ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ខ្ពស់​ជាងគេក្នុង​ប្រទេស​កម្ពុជា នៅ​លើ​ផ្លូវជាតិ​លេខ​១០

1 អាទិត្យ មុន

ខេត្តកោះកុង ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២…

ខេត្តកោះកុង ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​១០ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ។ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ ទីតាំង​ស្ពាន​មួយ​កន្លែង មាន​កម្ពស់​រហូត​ដល់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ជា​ស្ពាន​ខ្ពស់​ជាង​ស្ពាន​ទាំងអស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន ១៩៧,៣៣ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​-​វាល​វែង​-​អូរ​សោម ដល់​កោះកុង សាងសង់​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស កម្រិត​៣ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួ​ផ្លូវ សរុប​ចំនួន ៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ ពីរ​ស្រទាប់ (DBST) សាងសង់​ស្ពាន ចំនួន ២៣​កន្លែង ប្រវែង ១៧២១,៤៦​ម៉ែត្រ ដែល​ក្នុង​នោះ មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ ដែល​មាន​កម្ពស់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផង​ដែរ ។

គម្រោង​ផ្លូវ​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

គម្រោង​ផ្លូវ​នេះ​មានការ​ជ្រើសរើស​គន្លង​ផ្លូវ​ថ្មី ប្រវែង​សរុប ៦៥,៨៩​គីឡូម៉ែត្រ ដើម្បី​ធ្វើ​ផ្លូវ​ពង្វាង​ពី​ភ្នំក្រវាញ ព្រោះតែ​មិន​ចង់​វះកាត់​ភ្នំក្រវាញ ជា​ពីរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជម្រក​សត្វព្រៃ​ធ្ងន់ធ្ងរ ដែល​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល លើ​ការ​ថែរក្សា​បរិស្ថាន ។

ជា​លទ្ធផល គិត​រហូត​មក​ទល់​ពេល​នេះ ការ​សាងសង់​ផ្លូវ​នេះ​សម្រេច​បាន ៦៤,៣៣% ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​សាងសង់​កំពុង​បន្តការងារ​សាងសង់​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ ដើម្បី​សម្រេច​ការងារ​ឲ្យ​បាន​ចប់​ជា​ស្ថាពរ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។

សូម​ជម្រាប​ជូន​ថា ៖ គម្រោង​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​សរុប ប្រមាណ ១៨៨,៣៨​លាន​ដុល្លារ សហ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​គ្រាប់​មីន យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វា​ង​ចូ​វ វ៉ា​ន​អាន និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន ៤៨​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣ ។

ផ្លូវ​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា អាច​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់ ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ដល់​ការ លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង ។

ផ្លូវ​នេះ​លាតសន្ធឹង​កាត់​ខេត្តកោះកុង ពោធិ៍សាត់ រហូត​ដល់​ខេត្តបាត់ដំបង ផ្លូវ​នេះ​មិន​ត្រឹមតែ​ផ្តល់ អត្ថប្រយោជន៍​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​អាច​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នក​ទេសចរណ៍ ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត អាច​គយគន់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដោយសារ​ផ្លូវ​នេះ​មាន​តំបន់​ធម្មជាតិ ជា​ច្រើន​ជា​ពិសេស​ព្រៃឈើ​ក្រាស់​ៗ​យ៉ាង​ស្រស់​ស្អាត ។

គួរ​រំឭក​ផង​ដែរ​ថា ៖ នៅ​សម័យ​សង្គ្រាម​តំបន់​វាល​វែង​នេះ គឺជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅ​គគុក ប៉ុន្តែ​តាម​រយៈ ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី តំបន់​នេះ​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម ទាំងស្រុង និង​បាន​ប្រែ​ក្លាយទៅជា​ដែនដី​រដ្ឋបាល​តែ​មួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បាន​អភិវឌ្ឍ គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ក្រោម​ម្លប់​សន្តិភាព និង​សេរីភាព​ពេញលេញ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture