អាហ្វហ្គានីស្ថាន ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវា.យប្រហារប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២៨០នាក់ស្លា.ប់ និងជាង ៦០០នាក់ទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bakhtar នៅថ្ងៃពុធ ទី ២២ ខែមិថុនានេះ។
សារព័ត៌មាននេះចុះផ្សាយថា ចំនួនអ្នកស្លា.ប់អាចនឹងកើនឡើង។
គ្រោះរញ្ជួយដីកម្រិត ៦,១ រិចទ័របានវា.យប្រហារក្នុងជម្រៅប្រហែល ៥១គីឡូមែត្រ ស្ថិតនៅចំងាយ ៤៤គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Khost។ វាកើតឡើងនៅព្រឹកថ្ងៃពុធ ខណៈមនុស្សម្នាកំពុងលង់លក់ក្នុងដំណេក។ នេះបើយោងតាមស្ថាប័នវាស់ស្ទង់ភូមិសាស្ត្រអាមេរិក។
អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិយាយក្នុង Twitter ដូច្នេះថា «ជាអកុសល កាលពីយប់មិញ មានការរញ្ជួយដីដ៏ខ្លាំងនៅក្នុងស្រុកចំនួន ៤នៃខេត្ត Paktika ដែលបានសម្លា.ប់ និងធ្វើឲ្យរបួសប្រជាជនយើងរាប់រយនាក់ និងបំផ្លាញផ្ទះជាច្រើនខ្នង»។
លោក Bilal Karimi និយាយទៀតថា «យើងសូមជំរុញឲ្យភ្នាក់ងារជំនួយទាំងអស់បញ្ជូនក្រុមទៅកាន់តំបន់រងគ្រោះជាបន្ទាន់ ដើម្បីការពារគ្រោះមហន្តរាយបន្ថែមទៀត»។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីអាចបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាពិសេសនៅក្នុងតំបន់ជនបទដែលលំនៅដ្ឋានជាច្រើនមិនមានលំនឹង ឬសាងសង់មិនបានល្អ។
អាហ្វហ្គានីស្ថានក៏ងាយរងការរញ្ជួយផងដែរ ដោយសារវាស្ថិតនៅតំបន់ដែលមានការរញ្ជួយសកម្ម និងនៅលើស្រទាប់ផែនដីជាច្រើនដូចជា ស្រទាប់ Chaman និង Hari Rud ជាដើម។
ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ មនុស្សជាង ៧.០០០នាក់ត្រូវបានសម្លា.ប់ដោយសារការរញ្ជួយដីក្នុងប្រទេសនេះ។ មនុស្សជាមធ្យម ៥៦០នាក់ស្លា.ប់ដោយសារគ្រោះរញ្ជួយដីក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ៕ (យោងតាមប្រភព៖ BBC)









ចែករំលែកព័តមាននេះ