រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រីមានបក្សពួក៣នាក់ ប្រដាប់ដោយកូនសោម៉ាឡេតមួយក្នុងដៃ នាំគ្នាដេញវាយស្ត្រីម្នាក់ ដែលគេឃើញមានកាន់កៅអីជ័រមួយក្នុងដៃដែរ ធ្វើការវាយតដៃគ្នាទៅវិញទៅមក យ៉ាងប្រសាចតាមដងផ្លូវ ក្រោយពីពួកគេទាំងពីរក្រុម ជិះម៉ូតូប៉ះគ្នាបន្តិចបន្តួច រហូតជេរបញ្ចោគ្នាទៅវិញទៅមក និងឈប់ម៉ូតូដេញវាយគ្នា ធ្វើឱ្យមនុស្សមួយចំនួនយល់ច្រឡំថា ជាករណីវាយប្លន់ម៉ូតូទាំងកណ្តាលថ្ងៃទៅវិញនោះ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង១៥នាទីរសៀលថ្ងៃទី២៩ វិច្ឆិកា ស្ថិតនៅចំណុចខាងមុខដីឡូតិ៍មួយកន្លែង (គល់ស្ពានអាកាសក្បាលថ្នល់) លើផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមប្រភពពីនគរបាលឱ្យដឹងថា គូជម្លោះទាំងពីរក្រុមនោះ ទី១-ឈ្មោះសោ យី ហៅសឿន អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ក្នុងនោះស្រីម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ទឹកសមុទ្រលាយស ពាក់ស្លាកលេខភ្នំពេញ១FP-២៩៧៧មួយគ្រឿង (គេចខ្លួនបាត់ពីរនាក់ ប្រុសម្នាក់ និងស្រីម្នាក់) ក្រោយពេលកើតហេតុ ។ រីឯភាគីទី២-ឈ្មោះណៃ ទូច ភេទស្រី អាយុ៣៣ឆ្នាំ ជានិស្សិត និងជាគ្រូបង្រៀនភាសាខ្មែរកូនបរទេស មានទីលំនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាកហុងដា MOOVE ព៌ណក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FJ-១៨០៨ មួយគ្រឿងតែម្នាក់ឯង។
មុនពេលកើតហេតុ ស្ត្រីខាងលើជិះម៉ូតូម៉ាកហុងដា MOOVE មួយគ្រឿងតែម្នាក់ឯង ចេញពីផ្ទះនៅច្បារអំពៅ ឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិច បំណងទៅបង្រៀនភាសាខ្មែរដល់កូនជនជាតិអង់គ្លេសម្នាក់ នៅម្តុំខាងក្រោយព្រះបរមរាជ
វាំង។
លុះជិះម៉ូតូចុះពីស្ពានបានបន្តិច ក៏វាក់ស្ទើរតែបុកគ្នាជាមួយនឹងភាគីម៉ូតូម៉ាកស្គូពី ដែលមានជិះគ្នា៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ដែលនាំគ្នាជិះក្នុងទិសដៅបញ្ច្រាសទិស ហើយក៏កើតជាជម្លោះ ជិះម៉ូតូដេញជេរបញ្ចោជាមួយនិងស្ត្រីម្នាក់ក្នុងចំណោមគ្នា៣នាក់នោះ ទៅវិញទៅមក ។ មកដល់ចំណុចកើតហេតុ ស្ត្រីម្នាក់ខាងលើ ដែលមានអ្នកលក់ និងមនុស្សច្រើននោះភាគីទាំងពីរ ក៏បាននាំគ្នាឈប់ម៉ូតូ ហើយស្ត្រីរូបនោះ ដែលមានគ្នាតែម្នាក់ឯងនោះ ក៏ស្ទុះចុះពីលើម៉ូតូរត់ទៅទាញកៅអីជ័រមួយ ក្នុងបំណងវាយទៅលើ ក្រុមគូជម្លោះ ដែលមានមនុស្ស ប្រុស-ស្រីទាំង៣នាក់នោះ ដោយបានឃើញបែបនោះ បុរសម្នាក់ក្នុងចំណោមនោះ ក៏បានទាញម៉ាឡេតប្រុងវាយតបវិញ តែត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះ ជួយចាប់ទាន់ពេលវេលា។
ពាក់ព័ន្ធទៅនឹងការដេញវាយគ្នា នៅក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍នេះដែរ ត្រូវមនុស្សមួយចំនួនយល់ច្រឡំថា គឺជារឿងដេញវាយប្លន់ យកម៉ូតូពីស្ត្រីម្នាក់ទាំងកណ្តាលថ្ងៃទៅវិញ ។
ចែករំលែកព័តមាននេះ