យើងបានជួបប្រទះនឹងមនុស្សចាំជាតិច្រើនណាស់ ពាក្យថា «ចាំជាតិ» គឺមនុស្សដែលចាប់កំណើតមកហើយមានអាយុប្រហែលជា៤ទៅ៥ឆ្នាំ ឬ៧ទៅ៨ឆ្នាំ ក្មេងនោះនៅចាំជាតិរបស់ខ្លួន ព្រោះក្មេងនោះចេះនិយាយរៀបរាប់អំពីរឿងហេតុផ្សេងៗ និងប្រវត្តិរបស់មនុស្សម្នាក់ដែលបានស្លាប់នៅមុនពេលក្មេងនេះបានចាប់កំណើត ។ វាបាននិយាយប្រាប់គេថា កាលពីជាតិមុនវាជាតាចាស់ម្នាក់ ឬជាស្រីម្នាក់ឈ្មោះនេះ ឈ្មោះនោះ ហើយរស់នៅកន្លែងណា រកស៊ីរបរអ្វី ស្លាប់ដោយសារអ្វី ។ល។
កាលបើឃើញក្មេងនេះនិយាយរឿងជាក់ស្ដែងយ៉ាងនេះ អ្នកផងទាំងឡាយក៏មានការឆ្ងល់សម្បើម ហើយក៏ជឿទាំងស្រុងថា មនុស្សដែលបានស្លាប់បាត់បង់ជីវិតទៅហើយនោះបានមកចាប់កំណើតម្តងទៀត ។ តែធាតុពិតក្នុងរឿងចាប់កំណើតនេះគ្មាននរណារកឃើញស្មោះ ។
ចំពោះមនុស្សស្លាប់ហើយ អាចចាប់កំណើតឡើងវិញនេះ យើងគ្មានឆ្ងល់ ឬមន្ទិលសង្ស័យសូម្បីបន្តិចសោះ ព្រោះយើងបានតាមដានស្រាវជ្រាវអស់រយៈពេល១៤ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ១៩៥៧ម្ល៉េះ ពេលនោះយើងបានស្រាវជ្រាវតាមវិជ្ជាពេទ្យ វិជ្ជាជីវសាស្ត្រ វិជ្ជាសត្ដវិទ្យា និងទស្សនវិជ្ជា ។ ១៤ឆ្នាំកន្លងមក យើងបានប្រមូលឯកសារគ្រប់បែប មកពិចារណាផ្សំជាមួយការអង្កេតជាក់ស្ដែងនូវមនុស្សមួយចំនួននៅគ្រប់ខេត្តដូចនៅកំពង់កន្ទួត មានក្មេងស្រីម្នាក់ឈ្មោះនាងអូន អាយុ៧ឆ្នាំ បានប្រាប់គេថា នាងកាលពីជាតិមុនស្លាប់ដោយត្រូវបារាំងបាញ់ ។
នៅស្លាបលែង ខេត្ដកំពង់ស្ពឺ មានក្មេងម្នាក់អាយុ១០ឆ្នាំ បានប្រាប់គេឯងថាវាមានប្រពន្ធមួយនៅភូមិថ្មី ប្រពន្ធឈ្មោះនាងខ្សុក រកស៊ីធ្វើស្រែ ។ កាលពីជាតិមុនស្លាប់ដោយធ្លាក់ពីចុងត្នោត ។
