អាសូរណាស់! យុវជនម្នាក់ទើបចូលធ្វើការជាព្រូរថយន្តដឹកដីបាន១សប្តាហ៍ ជួបគ្រោះអកុសល
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ទើបចូលធ្វើការជាព្រូរថយន្តដឹកដីបាន១សប្តាហ៍ ត្រូវបានរថយន្តដឹកដីក្រឡាប់សង្កត់ដាច់ក្បាលស្លាប់ ខណៈអ្នកបើកបរមិនទាន់ចាប់ខ្លួនបាននៅឡើយទេរហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវជើងភ្នំជញ្ជាំងស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្តបែន បានដឹកដីចេញពីភ្នំជញ្ជាំង ហើយបើកចេញតាមផ្លូវមកខាងកើតចុះចម្រាក់ដាច់ហ្វ្រាំង ហើយព្រូជិះខាងឆ្វេងបានលោតចេញពីរថយន្តក្រឡាប់សង្កត់ដាច់ករស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយគ្រោះចរាចរណ៍ភ្លាមៗ កម្លាំងជំនាញបានចុះទៅពិនិត្យ និងយករថយន្តទាញយកសាកសពជនរងគ្រោះចេញពីក្រោមរថយន្តដែលក្រឡាប់ប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងរថយន្តបង្កត្រូវបានយកមករក្សាទុកនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយឡែកអ្នកបើកបរត្រូវបានរត់គេចខ្លួនកំពុងសំគោលការណ៍ព្រៈរាជអាជ្ញាធរអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវរកចាប់ខ្លួនអនុវត្តតាមនីតិវិធីច្បាប់។
សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានអាយុជាង២០ឆ្នាំរស់នៅភូមិកើតហេតុទើបបានចូលធ្វើការជាព្រូឡានដឹកដីរយៈពេលជិត១សប្តាហ៍ទេ តែជួបឧបទ្ទវហេតុគ្រោះថ្នាក់ឡានដឹកដីក្រឡាប់សង្កត់ដាច់កស្លាប់ភ្លាមៗ ហើយអ្នកបង្កដែលបង្កបានរត់គេចខ្លួនមិនទទួលខុសត្រូវទៀត ខណៈគ្រួសារសុំអោយមន្ត្រីអនុវត្តន៍ច្បាប់ជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង៕



ចែករំលែកព័តមាននេះ