ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយខកខាន​ ២ឆ្នាំជាប់គ្នា ដោយសារកូវីដ នៅថ្ងៃ២៨មិថុនា គណបក្ស​ប្រជាជនកម្ពុជា នឹងប្រារព្ធ​អង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញជាអធិបតី​ក្នុងអង្គមិទ្ទិញ​អបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

ពិធីនេះ នឹងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹក នៅវិមាន ៧មករា តាមមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូបទៀត។

ជារៀងរាល់ឆ្នាំ គណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរថ្ងៃកំណើត​របស់យ៉ាងមហោឡារឹក​អធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណបក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ​គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។

គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើន​រាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាល​សង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុង​បន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

.ប្រវត្តិគណបក្ស​ប្រជាជនកម្ពុជា​

ឯកសារ បង្ហាញថា គណបក្ស​ប្រជាជនកម្ពុជា មានឈ្មោះថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ​ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជា ដើម្បីរំដោះ​ជាតិកម្ពុជា ពីការគ្រប់គ្រងរបស់ពួកអាណានិគមបារាំង​។ ​

នៅឆ្នាំ១៩៥៥​ គណបក្សសម្ព័ន្ធមួយ ដែលមានឈ្មោះថា គណបក្សប្រជាជន ត្រូវបានបង្កើតឡើង ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នាឆ្នាំដដែលនោះ។ ឈ្មោះរបស់គណបក្សនេះ ត្រូវបានប្តូរ​មកគណបក្ស​កម្មករជាតិ​កម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦០ ហើយបានប្តូរម្តងទៀត​ មកជាបក្សកុម្មុយនិស្តកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ១៩៦៦ ដោយមានទីស្នាក់ការនៅខេត្តរតនគិរី។ ដោយក្រុមរបស់ប៉ុលពត បានឡើងទៅកាន់តំណែង ជាឋានៈមេដឹកនាំបក្ស ក្នុងឆ្នាំ១៩៦៣, គណបក្សនេះ ក៏បានបែងចែកទៅជាពីរផ្នែក គឺផ្នែកក្រុមឆ្វេងនិយមពិត និងផ្នែកក្រុមឧក្រិដ្ឋជន​ប្រល័យ​ពូជសាសន៍ ដែលបានសម្លាប់ជាតិសាសន៍ខ្លួនឯង ដឹកនាំដោយ ប៉ុល ពត​ ចាប់​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩។

នៅដើមឆ្នាំ១៩៧៩ ក្រោយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដឹកនាំដោយប៉ុលពត ​គណបក្សប្រជាជនកម្ពុជា កាលណោះ មានឈ្មោះថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា (KPRP)។ ការផ្លាស់ប្តូរឈ្មោះបក្ស ត្រូវបានអនុម័តឡើង ដើម្បីបែងចែកបក្សខ្លួន ឱ្យឆ្ងាយ​ពីបក្សកុម្មុយនិស្តកម្ពុជា​របស់ប៉ុលពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់គណបក្ស​ប្រជាជនបដិវត្តន៍កម្ពុជា។   

នៅឆ្នាំ១៩៩១​ គណបក្សគណបក្សប្រជាជនបដិវត្តន៍កម្ពុជា​ បានប្តូរឈ្មោះមកគណបក្សប្រជាជន​កម្ពុជា (CPP) នៅក្នុងអំឡុងដំណើរការសន្តិភាព និងការផ្សះផ្សា ដើម្បីចុះកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ និងចូលរួម​ក្នុងការបោះឆ្នោតជាតិ រៀបចំដោយ​អ៊ុនតាក់ នៅឆ្នាំ១៩៩៣​​។ ​

ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ប្រទេសកម្ពុជា បានប្រែក្លាយពីប្រទេស ដែលហែកហួរ​ដោយសង្គ្រាម ទៅជាប្រទេសសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦។ គោលបំណងរបស់គណ​បក្សប្រជាជនកម្ពុជា​ គឺចង់ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានប្រាក់ចំណូល​ខ្ពស់ នៅឆ្នាំ២០៥០៕ ​