នៅច្រាំងចំរេះ មានចាមម្នាក់ឈ្មោះនី, នៅពោធិ៍សាត់ មានកូនចៅចិនម្នាក់ឈ្មោះហេង មួយ, នៅកំពង់ឆ្នាំងមានក្មេងស្រីម្នាក់ឈ្មោះនាងស្អាត, នៅក្រចេះ, នៅព្រៃវែង, កំពង់ចាម, កំពត, បាត់ដំបង, ភ្នំពេញ…។ ល ។ ស្ទើរតែគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា យើងបានទៅជួបផ្ទាល់នឹងសាមីខ្លួន ហើយបានទាំងតាមដានស្រាវជ្រាវឫសគល់ ដើមហេតុនៃអ្នកចាំជាតិ និងគ្រួសារ ពិសេសយើងបានតាមដានអ្នកម្ដាយដែលបង្កើតក្មេងចាំជាតិនោះ ។
លុះការព្យាយាមតាមដាន យូរៗទៅយើងបានជួបប្រទះនូវរឿងហេតុ ចម្លែកៗ ដ៏ច្រើនមហិមាយករឿងហេតុទាំងនេះមកផ្ទឹមគ្នា ហើយពិចារណាវែកញែកតាមរបៀបជីវវិទ្យា និងក្បួនពេទ្យ យោងតាមទស្សនវិជ្ជា សម្ភារនិយម បដិច្ចសមុប្បាទ គឺស្រាវជ្រាវតាមរបៀបវិទ្យាសាស្ដ្រ នៅទីបំផុតយើងដាក់សេចកី្ដ
សន្និដ្ឋានដោយយោងទៅតាមហេតុផលវិទ្យាសាស្ត្រ ជាច្រើនប្រការថា មនុស្សដែលកើតមកហើយអាចចាំជាតិកំណើតរបស់ខ្លួនបាន គឺមានទាក់ទងជាសំខាន់ នឹងម្តាយបង្កើតរបស់ខ្លួន ។
យើងបានពិនិត្យឃើញមានស្ដ្រីខ្លះ ប្ដីប្រពន្ធ មានសម្បុរសាច់ស្បែកសទាំងអស់គ្នា តែលុះបង្កើតកូនមកមានសម្បុរខ្មៅព្រីកស្រអែមទៅវិញហើយមានប្តី-ប្រពន្ធខ្លះខ្មៅមើលតែជនជាតិអាហ្វ្រិក លុះកើតកូនមកសស្គុសមេើលតែកូនបារាំង ហើយមុខមាត់ក៏ស្អាតបាត កូនខ្លះកើតមកមិនស្រដៀង ឬដូចឪពុក ម្ដាយបង្កើតទេ បែរជាទៅដូចអ្នកដទៃទៅវិញ ។
ត្រង់ចំណុចនេះយើងបានតាមដានរកឫសគល់ ដោយបានពិនិត្យឃើញជាក់ស្ដែងជាច្រើន គឺទារកដែលនៅក្នុងផ្ទៃម្ដាយវាមានសរសៃវិញ្ញាណ ផ្សេងៗ តភ្ជាប់ជាមួយនឹងម្ដាយ វាទទួលអាហារជាមួយម្តាយ វាបញ្ចេញលាមកជាមួយម្ដាយ វាដកដង្ហើមជាមួយម្ដាយ ដូច្នេះឈាមរបស់វាធ្វើចលនាស្របទាំងស្រុងជាមួយឈាមម្ដាយ ។
បើអ្នកម្តាយនោះមានសុខភាពមិនស្រួល ទារកក្នុងផ្ទៃនោះក៏ប្រែប្រួលសុខភាពទៅតាមម្តាយដែរ ។ ត្រង់នេះយើងបានពិនិត្យឃើញស្ត្រី ដែលបង្កើតកូនមកមុខមាត់ដូចអ្នកដទៃ គឺបណ្តាលមកពីនៅពេលមានទម្ងន់ស្ត្រីនោះឯងមានការចាប់អារម្មណ៍ច្រើនជាអតិបរមាទៅលើរូបមនុស្សណាម្នាក់ អារម្មណ៍នេះវានឹងធ្វើឱ្យខួរក្បាលស្ត្រីនោះកម្រើក