រាជធានីភ្នំពេញ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយសម្រេចបានប្រមាណ៣០%ហើយ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីចុងខែសីហា ២០១៦ មកនេះ ។
លោកស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ការអនុវត្ដន៍ការងារនៅក្នុងការដ្ឋានទាំងមូល គិតត្រឹមថ្ងៃទី០១ ធ្នូ ដោយសម្រេចបានប្រមាណ៣០% ហើយអ្នកជំនាញកំពុងតែចាក់ដំឡើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ពសសរបេតុងស្ពាន ។
លោកបន្ដថា ដំណើរការនៃការស្ថាបនាស្ពានអាកាសស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦,៥ម៉ែត្រនេះ កំពុងតែមមារញឹកទៅតាមផ្នែកនីមួយៗ ដើម្បីជំរុញឱ្យបានចប់រួចរាល់នៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។
ស្ពានអាកាសស្តុបដីហុយ ស្ថិតនៅប្រសប់រវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៤កន្លែង គឺស្ពានអាកាសក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករា ស្ថិតនៅ
ស្ដុបតិចណូ ។
ចែករំលែកព័តមាននេះ