ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ សប្បាយរីករាយ ក្នុងការប្រមូលផល​ស្រូវស្រងែស្រាល ខណ:តម្លៃទីផ្សារឡើងខ្ពស់​ជាងមុនបន្តិច

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញប្រជាកសិករ​មួយចំនួន ចាប់ផ្តើមប្រមូលផលស្រូវស្រងែស្រាលជាបណ្តើរៗ ដឹកតាមគោយន្តកន្រ្តៃលក់ឱ្យឈ្មួញ ដើម្បីយកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:ដែលតម្លៃទីផ្សារ ​ឡើងខ្ពស់ជាងឆ្នាំមុនបន្តិច។…

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញប្រជាកសិករ​មួយចំនួន ចាប់ផ្តើមប្រមូលផលស្រូវស្រងែស្រាលជាបណ្តើរៗ ដឹកតាមគោយន្តកន្រ្តៃលក់ឱ្យឈ្មួញ ដើម្បីយកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:ដែលតម្លៃទីផ្សារ ​ឡើងខ្ពស់ជាងឆ្នាំមុនបន្តិច។

កសិករម្នាក់ ឈ្មោះ គ្រុយ រឹម ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា ​គាត់បានធ្វើស្រែ​ ដោយព្រោះស្រូវប្រភេទ​ស្រងែស្រាល ចំនួន ៥ហិកតា។ បន្ទាប់ពីប្រមូលផលនារដូវនេះ ទទួលផលបាន ១ហិកតាជាង ៣តោន ត្រឹមតែរយ:ពេលជាង ២ខែប៉ុណ្ណោះ។

ប្រភពបន្តទៀតថា ពេលឃើញដំណាំស្រូវទទួលបានផលប្រសើរជាងមុន ហើយតម្លៃទីផ្សារ ក៏​កើនឡើងខ្ពស់ ធ្វើឱ្យគាត់មានការសប្បាយរីករាយ​យ៉ាងខ្លាំង។ បន្ទាប់ពីជួលម៉ាស៊ីនច្រូតស្រូវ បញ្ចេញជាគ្រាប់ច្រកដាក់ក្នុងបាវដេររួច គឺជួលគេឱ្យដឹកយកទៅថ្លឹងលក់ឱ្យឈ្មួញនៅលើផ្លូវជាតិ ក្នុង ១តោន តម្លៃ ៩០០០បាត (ប្រាក់ថៃ) ស្មើនឹង​ជាង ១លានរៀល។ តែបើទូទាត់ទៅ មិនចំណេញច្រើនប៉ុន្មានដែរ ព្រោះគាត់ទិញពូជស្រូវថ្លៃ គួបផ្សំចំណាយទិញជី ថ្នាំបាញ់កំចាត់សត្វល្អិត ថ្លៃម៉ាស៊ីនច្រូត ១ហិកតា ចំណាយអស់ជាង ៣០ម៉ឺនរៀល លុះក្រោយប្រមូលផលលក់រួច មិនសល់ថវិកាប៉ុន្មាននោះទេ ខណ:ដែលតម្លៃប្រេងសាំង និងម៉ាស៊ូត ឡើងថ្លៃខ្ពស់​។ ម្យ៉ាងវិញទៀត ពួកគាត់ មិនសូវហ៊ានទិញជីដាក់ស្រូវច្រើននោះទេ ក្នុង ១ហិកតា ត្រឹមតែ១ការ៉ូង ទម្ងន់ ៥០គីឡូក្រាមប៉ុណ្ណោះ។

ចំពោះបញ្ហាប្រឈម គឺពួកគាត់ភាគច្រើន ត្រូវចំណាយថវិកាទិញថ្នាំពុល ដើម្បីកំចាត់សត្វខ្យងថៃ ដែលជាពពួកសត្វចង្រៃ ស៊ីបំផ្លាញដើមស្រូវ គួរឱ្យព្រួយបារម្ភ។ លើសពីនេះ ពួកគាត់ ក៏​ប្រ​ឈមនឹងក្រាស៊ីស្លឹកស្រូវ ធ្វើឱ្យខ្លោច មិនអាចលូតលាស់បានល្អ ការខ្វះខាតទឹក បើសិនជាមេឃមិនភ្លៀង។

ស្រ្តីកសិករខាងលើ ក៏សំណូមពរឱ្យឈ្មួញលក់ថ្នាំកសិកម្ម ចុះតម្លៃបន្តិច ឬក៏សូមឱ្យខាងមន្ទីរពាណិ​ជ្ជកម្មខេត្ត ជួយរកទីផ្សារឱ្យតម្លៃកសិផលស្រូវ បានឡើងខ្ពស់ កុំឱ្យមានការធ្លាក់ថ្លៃ ដែលនាំឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាពនោះឡើយ។

ស្ត្រីកសិករ ក៏បាន​បញ្ជាក់ទៀតថា ការធ្វើស្រូវស្រងែស្រាលនេះ បើមានទឹកគ្រប់គ្រាន់ អាចធ្វើបាន ៣ដង ក្នុង ១ឆ្នាំ។ តែបើអត់សូវមានទឹកភ្លៀងទេ គឺអាចធ្វើបានត្រឹមតែ ២ដងប៉ុណ្ណោះ ព្រោះទឹកក្នុងប្រព័ន្ធធារាសាស្ត្រខ្សោយ មិនអាចហូរដល់ស្រែរបស់ពួកគាត់គ្រប់គ្រាន់​នោះឡើយ៕ ​នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