ការកម្រើកខួរក្បាលនៃស្ត្រីមានគភ៌នោះ វានឹងជះឥទ្ធិពលទៅដល់ខួរក្បាលទារកនោះ ក្នុងពេលជាមួយគ្នាដែរ បើសតិអារម្មណ៍នេះចេះតែកើតមានឡើងញឹកញយទៅសរសៃវិញ្ញាណទាំងឡាយនៃអ្នកម្តាយនោះ នឹងបញ្ជាទៅសរសៃវិញ្ញាណនៃទារកនោះគ្រប់កាលៈទេសៈ ។ អាស្រ័យហេតុនេះ លុះទារកនេះកើតមក វានឹងមានសម្បុរនិងរូបរាងស្រដៀង ឬប្រហាក់ប្រហែលគ្នានឹងមនុស្សម្នាក់ដែលស្ត្រីនោះបានចាប់អារម្មណ៍ ។
ដូចជានៅតាខ្មៅ មានស្ត្រីម្នាក់មានគភ៌អាយុ ២៣ឆ្នាំ នាងចូលចិត្តដឹកក្មេងប្រុសម្នាក់អាយុ៣ឆ្នាំដែលជាក្មួយបង្កើតរបស់ខ្លួន ទៅដើរលេងសួនច្បារ និងទៅដើរផ្សារគឺព្រោះនាងស្រឡាញ់ក្មេងប្រុសនោះទៅណាបាត់មុខមិនបាន លុះថ្ងៃក្រោយនាងប្រសូតបានកូនប្រុសមួយ កូននោះមានរូបរាងសម្បុរសាច់ឈាមដូចគ្នាទាំងរស់នឹងក្មួយប្រុសនាង ។ នេះគ្រាន់តែជាឧទារណ៍មួយក្នុងឧទាហរណ៍រាប់រយប៉ុណ្ណោះ ។
រឿងចាប់ជាតិ និងរឿងខាងលើនេះមានសភាពប្រហាក់ប្រហែលគ្នា គឺវាមានហេតុតែមួយ ។
នៅកំពង់កន្ទួត នាងអូន អាយុទើបតែបានមិនទាន់ដប់ឆ្នាំផង នាងអាចនិយាយរៀបរាប់អំពីជាតិមុន នាងជាស្ត្រីមេម៉ាយម្នាក់ រកស៊ីទូលអំបុកដើរលក់ ស្រាប់តែសម័យថ្ងៃមួយ នាងកំពុងដើរកាត់តាមភ្លឺស្រែចេញមកថ្នល់កៅស៊ូ ស្រាប់តែត្រូវបារាំងបាញ់ផាំងដួលថ្មោល ស្លាប់មួយរំពេចនៅក្បែរចិញ្ចើមថ្នល់ (សម័យអាណានិគម) ហើយនាងនិយាយថា នាងស្គាល់ឈ្មោះមនុស្សច្រើន ដែលមានទាក់ទងរឿងលក់ដូរជាមួយនាង… ។
ចំពោះរឿងនេះយើងតាមដានទៅរកឃើញថា នៅពេលដែលស្ត្រីមេម៉ាយនោះនៅរស់នៅឡើយ គាត់បាននិយាយរឿងរ៉ាវសព្វគ្រប់ និងចុះឡើងផ្ទះម្តាយនាងអូន (ម្តាយជាតិថ្មី) ជារៀងរាល់ថ្ងៃ ហើយនៅពេលដែលស្ត្រីមេម៉ាយនោះត្រូវបារាំងបាញ់ស្លាប់ មីងសាន (ម្តាយថ្មីរបស់នាងអូន) បានមើលឃើញ ហើយបានទាំងជួយលើកសពស្ត្រីមេម៉ាយនោះយកទៅកាយដីកប់ផង ។
ចំពោះរឿងនេះ យើងបានខំព្យាយាមតាមអង្កេតច្រើនពេលវេលា ដោយចំណាយអស់រយៈជិត១ឆ្នាំទីបំផុតទើបបានលទ្ធផលដូចតទៅនេះ ៖
