រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិតាមរយៈជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ។
ថ្លែងក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានាដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នាអំឡុងជាង៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ។
សម្តេចបវរធិបតី មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល ១៦ឆ្នាំ (២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ»។
សម្តេចបវរធិបតី បន្ដថា ពី «វាលពិឃាដ» មកជាទឹកដីនៃសន្តិភាពការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និង មានសារ:សំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ, ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងមូល។
សម្តេចបវរធិបតី បន្ថែមថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា, ប៉ុន្តែក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ, ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ, ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា៕
ចែករំលែកព័តមាននេះ