រាជធានីភ្នំពេញ ៖ កន្លងមកមានប្រជាពលរដ្ឋជាច្រើនបានត្អូញត្អែររឿងពិបាកក្នុងការធ្វើដំណើរ ជាពិសេសពេលធ្លាក់ភ្លៀងម្ដងៗគឺត្រូវជិះវៀងផ្លូវ គេចកន្លែងទឹកលិច ធ្វើឲ្យគោលដៅក្នុងការធ្វើដំណើរមានការកែប្រែ និងយឺតយ៉ាវជាងមុន ។

ម្យ៉ាងវិញទៀត នៅតាមបណ្ដោយផ្លូវមួយចំនួនលើផ្លូវជាតិលេខ៤នេះ ក៏មានទីតាំងខ្លះខូតខាត គ្រលុក ពិបាកធ្វើដំណើរ ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន ឯកឧត្តម ស៊ុន ចាន់ថុល ។

ក្នុងឱកាសការចុះពិនិត្យគម្រោងជួសជុលផ្លូវជាតិលេខ៤ និងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពីនិត្យផ្លូវជាតិលេខ៤ ដែលកំពុងពង្រីក និងជុសជុលឡើងវិញនៅតំបន់មួយចំនួនដែលខូចខាត និងលិចទឹកឲ្យមានភាពប្រសើរឡើងវិញ ព្រមទាំងអ៊ុតអេស៊ីបន្ថែមដើម្បីបង្កើនកម្រាស់គុណភាពផ្លូវ ដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ ។

បើតាមគម្រោងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ គ្រោង និងជុសជុល ពង្រីកសងខាងផ្លូវពី១០ ទៅ១១ម៉បន្ថែមទៀត និងលើកផ្លូវលិចទឹក ដែលជាកង្វល់ធំមួយរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ធ្លាប់រអ៊ូរទាំកន្លងមក ។ នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី។

ក្នុងគម្រោងការជុសជុលផ្លូវជាតិលេខ៤នេះ ក៏មានការពង្រីក និងសាងសង់ស្ពានចំនួន៨បន្ថែមផងដែរ «នីតិវិធីថ្ងៃសុក្រនេះ មានប្រជុំជាមួយនិង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវិត្ថុដើម្បីពិនិត្យលើលទ្ធភាពជ្រើសរើសក្រុមហ៊ុនដេញថ្លៃឲ្យមកពង្រីកស្ពាន និងសាងសង់ស្ពានចំនួន៨នៅផ្លូវជាតិលេខ៤របស់យើង» ប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ចាំទេផ្លូវជាតិលេខបួនជារៀងរាល់ឆ្នាំ តែខែភ្លៀងម្ដងៗ មានមួយចំនួនលិចទឹក ចឹងកន្លែងហ្នឹងក៏យើងលើកដែរ លើកកម្រិតផ្លូវជាតិលេខ៤នេះកុំឲ្យលិចទឹកតទៅទៀត»។ បន្ថែមពីនេះទៀតឯកឧត្តមក៏បានក្រើនរំឮកទៅកាន់អ្នកជុសជុលផ្លូវឲ្យពន្លឿនក្នុងការជុសជុល និងស្ថាបនាផ្លូវជាតិលេខ៤នេះ៕





ចែករំលែកព័តមាននេះ