កាលដើមឡើយ អ្នកមីងសាន និងស្ត្រីមេម៉ាយនោះធ្លាប់រកស៊ីជួញដូរជាមួយគ្នា ធ្លាប់រាប់អានគ្នាណាស់ លុះសម័យថ្ងៃមួយ មីនសានកំពុងធ្វើដំណើរបម្រុងទៅធ្វើជំនួញនឹងស្ត្រីមេម៉ាយនោះ ស្រាប់តែទៅមិនទាន់ដល់ផ្ទះគាត់ផង គាត់ក្រឡេកទៅឃើញឡានទាហានមួយបើកវ៉ កាត់តាមស្ពានថ្ម ពេលនោះគាត់ឮស្នូរកាំភ្លើងផ្ទុះផាំងចេញពីឡាន ដែលនៅលើឡានសុទ្ធតែជាទាហានបារាំង ។ មួយរំពេចនោះមានសំឡេងស្ត្រីម្នាក់ស្រែកអូយ មីងសានក៏ក្រាបបៀតភ្លឺស្រែ ចោលភ្នែកទៅក៏ស្រាប់តែឃើញសពស្ត្រីមេម៉ាយនោះ នៅដេកស្តូ្កកក្បែរស្ពានថ្ម មានឈាមហូរសស្រាក់ពេញក្បាល ។ លុះឡានទាហានទៅផុត មីងសានស្ទុះទៅចាប់អង្រួនសពនោះទាំងទឹកភ្នែករហាម ។ មីងសានភ័យរន្ធត់ជាអតិបរមា គាត់ក្រឡេកមើលជុំវិញខ្លួន ហើយក៏ប្រញាប់ប្រញាល់យកកម្ទេចធ្យូងក្បែរទីនោះ (ចៃដន្យដែលកម្ទេចធ្យូងនៃអ្នកស្រែបានមកចំអិនអាហារនៅក្បែរស្ពាននោះ) មកគូសស្មងជើងសពស្ត្រីមេម៉ាយនោះ ។ ត្រង់នេះយើងសូមបញ្ជាក់បន្តិច មីងសានជាអ្នកមានជំនឿខាងកម្មផល គាត់មានអារម្មណ៍ថា កាលណាគាត់គូសធ្យូង ឬកំបោរនៅលើខ្លួនមនុស្សដែលស្លាប់ទៅនោះ វេលាណាមួយព្រលឹងនៃសពនោះនឹងវិលមកចាប់កំណើតវិញ ហើយស្នាមគូសនោះនឹងនៅដិតជាប់មកជាមួយ នៅជាតិក្រោយ (ជំនឿនេះបានស្ថិតក្នុងសតិអារម្មណ៍មីងសានតាំងពីតូចមកម្ល៉េះ) ។
លុះគូសវាសស្រេចបាច់ហើយ មីងសានប្រញាប់ប្រញាល់ប្រមៀលស្ត្រីមេម៉ាយនោះចុះទៅកាយដីក្បែរមាត់ស្ទឹងកប់លុបបាត់ ។ រួចក៏វិលត្រឡប់មកផ្ទះទាំងទឹកមុខក្រៀមក្រំ ។ (យើងសូមបញ្ជាក់បន្ថែមថា ពេលស្ត្រីនោះស្លាប់ មីងសានមានផ្ទៃពោះចំនួន២ខែហើយ) ។
