ខេត្តកំពង់ចាម ៖ គោយន្តកន្ត្រៃ១គ្រឿងមានដឹកស្រូវពូជ កំពុងតែបើកបរនៅលើស្ពានគីហ្ស៊ុណានោះ ស្រាប់តែត្រូវដាច់ជា២កំណាត់ ដោយសារតែរថយន្តបាឡែន១គ្រឿងបានបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់ជិះលើគោយន្ត បានរងរបួសឡើងស្រងល់ រួមទាំងកូនក្មេងម្នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៧ និង២៥នាទីព្រឹកថ្ងៃទី០៣ ធ្នូ ដែលវត្ថុតាងរថយន្តត្រូវបានសមត្ថកិច្ចនាំមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
ប្រភពឱ្យដឹងថា នៅពេលមុនកើតហេតុ រថយន្តបាឡែនពណ៌ទឹកប្រាក់ បានបើកក្នុងទិសដៅពីលិចមកកើតឆ្លងស្ពានគីហ្ស៊ុណា លុះបើកផុតពីកណ្តាលស្ពាន ក៏វ៉ារថយន្ត១គ្រឿងនៅពីខាងមុខ ស្របពេលនោះរថយន្ត១គ្រឿង បានបើកមកបញ្ច្រាសទិសមកដល់ អ្នកបើករថយន្តបាឡែនឈ្មោះពិន សុធា ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក បានបួងចង្កូតចូលមកស្តាំដៃវិញ ក៏ជាហេតុទៅបុកគោយន្តកន្ត្រៃពីខាងក្រោយពេញទំហឹងតែម្តង ។
ក្រោយហេតុការណ៍ មានកម្លាំងមន្ត្រីចរាចរណ៏ជាច្រើននាក់ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យ ។
ចែករំលែកព័តមាននេះ