រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្ឃឹមជឿជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍន៍ ។

ថ្លែងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព នារសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជាជាតិកម្ពុជា បានប្រែក្លាយនាពេលនេះ ទៅជាលម្ហនៃភាពប្រសព្វមុខមួយនៃការសន្ទនា, ការយោគយល់, អត់ឱន, ផ្សះផ្សា និងសន្តិភាព។ ព្រឹត្តិការណ៍ថ្ងៃនេះ បានរំឭកមនុស្សគ្រប់ៗរូបថា ថ្វីដ្បិតតែក្នុងខណៈណាមួយដែលខ្មៅងងឹតបំផុតក្នុងជីវិត ឬប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន, ផ្សះផ្សាការបែកបាក់, ការឈឺចាប់ហើយប្រឹងប្រែងកសាងសាជាថ្មី។
សម្តេចបវរធិបតី បន្ដថា ក្នុងន័យនេះ កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូ សម្រាប់មនុស្សជាតិ និងពិភពលោក ដោយក្នុងនោះ សន្តិភាព គឺជាមូលដ្ឋាន និងជាកត្តាចំបង។ ជាមួយគ្នានោះដែរសម្ដេចបានលើកឡើង ថា កម្ពុជាសង្ឃឹមជឿជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិ ទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បន្ដថា បានសម្តែងនូវអំណរគុណចំពោះអង្គការយូណេស្កូ, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក, ស្ថាប័ន ICOMOS ICCROM, អ្នកជំនាញជាតិ-អន្តរជាតិ, អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍, អ្នកសិក្សាស្រាវជ្រាវនានា ដែលបានលះបង់ពេលវេលា, កម្លាំងកាយចិត្ត, ស្មារតីដោយឥតសំចៃ ដើម្បីរក្សាការពារទីតាំងទាំងបីនេះ ក៏ដូចជាទីតាំងឧក្រិដ្ឋកម្មដទៃៗទៀត ដែលជាសាក្សីនៃសេចក្តីពិតរបស់ប្រវត្តិសាស្ត្រមួយដែលបន្តរំឭក ជាអមតៈក្នុងសតិសម្បជញ្ញៈរបស់មនុស្សជាតិទាំងមូល ក្នុងការរក្សាជាដាច់ខាតនូវភាពថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ។
សម្តេចបវរធិបតី បន្ថែមថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនៃ «បូជនីយដ្ឋានចងចាំកម្ពុជា» នាពេលនេះ គឺជាជ័យជម្នះនៃការចងចាំនៅលើការបំភ្លេច, ជាជ័យជម្នះ នៃសន្តិភាពទៅលើភាពឃោរឃៅ និងជាជ័យជម្នះនៃការផ្សះផ្សា ទៅលើការបំផ្លិចបំផ្លាញនៃសង្គ្រាម និងឧក្រិដ្ឋកម្មនានា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា យកចិត្តទុកដាក់ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា៕
ចែករំលែកព័តមាននេះ