ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីដក់ បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​គឺជា​ចំណុច​វិជ្ជមាន​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គលេខាធិការ​ស្តីទី សហព័ន្ធ​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​

រាជធានី​ភ្នំពេញ ៖ កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គលេខាធិការ​ស្តីទី សហព័ន្ធ​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា បាន​បញ្ជាក់​ថា នាយកដ្ឋាន​រៀបចំ​ការ​ប្រកួត និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា បាន​ដាក់​បញ្ចូល​ប្រភេទ​កីឡា​សីដក់​ក្នុង​ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២២​នេះ គឺជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​សហព័ន្ធ​។

កញ្ញា​អគ្គលេខាធិការ​ស្តីទី​រូប​នេះ​បាន​ប្រាប់ អ្នក​សារព័ត៌មាន តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នា​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ដាក់​បញ្ចូល​កីឡា​សីដក់ ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​បែប​នេះ គឺជា​ការ​ផ្សព្វផ្សាយ និង​បំផុស​ប្រភេទ​កីឡា​មួយ​នេះ ឲ្យ​កាន់តែ​មានការ​គាំទ្រ​ដល់​ស្រទាប់​យុវជន យុវនារី និង​និស្សិត បាន​លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព និង​លើក​ស្ទួយ​កីឡា​សីដក់​ឲ្យ​កាន់តែ​ទូលំទូលាយ​។

កញ្ញា សួង ចាន់​តូ​រ៉ា​ទី បន្ត​ថា ចំណុច​សំខាន់​មួយទៀត​ដែល​សហព័ន្ធ​ទទួល​បាន គឺ​អាច​ស្វែងរក​កីឡាករ កីឡាការិនី ដែល​មាន​ឧបនិស្ស័យ សមត្ថភាព​យក​មក​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ ត្រៀម​ការ​ប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ​នានា​។ ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា ក៏​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ជា​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​នានា ទូ​ទាំង​ប្រទេស បាន​ប្រកួត​ដកស្រង់​បទ​ពិសោធន៍ និង​បង្កើន​បច្ចេកទេស ជា​ពិសេស​ក៏​ជា​ឱកាស​ឲ្យ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម របស់​សហព័ន្ធ​បាន​ដុសខាត់​សមត្ថភាព ឲ្យ​កាន់តែ​ច្រើន និង​ញឹកញាប់ ដើម្បី​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ ទាំង​ការ​រៀបចំ និង​ការ​ដណ្តើម​មេដាយ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​រម្លឹក​ថា ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១២ ឲ្យ​យក​ការ​ប្រកួត​នេះ ដើម្បី​អភិវឌ្ឍ​សមត្ថភាព ឲ្យ​កាន់តែ​មុត​ស្រួច ដើម្បី​ត្រៀម​ឆ្ពោះ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម២០២៣ ពីព្រោះ​ថា នេះ​ជា​ការ​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង ។ ជាមួយ​គ្នា​នោះ ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ស្នើ​ឲ្យ​កីឡាករ កីឡាការិនី​ជា​និស្សិត​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​តាម​ការ​ណែនាំ និង​បទបញ្ជា​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡានិស្សិត​ឧត្តម​សិក្សា​ថ្នាក់​ជាតិ​នេះ ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ប្រតិភូ កីឡាករ កីឡាការិនី​សរុប ១៤៤៣​នាក់​មក​ពី​គ្រឹះស្ថាន​ឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​សរុប​ចំនួន​៣៨ ក្នុង​នោះ​គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន​២០ និង​ឯកជន​ចំនួន​១៨​។ ការ​ប្រកួត​នេះ​មាន​១២ ប្រភេទ​កីឡា​ស្មើនឹង ៨៨​វិញ្ញាសា​។

ដោយឡែក​ប្រភេទ​កីឡា​សីដក់ មាន​៥​សាកលវិទ្យាល័យ​ចូលរួម​ប្រកួត គឺ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​, សាកលវិទ្យាល័យ​វេ​ស្ទើ​ន​, សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ខេត្តកណ្តាល​, មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្តាល និង​ពុទ្ធិក​សាកលវិទ្យាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ខេត្តកំពង់ចាម ។ កីឡា​សីដក់​មាន​៣​វិញ្ញាសា​គឺ ផ្នែក​បុរស មាន​វិញ្ញាសា​៣​ទល់​៣ និង​២​ទល់​២ ខណៈ​ផ្នែក​នារី វិញ្ញាសា​២​ទល់​២ ព្រមទាំង​មាន​គណៈកម្មការ​១៦​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