ក្រោយពីព្រឹត្តិការណ៍នេះកើតឡើងមក មីងសានចេះតែនឹកស្រមៃឃើញស្ត្រីមេម៉ាយនោះ គាត់នឹកអាណិតស្ទើរខ្លោចចិត្ត ដោយយល់ថា ស្ត្រីនោះជាមនុស្សស្លូតបូត ត្រឹមត្រូវណាស់ មិនគួរមកស្លាប់ដោយត្រូវគ្រាប់សោះ ! ជួនកាលនឹកខ្លាំងទៅគាត់ទៅជាភ្លេចបាយ ភ្លេចទឹក បណ្តាលឱ្យខ្យល់ចាប់ ម្តងៗ… ។ គាត់ធ្លាប់យល់សប្តិឃើញស្ត្រីមេម៉ាយនោះយកអំបុកមកលក់ឱ្យគាត់…។ ពេលដែលធ្វើដំណើរកាត់ស្ពានថ្ម ម្តងៗ មីងសានតែងតែក្រឡេកមើលនៅកន្លែងកប់សព ស្ត្រីមេម៉ាយនោះដោយទឹកភ្នែករលីងរលោង ។ យប់ខ្លះគាត់បានយល់សប្តិឃើញស្ត្រីមេម៉ាយនោះមកអង្គុយលេងសើចជាមួយគាត់ផង… ។ ការនឹកស្រមៃឃើញហួសហេតុនេះធ្វើឱ្យអារម្មណ៍មីងសានស្លុងទៅតែរឿងអតីតកាល ដែលជាប្រវត្តិនៃការរស់នៅរវាងស្ត្រីនោះនិងមីងសាន ។ លុះអារម្មណ៍នេះបានកើតឡើងយូរៗទៅ សរសៃវិញ្ញាណទាំងឡាយក្នុងខ្លួនគាត់ ពិសេសផ្នែកខួរក្បាលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅក្នុងស្បួន បណ្តាលឱ្យទារកនោះទទួលអារម្មណ៍ពីម្តាយផ្ទាល់ ។ លុះប្រសូតចេញមកបានកូនស្រី ហើយឱ្យឈ្មោះថា នាងអូនៗ នោះឯងមានអារម្មណ៍ និងវិញ្ញាណដូចគ្នានឹងមីងសាន សើ្ទរទាំងស្រុង ។ ហើយដល់នាងអូនអាយុបាន៤-៥ឆ្នាំមក មីងសានក៏តែងតែរំលឹករឿងដែលគាត់បានទៅជួបប្រទះនៅចុងស្ពានថ្ម រំលឹករឿងអតីតរបស់ស្ត្រីមេម៉ាយនោះ ដោយគាត់បានឃើញស្នាមជាំនៅស្មងជើងកូនគាត់ ដូច្នោះគាត់ជឿទាំងស្រុងថានាងអូននេះពិតជាព្រលឹងស្ត្រីមេម៉ាយនោះមកចាប់កំណើត ។ ការជឿឥតល្អៀងយ៉ាងនេះ បណ្តាលឱ្យគាត់ចេះតែនិយាយប្រាប់គេឯង ហើយតែងតែនិយាយលេងសើចជាមួយកូន ។ លុះកូនធំល្មមដឹងក្តីហើយ វាមានអារម្មណ៍យ៉ាងជ្រៅទៅលើរឿនេះ វាក៏ចេះនិយាយរឿងរ៉ាវទាំអស់ ដែលមីនសានបានរំលឹកទាំងអម្បាលម៉ាន ដោយសរសៃវិញ្ញាណវាបានដិតជាប់រឿងនេះផង ។ ប៉ុន្តែពុំអាចនិយាយបានគ្រប់សព្វទាំងអស់ទេ គឺនិយាយតែ គោលៗខ្លះដែលវាចាំពីសម្តីរបស់ម្តាយវាប៉ុណ្ណោះ ។
នេះជាឧទាហរណ៍មួយក្នុងឧទាហរណ៍រាប់រយ យើងសូមរៀបរាប់តែមួយសម្រាប់ពិចារណា ពុំអាចលៃលកទំព័ររ៉ាយរ៉ាប់ឱ្យបានគ្រប់រឿងទេ តែឧទាហរណ៍មួយក៏មានហេតុផលដូចរឿង ផ្សេងៗ ទៀតដែរ… ៕
ចែករំលែកព័តមាននេះ