ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​ជួសជុល​ប្រាសាទបាយ័ន​យកចិត្តទុកដាក់ការពារ​សុវត្ថិភាព​ទាំង​កម្មករ ទាំង​អ្នកទេសចរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ចាប់តាំងពី​អង្គរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩២​មក ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចាប់ផ្តើម​ចូល​មក​ចូលរួម​អភិរក្ស​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។ ដោយឡែក ក្រុមការងារ

ខេត្តសៀមរាប ៖ ចាប់តាំងពី​អង្គរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩២​មក ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចាប់ផ្តើម​ចូល​មក​ចូលរួម​អភិរក្ស​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។ ដោយឡែក ក្រុមការងារ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការ​អភិរក្ស​អង្គរ ហៅ​កាត់​ថា JSA (Japanese Government Team for Safeguarding Angkor) ក៏​បាន​ចូល​មក​ជួយ​អភិរក្ស ជួសជុល​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ដែរ ដោយ​បាន​ជ្រើសរើស​ប្រាសាទបាយ័ន​សម្រាប់​ជួសជុល អភិរក្ស​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៥​មក JSA បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​ស្ថាប័ន​រួម​គ្នា​មួយ​ហៅ​ថា JASA (JAPAN-APSARA Team for Safeguarding Angkor) ។

នៅ​ក្នុង​ការ​ជួសជុល​ប្រាង្គ​ប្រាសាទ​ដើម្បី​កែ​លម្អ​ឡើង​វិញ​នោះ ដើម្បី​ការពារ​ដល់​កម្មករ​និង​ភ្ញៀវ​ទេសចរ ការដ្ឋាន នីមួយ​ៗ​តែងតែមាន​ប្រព័ន្ធ​គ្រប់គ្រង​ការពារ​សុវត្ថិភាព​ការងារ​ដល់​កម្មករ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​តាម​ការដ្ឋាន​ជួសជុល​នោះ​ដើម្បី​បញ្ជៀ​ស​ហានិភ័យ ។

តើ​JASA មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ការងារ​យ៉ាងណា​ខ្លះ​ដល់​កម្មករ​កំពុងធ្វើការ និង​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​ក្នុង​ការដ្ឋាន​ជួសជុល​នោះ ?

លោក​សឿ សុធី ស្ថាបត្យករ និង​ជា​ប្រធាន​ការិយាល័យ JASA ប្រចាំ​ខេត្តសៀមរាប កំពុង​ជួសជុល​ប្រាសាទបាយ័ន​ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​ការងារ​ក្នុង​ការដ្ឋាន​នេះ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា តាំងពី​ឆ្នាំ​១៩៩៤​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈពេល​២០​ឆ្នាំ​ហើយ មិន​ដែល​មាន​គ្រោះថ្នាក់​អ្វីមួយ​កើតឡើង​ដល់​កម្មករ ឬ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​ក្នុង​ការដ្ឋាន​ជួសជុល​JASA​នោះ​ទេ ។ នេះ​ដោយសារ JASA បាន​គិតគូរ​ពី​សុវត្ថិភាព​កម្មករ និង​ភ្ញៀវ​ទេសចរ​ជា​ចម្បង ។

គ្រប់​កម្មករ​ដែល​កំពុងធ្វើការ​ក្នុង​ការដ្ឋាន JASA តម្រូវ​ឲ្យ​ពាក់​ឯកសណ្ឋាន មួក​ការពារ​សុវត្ថិភាព ម៉ាស់​ការពារ​ធូលី​ដី​ថ្ម​ពេល​កំពុង​ចាក់​ដី​បង្ហាប់ កាត់​ថ្ម ដាប់ថ្ម វ៉ែនតា​ការពារ​កម្ទេច​ដែក​ពេល​កាត់​ដែក កាត់​ថ្ម​ស្បែកជើង​ការពារ​ដើរ​ជំពប់​ថ្ម ឬ​ដែក និង​គ្រឿង​ការពារ​សុវត្ថិភាព​មួយ​ចំនួន​ទៀត ។ JASA​តែងតែ​ដាស់តឿន​កម្មករ​ឲ្យ​ពាក់​គ្រឿង​ការពារ​សុវត្ថិភាព​ជា​និច្ច ពួក​គាត់​មិន​ហ៊ាន​ធ្វេសប្រហែស​ទេ ព្រោះ​កម្មករ​ទាំងអស់​សុទ្ធតែ​ជា​កម្មករ​ជំនាញ​និង​មានបទពិសោធន៍​ច្រើន ។ បើ​មានកម្ម​ករ​ណា​ម្នាក់​មាន​គ្រោះថ្នាក់​នឹង​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់ និង​អាច​រាំងស្ទះ​ដល់​ការងារ​ជា​មិន​ខាន ។

ចំណែក​ការ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​វិញ លោក​សឿ សុធី បាន​លើក​ឡើង​ថា ទោះបីជា​ការដ្ឋាន​JASA​មានការ​ជួសជុល​រវល់​យ៉ាងណា​ក៏​ដោយ ក៏​JASA​មិន​អាច​ទប់ស្កាត់​បិទ​ចរាចរណ៍​របស់​ភ្ញៀវ​ទេសចរ​បាន​ដែរ ។ JASA​បាន​ធ្វើ​ផែនទី​បង្ហាញ​ពី​តំបន់​ការពារ តំបន់​ធ្វើការ​របស់​JASA​ជា​និច្ច ។ ក្រៅពី​នោះ​JASA​បើក​ច្រក​មួយ​ចំនួន​ទុក​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទស្សនា​បាន គឺ​មិន​ឲ្យ​រាំងស្ទះ​ដល់​ភ្ញៀវ​ទេសចរ​ទេ ។

ម្យ៉ាងទៀត​រាល់​របង ឬ​ខ្សែ​ដាក់​ការពារ​សុវត្ថិភាព​JASA​បាន​ដាក់​ស្លាក​សញ្ញា​ហាម​ចូល ប៉ុន្តែ​បើ​មាន​ភ្ញៀវ​ទេសចរ​ណា​ចង់​ដឹង ហើយ​សុំ​ចូល JASA អនុញ្ញាត​ឲ្យ​ចូល ហើយ JASA នឹង​ជួយ​ពន្យល់​គាត់ ។ លើស​ពី​នេះ​ទៀត​បើ​ភ្ញៀវ​ទេសចរ​ណា​ចង់​ដឹង​ព័ត៌មាន​លម្អិត ពួក​គាត់​អាច​ទៅ​មើល​បញ្ជរ​ព័ត៌មាន​នៅ​ខាងត្បូង​ប្រាសាទបាយ័ន​ដែល​មាន​បិទ​ព័ត៌មាន​ស្តី​ពី​ការ​ស្រាវជ្រាវ តំបន់​ជួសជុល តំបន់ហាមឃាត់​និង​តំបន់​ទស្សនា ៕