ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ផែនទី​ព្រំដែន​ខ្នាត​1/100​ពាន់​នៅ​តែ​ជា​ផែនទី​ផ្លូវការ​សម្រាប់​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ចង់​ឲ្យ​បង្ហាញ​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចង់​ដឹង​ពី​ការ​សម្រេច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ផែនទី​ខ្នាត ១/៥០.០០០ ថា​ដើម្បី​ងាយស្រួល​វាស់វែង និង​បោះបង្គោល​ព្រំដែន​នោះ សម្តេច​តេ​ជោ​បាន​អះអាង​ជា​ថ្មី​ថា ផែនទី​ខ្នាត​១/១០០.០០០​នៅ​តែ​ផែនទី​ផ្លូវការ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​នេះ​មិនមែន​បង្កើត​ផែនទី​ថ្មី​ទ គឺ​ចម្លង​ផែនទី​ពី​ផែនទី​ខ្នាត​១/១០០.០០០​ មក​ខ្នាត​១/៥០.០០០ ដើម្បី​ងាយស្រួល​វាស់វែង​និង​បោះបង្គោល ។ ផែនទីខ្នាត​១/១០០.០០០​នៅ​តែ​ជា​ផែនទី​ផ្លូវការ ។ ក្នុង​ករណី​មានការ​យល់​ខុស​គ្នា ត្រូវ​យក​ផែនទី​ខ្នាត​១/១០០.០០០ មក​ធ្វើ​ជា​មូល​ដា្ឋ​ន​ក្នុង​ការ​ដោះស្រាយ​ដដែល ។ និយាយ​រួម ការ​ផ្ទេរ​ផែនទី​ឬ​ចម្លង​ផែនទី​ត្រូវ​តែ​ធានា​ភាព​ត្រឹមត្រូវ​តាម​ផែនទី​ដើម និង​ដើម្បី​យក​មក​ធ្វើការ​វាស់វែង​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ត្រឹមត្រូវ ។ យើង​សុំ​ជំនាញការ​បារាំង អាស្រ័យ​ដោយ​បារាំង​ជា​អ្នក​ផលិត​ផែនទី​នេះ​ពេល​បារាំង​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​» ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សួរ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Seangmeng Chhe សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ថា មូលហេតុ​ដែល​រាជរដ្ឋាភិបាល​ត្រូវការ​ប​ម្លែ​ង​ខ្នាត​ផែនទី​ឱ្យ​បាន​កាន់តែ​ធំ​នេះ គឺ​ដើម្បី​កុំឱ្យ​ពិបាក​ក្នុង​ការ​កំណត់​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​ថា ខ្នាត​ផែនទី​១/១០០.០០០ គឺ​លំបាក​រក​ចំណុច​ដើម្បី​បោះបង្គោល​ព្រំដែន ព្រោះ​វា​តូច​ពេក ។ ដូចនេះ ត្រូវ​ផ្ទេរ​មក​ផែនទី យូ​.​ធី​.​អឹ​ម  (UTM)​ខ្នាត​១/៥០.០០០​វិញ ទើប​ងាយស្រួល​វាស់វែង និង​រក​ចំណុច​ដើម្បី​បោះបង្គោល​ព្រំដែន ។ សម្តេច​បញ្ជាក់​ថា ដើម្បី​ធានា​ភាព​ត្រឹមត្រូវ ទើប​ភាគី​កម្ពុជា​និង​វៀតណាម ឯកភាព​សរសេរ​លិខិត​រួម​គ្នា​សុំ​ជំនាញការ​របស់​បារាំង មក​ជួយ​ផ្ទេរ​ខ្នាត​ផែនទី​នេះ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បារាំង​បាន​យល់ព្រម​តាម​សំណើសុំ​របស់​សម្តេច​ហើយ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ប៉ុណ្ណោះ ។ លើស​ពី​នេះ​ទៀត សម្តេច​តេ​ជោ បាន​ពន្យល់​យ៉ាង​ពិស្តារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ពី​របៀប​នៃ​ការ​បង្រួញ​ខ្នាត​ផែនទី​ដែល​គេ​អាច​ផ្ទេរ​ខ្នាត​ផែនទី​នេះ​រហូត​ដល់​១/១០.០០០​ក៏​មាន​ដែរ ។ ការ​ពង្រីក​ផែនទី​ឱ្យ​កាន់តែ​ធំ​នេះ គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​កំណត់​ទីតាំង​បោះបង្គោល​ព្រំដែន ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា បាន​ថ្លែង​គាំទ្រ​គំនិត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លើក​ឡើង ថា​ជា​គឺ​បំណងប្រាថ្នា​ដែល​លោក​តែងតែ​គិត​ចង់បាន​ដែរ ។

សូម​រឭក​ថា កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​កន្លង​ទៅ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ការ​ប្រើប្រាស់​ផែនទី​បោ​នខ្នាត​១/១០០.០០០ គឺ​លំបាក​រក​ចំណុច​ដើម្បី​បោះបង្គោល​ព្រំដែន ព្រោះ​វា​តូច​ពេក ។ ដូច្នេះ​ត្រូវ​ផ្ទេរ​មក​ផែនទី UTM ខ្នាត​១/៥០.០០០​វិញ​ទើប​ងាយស្រួល ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​យើង​ប្រើ​ផែនទី​បោ​ន​ខ្នាត​១/១០០.០០០​នេះ​ជាទី​ដើម ដែល​រដ្ឋធម្មនុញ្ញ​ទទួលស្គាល់​។ ខ្នាត​១/១០០.០០០​គឺ​លំបាក​រក​ចំណុច​ដើម្បី​បោះបង្គោល​ព្រំដែន​ព្រោះ​វា​តូច​ពេក ។ ដូចនេះ​ត្រូវ​ផ្ទេរ​មក​ផែនទី UTM ខ្នាត​១/៥០.០០០​វិញ​ទើប​ងាយស្រួល​វាស់វែង និង​រក​ចំណុច​ដើម្បី បោះបង្គោល​ព្រំដែន​» ។

គួរ​រំឭក​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀ​ន សួន​ហ្វ៊ុក កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា កន្លង​ទៅ ក្នុងអំឡុងពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ កម្ពុជា​-​ឡាវ​-​វៀតណាម​(CLV) លើក​ទី​៩ ស្តី​ពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ នៅ​ខេត្តសៀមរាប បាន​ឯកភាព​រួម​គ្នា​ធ្វើ​លិខិត​ទៅ​រដ្ឋាភិបាល បារាំង ស្នើ​សុំ​អ្នកឯកទេស​មក​ជួយ​ធ្វើ​ផែនទី​ពី​ផែនទី​ខ្នាត​១/១០០.០០០ ទៅ​ផែនទី​ខ្នាត​១/៥០.០០០​វិញ ៕