទិត្យវរ្ម័នទី២ ដែលលោកកសាងប្រាសាទបាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទសុរិយវរ្ម័នទី២។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទសុរិយវរ្ម័នទី២ ហើយលោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពីព្រះបាទ សុរិយវរ្ម័នទី២ មក ទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់នៅក្នុងស្រុកខ្មែរ គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ឈ្មោះទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ ។
ព្រាហ្មណ៍ទិវាការៈ ឬទិវាកនេះ លោកទៅសង់រូបអាទិទេព ផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវយកអង្ករ យកមកបូជាធ្វើពិធី ផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះលោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេពស្រីសិខៈ រិស្វារៈ គឺលោកយកសំរឹទ្ធិទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកជួសជុលសំណង់ ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ។ អីុចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទសុរិយវរ្ម័នទី២ លោកប្រគល់ទៅលើព្រាហ្មណ៍ ឈ្មោះទិវាក ឬ ទិវាការៈ នេះឯង ។
គោលបំណងនៃការកសាងប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្ណុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ។ ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ ៖
-ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាលគេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។
-ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ។ មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះតទៅទៀត ។ បើបានអញ្ជើញទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមានសិលាចារឹកកាលេខ ៣៨១នោះ គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែលគេបំបួសឲ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរព និងថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ នោះតទៅទៀត ។ ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទ ឯទៀតៗ ។
ដំណាក់កាលនៃការសាងសង់
ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាល ធំៗ ៖
-ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ ។
-តែមកដល់រជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ គឺគេឈូសភ្នំ យកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទ ផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។
-បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនាឲ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សុរិយវរ្ម័នទី២នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។
លក្ខណៈសំណង់ប្រាសាទព្រះវិហារ
បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់៨០៤ម៉ែត្រ ។ មុននឹងឡើងពីដីទំនាបទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេមានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះស្រីសិខៈ រិស្វារៈ ។
-ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ៥៤ម៉ែត្រគេធ្វើ ជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ២៥ម៉ែត្រហ្នឹង ចូលមកខ្លោងទ្វារទី១ ។
-សម្គាល់១៖ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុតមកឯខាងដើម ។
បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀតចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះគេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅខ្លោងទ្វារទី២ នោះមានហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺការដែលបង្កើតលោក។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃមានស្រះមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ព្រោះថាកាលពីពេលដែលព្រះមហាក្សត្រថៃ គឺព្រះបាទភូមីបុល អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។
ឡើងមកទៀត ហើយចម្ងាយ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវហ្នឹងរហូត ។ នៅខាងឆ្វេងដៃដដែលហ្នឹង មានតួប្រាសាទ តូចៗ ឡើងមកទៀតអ៊ីចឹងមក១៥០ម៉ែត្រហ្នឹង បានមកដល់ខ្លោងទ្វារទី៣ៗ ហ្នឹងមានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល គេឲ្យរៀនធម៌ នៅហ្នឹងចូលផុតពីខ្លោងទ្វារទីបីមកនេះ ។
នៅចន្លោះពីខ្លោងទ្វារទីបី និងខ្លោងទ្វារទីបួន មានផ្លូវដើរប្រហែល៤០ម៉ែត្រ ។ ផ្លូវដើរ៤០ម៉ែត្រនេះឯង ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះឯង ។ យើងដើរតាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។ មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិច ឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាងឆ្វេងដៃអត់មានទេ ។អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសី ធំៗសំណាក់ ឬក៏តាំងសីល នៅត្រង់កន្លែងហ្នឹង ។
ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារទី៥នេះ ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង៤៥ម៉ែត្រតែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះស្រីសិខៈ រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់គួរឲ្យស្រឡាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់ ៕





ចែករំលែកព័តមាននេះ