ក្រុមហ៊ុនមួយស្នើសុំវិនិយោគ សួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ នៅឆ្នេរអូរឈើទាល
ខេត្ដព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា…
ខេត្ដព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា…
ខេត្ដព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញបើកកិច្ចប្រជុំ ស្តាប់បទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT ។
តំណាងក្រុមហ៊ុនហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក បានធ្វើបទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ គឺមានទីតាំងស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺនៅទល់មុខនឹងអគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំ មានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រ ប្រមាណ ២០ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ ។
សួនកម្សាន្តកីឡាទេសចរណ៍នៅលើសមុទ្រ គឺក្រុមហ៊ុន នឹងរៀបចំរួមមាន ៖ ប្រាសាទទឹក, បាល់ទះលើទឹក, ពោងបង្វិលលើទឹក, ពោងរត់បង្វិលលើទឹក, ទូកពោងរាងផ្លែចេក, ទូកចែវ, ពោងបណ្តែតកម្សាន្តលើទឹក, ស្ពានដើរបណ្តែតទឹក, ទោងជិះកម្សាន្ត, និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ ។
ជាមួយគ្នានេះ ដោយពិនិត្យឃើញពីសក្តានុពល និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ទើបក្រុមហ៊ុន សម្រេចស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ ជាមួយនឹងទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លាអាមេរិក ។
បន្ទាប់ពីស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនរួចមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ដោយសារទីតាំង ដែលស្នើសុំ គឺស្ថិតនៅទល់មុខ អាគារសណ្ឋាគាររបស់ក្រុមហ៊ុនផ្ទាល់ ហើយកីឡាទេសចរណ៍លើទឹកនេះ ជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកកម្សាន្ត និងស្នាក់នៅខេត្តព្រះសីហនុ កាន់តែច្រើន ។
អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវសិក្សាពីតម្លៃសេដ្ឋកិច្ចសង្គម និងចំនួនភ្ញៀវមកកំសាន្ត ក៏ដូចជាសិក្សាអំពីលក្ខណៈ បច្ចេកទេស អាកាសធាតុ ការការពារសុវត្ថិភាពភ្ញៀវ និងផលប៉ះពាល់បរិស្ថាន ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋាន ក្នុងការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