ប្រទេសចិន ៖ ក្រុមហ៊ុនមួយក្នុងប្រទេសចិនរងការស្ដីបន្ទោសយ៉ាងខ្លាំងពីអាជ្ញាធរ បន្ទាប់ពីក្រុមហ៊ុននេះចេញសេចក្តីជូនដំណឹងមួយគំរាមបណ្តេញបុគ្គលិករបស់ខ្លួន ដែលនៅលីវ និងលែងលះគ្នា បើពួកគេនៅតែបន្តស្ថានភាពបែបនេះ ដល់ចុងខែកញ្ញា។ នេះបើយោងតាមប្រភពពីសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រុមហ៊ុន Shuntian Chemical Group នៅខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន ដែលមានបុគ្គលិកជាង១,២០០នាក់ កាលពីខែមករាកន្លងទៅ បានប្រកាសពីគោលការណ៍ដ៏ម៉ឺងម៉ាត់ប្តេជ្ញាជំរុញអត្រាអាពាហ៍ពិពាហ៍ជាតិ ដោយតម្រូវឱ្យបុគ្គលិកនៅលីវ និងលែងលះគ្នារបស់ខ្លួន អាយុចន្លោះពី ២៨-៥៨ឆ្នាំ ត្រូវតែរៀបការ ឬក៏ដោះស្រាយបញ្ហាបែកបាក់គ្នា នៅត្រឹមចុងខែកញ្ញា ឆ្នាំនេះ។
លើសពីនេះទៀត នៅចុងខែមីនាខាងមុខនេះ បុគ្គលិកនៅលីវ និងលែងលះគ្នារបស់ខ្លួន ត្រូវតែសរសេរសំបុត្ររិះគន់ខ្លួនឯង។ ប្រសិនបើពួកគេមិនអាចរៀបការបាននៅចុងខែមិថុនានោះទេ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃពួកគេ ហើយបើពួកគេនៅតែបន្តស្ថានភាពបែបនេះរហូតដល់ចុងខែកញ្ញាតាមការកំណត់ ពួកគេនឹងត្រូវបណ្តេញចេញពីការងារតែម្តង។
ក្រុមហ៊ុនក៏បានគាំទ្រគោលនយោបាយសង្កត់ធ្ងន់លើតម្លៃប្រពៃណីចិនដូចជា ភាពស្មោះត្រង់ និងការគោរព។ ជាក់ស្តែង ការមិនឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីកែលម្អអត្រាអាពាហ៍ពិពាហ៍ធ្លាក់ចុះទេ នោះបង្ហាញថា អ្នកគឺជាមនុស្សមិនស្មោះត្រង់ ហើយការមិនស្តាប់តាមឪពុកម្តាយ គឺជាការមិនគោរព ដោយសារការទុកឱ្យខ្លួនឯងនៅលីវយូរ មិនមែនជារឿងល្អនោះទេ។
យ៉ាងណាមិញ ការិយាល័យធនធានមនុស្ស និងសន្តិសុខសង្គមប្រចាំតំបន់បានប្រាប់កាសែត The Beijing News ថា ខ្លួនបានត្រួតពិនិត្យក្រុមហ៊ុន Shuntian Chemical Group ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ និងជាសហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង ៥០ ក្នុងទីក្រុងលីនយី (Linyi) រួចហើយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ ហើយរយៈពេលតិចជាងមួយថ្ងៃ ក្រុមហ៊ុនបានបញ្ជាក់មកវិញថា ពួកគេបានដកគោលការណ៍នេះចេញ ហើយគ្មានបុគ្គលិកនៅលីវ ឬលែងលះគ្នាណាម្នាក់ ត្រូវបណ្តេញចេញពីការងារនោះទេ។
លោក Yan Tian សាស្ត្រាចារ្យរងនៅសាលាច្បាប់ សាកលវិទ្យាល័យទីក្រុងប៉េកាំង បានប្រាប់សារព័ត៌មាន Beijing News ថា គោលនយោបាយនេះ គឺប្រឆាំងនឹងសេរីភាពនៃការរៀបអាពាហ៍ពិពាហ៍ និងមិនស្របនឹងរដ្ឋធម្មនុញ្ញនោះទេ។ លោកថា ស្ថិតក្រោមច្បាប់ការងារ ក្រុមហ៊ុនគ្មានសិទ្ធិសួរនាំអ្នកដាក់ពាក្យសុំការងារ ពាក់ព័ន្ធនឹងផែនការរៀបការ ឬការបង្កើតកូននោះទេ។
សូមជម្រាបថា អត្រារៀបការនៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបជាថ្មីគឺ ៦,១ លាននាក់ កាលពីឆ្នាំមុន ដែលធ្លាក់ចុះពី៧,៦៨លាននាក់ ឬ ២០,៥% ពីឆ្នាំ ២០២៣។ ប្រទេសចិនបានកត់ត្រាអត្រាទារកទើបនឹងកើតចំនួន ៩.៥៤លាននាក់ កាលពីឆ្នាំមុន ពោលកើនឡើងចំនួន ៥២០,០០០នាក់ពីឆ្នាំ ២០២៣ ដែលជាការកើនឡើងលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧៕
ចែករំលែកព័តមាននេះ