ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​គ្រោង​រៀបចំ​វេ​ប​សាយ​ក្រសួងកសិកម្ម​ដើម្បី​ឱ្យ​ព័ត៌មាន​ទីផ្សារ​ខិត​ជិត​អ្នក​ផលិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ចិន​មួយ​គ្រោង​ជួយ​រៀបចំ​វេ​ប​សាយ​ក្រសួងកសិកម្ម​តាម​បែប​E-Government នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ព័ត៌មាន​ទីផ្សារ​ផលិតផល និង​ការ​ដាំ​ដុះ​របស់​កសិករ​កាន់តែ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ចិន​មួយ​គ្រោង​ជួយ​រៀបចំ​វេ​ប​សាយ​ក្រសួងកសិកម្ម​តាម​បែប​E-Government នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ព័ត៌មាន​ទីផ្សារ​ផលិតផល និង​ការ​ដាំ​ដុះ​របស់​កសិករ​កាន់តែ​ខិត​ទៅ​ជិត​គ្នា ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា កន្លង​មក​ថា ក្រុមហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន គ្រោង​ជួយ​រៀបចំ​វេ​ប​សាយ​តាម​បែប E-Government ដល់​ក្រសួងកសិកម្ម ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​តម្រូវការ​ផលិតផល​កសិកម្ម​លើ​ទីផ្សារ​ជាមួយ​សហគមន៍​អ្នក​ផលិត​ថា ពួក​គេ​ត្រូវ​ផលិត​អ្វី​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ ហើយ​សហគមន៍​ដឹង​ថា​ខ្លួន​ត្រូវ​ផលិត​អ្វី ហើយ​ទីផ្សារ​ត្រូវការ​ផលិតផល​អ្វី ។

លោក​បន្ត​ថា ក្រុមហ៊ុន​នេះ​ក៏​គ្រោង​ជួយ​រៀបចំ E-certification ទាក់ទង​នឹង​ភូតគាម​អនាម័យ ដើម្បី​ផ្តល់​ព័ត៌មាន​តាម​វេ​ប​សាយ​ទាក់ទង​នឹង​ផលិតផល​របស់​យើង ។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​នាំ​ចេញ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ផង​ដែរ ។ ក្រុមហ៊ុន​រៀបចំ​វេ​ប​សាយ​នេះ នឹង​មក​កម្ពុជា​ដើម្បី​រៀបចំ​សិក្ខាសាលា ប្រមូល​ព័ត៌មាន​ជាក់លាក់​នៅ​ខែធ្នូ ខាង​មុខ​នេះ ។ ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​លំដាប់​ពិភពលោក DHL ក៏​បាន​សហការ​ជាមួយនឹង​វេ​ប​សាយ​នេះ​នៅ​ប្រទេស​ចិន ហើយ​ពួក​គេ​អនុវត្ត​ការងារ​បាន​យ៉ាង​ជោគជ័យ ។ ទោះជា​យ៉ាងណា លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​ក្រុមហ៊ុន​ចិន​នោះ​នៅឡើយ​ទេ ។

លោក វេ​ង សា​ខុន មាន​ប្រសាសន៍​ថា​៖ « ប្រសិនជា​យើង​ធ្វើ​តាម​របៀប​ចាស់ វា​មិន​អាច​ទៅ​រួច​ទេ ប្រជា​កសិករ​យើង​នឹង​ស្លាប់ ហើយ​នេះ​ជា​បញ្ហា​ប្រឈម​របស់ខ្ញុំ​ដែល​ត្រូវ​ដោះស្រាយ​។ បញ្ហា​ប្រឈម​របស់ខ្ញុំ​បច្ចុប្បន្ន គឺ​កែទម្រង់​ការ​គ្រប់គ្រង និង​ផ្លាស់​ប្តូរ​ផ្នត់គំនិត​មន្ត្រី ដើម្បី​ឲ្យ​ស៊ីគ្នា​នឹង​នយោបាយ​កំណែទម្រង់​របស់​ក្រសួង ។ វិស័យ​កសិកម្ម ប្រសិនជា​មិន​មាន​វិស័យ​ឯកជន​ថ្ពក់​ទាញ នឹង​មិន​អាច​ទៅ​មុខ​រួច​នោះ​ទេ » ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ មន្ត្រី​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​ថ្លែង​ថា វា​ជា​គំរូ​ម៉ូ​ដែល​ល្អ​សម្រាប់​ការ​រៀបចំ​បែប​នេះ ប៉ុន្តែ​ការ​អនុវត្ត​នូវ​យន្តការ​នេះ មិន​ទាន់​អនុវត្ត​បាន​នៅ​កម្ពុជា​នៅឡើយ​ទេ ព្រោះ​ប្រព័ន្ធ​ព័ត៌មាន​មិន​ធ្លាក់​ដល់​ដៃ​កសិករ​នោះ​ទេ គឺ​ព័ត៌មាន​អាច​ចែកចាយ​បាន​ត្រឹមតែ​មន្ទីរ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ដូច្នេះ ព័ត៌មាន​ទាំងនេះ​នឹង​នៅ​ទើរ​ត្រឹម​មន្ទីរ​ទាំងនោះ ។ លោក​បន្ត​ថា ៖ « តាម​ការ​ស្រាវជ្រាវ​របស់​លោក មន្ទីរ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ខេត្ត គឺ​មិន​ដំណើរការ​ល្អ​នោះ​ទេ » ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បន្ថែម​ថា រាជរដ្ឋាភិបាល​គួរតែ​មាន​កញ្ចប់​ថវិកា​ណាមួយ​ដើម្បី​ជួយ​ឧបត្ថម្ភ​ធន​ដល់​កសិករ ដូច​ជា ប្រេង និង​ជី​ជាដើម ដើម្បី​ឲ្យ​ថ្លៃដើម​នៃ​ការ​ផលិត​មាន​តម្លៃ​ទាប និង​រៀបចំ​កាលវិភាគ​នៃ​ការ​ប្រមូល​ផល​ឲ្យ​បាន​ល្អ ដើម្បី​កុំ​ឲ្យ​ការ​ប្រមូល​ផល​កើតឡើង​ក្នុង​ពេល​តែ​មួយ ដែល​អាច​ឲ្យ​ឈ្មួញ​ក្រឡុក​តម្លៃ​កសិផល​កសិករ​បាន​នៅ​ពេល​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ៕