រាជធានីភ្នំពេញ ៖ កម្ពុជាជាជម្រកត្រីបបែលយក្សធំជាងគេនៅលើលោកដែលមានទម្ងន់៣០០គីឡូក្រាម ដែលអ្នកស្រាជ្រាវបានកំពុងផ្តោតការចាប់អារម្មណ៍ ។

ក្រុមការងារមកពីបណ្តាប្រទេសផ្សេងៗបានកំពុងតាមដានការធ្វើចរាចរណ៍ផ្លាស់ទីរបស់ត្រីបបែលយក្សទឹកសាបនេះ ដើម្បីស្វែងយល់ឲ្យ កាន់តែច្បាស់ និងដើម្បីការពារវាឱ្យបានកាន់តែប្រសើរ ។ អ្វីដែលជាប្រស្នាអាថ៌កំបាំងដ៏អស្ចារ្យមួយរបស់សត្វព្រៃដ៏យូរលង់មកហើយនោះ គឺអត្តសញ្ញាណរបស់ប្រភេទត្រីទឹកសាបធំជាងគេលើពិភពលោក ហាក់ដូចជាត្រូវបានស្រាយចេញកាលពីសប្តាហ៍មុន នៅពេលអ្នកនេសាទនៅភាគខាងជើងនៃប្រទេសកម្ពុជាបានរកឃើញត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម នៅជិតកោះដាច់ស្រយាលមួយក្នុងទន្លេមេគង្គ ។


ទំហំដ៏គួរឲ្យភ្ញាក់ផ្អើលនៃត្រីជិតផុតពូជដែលទម្ងន់របស់វាត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ធ្ងន់ជាង២ដងនៃទម្ងន់ជាមធ្យមរបស់សត្វស្វាគ្រោងដែលរស់នៅតំបន់ទំនាបទៅទៀត ហើយទំហំនេះជាត្រីរាជ ទម្ងន់២៩៣ គីឡូក្រាម ដែលត្រូវចាប់បាននៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០០៥ ដែលបានកាន់កាប់កំណត់ត្រាពីអតីតកាលជាត្រីទឹកសាបដ៏ធំបំផុតនៅលើផែនដី។

ត្រីទឹកសាបត្រូវបានកំណត់ថា គឺជាប្រភេទត្រីដែលប្រើប្រាស់ពេលវេលាពេញមួយជីវិតរស់នៅក្នុងទឹកសាប ដែលផ្ទុយពីប្រភេទសត្វសមុទ្រយក្ស ដូចជា ត្រីធូណា និងត្រីម៉ាលីន ឬត្រីដែលធ្វើចរាចរណ៍ផ្លាស់ទីរវាងទឹកសាប និងទឹកប្រៃដូចជា ត្រី beluga sturgeon ដែលមានទំហំដងខ្លួនធំៗ ជាដើម ។ ត្រីបបែលយក្ស ដែលបំបែកកំណត់ត្រានេះមានប្រវែងជិត៤ម៉ែត្រ គឺវាស់ចាប់ពីចុងច្រមុះដល់កន្ទុយ ។

លោកង្វៀន ហាន់ ( Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ USAID/Cambodia បានថ្លែងថា ៖ «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះបានបង្ហាញពីជោគជ័យនៃគម្រោងអច្ឆរិយភាពនៃមេគង្គដែលគាំទ្រថវិកាដោយ USAID ។

ប្រទេសកម្ពុជាទទួលបានពរជ័យជាជីវចម្រុះដ៏អស្ចារ្យ ហើយយើងពិតជាមានមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីដ៏សំខាន់របស់ទន្លេមេគង្គ» ។ នេះជាលើកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រីបបែលយក្សដ៏ធំនេះត្រូវបានបំពាក់ឧបករណ៍ផ្តល់សញ្ញា acoustic tag ដែលជាបច្ចេកវិទ្យាអាចឲ្យជីវវិទូស្វែងយល់បន្ថែមទៀតអំពីអាកប្បកិរិយាដ៏អាថ៌កំបាំងរបស់សត្វមានជីវិត ដែលកម្របានជួបប្រទះមួយនេះ ។

លោក ហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូមច្ឆជាតិ នៅសកលវិទ្យាល័យ ណេវ៉ាដា នៃទីក្រុង រីណូ និងជាថ្នាក់ដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គមានប្រសាសន៍ថា ការរកឃើញត្រីបបែលយក្សនេះ គឺជាភស្តុតាងដែលបង្ហាញថា ពិភពធម្មជាតិនៅតែអាចផ្តល់នូវរបកគំហើញថ្មី និងអស្ចារ្យ ហើយប្រភេទសត្វក្នុងទឹកដ៏ធំបំផុតជាច្រើន នៅតែមិនទាន់ត្រូវបានសិក្សាស្វែងយល់គ្រប់គ្រាន់នៅឡើយ ។
លោកបណ្ឌិត ហ្សេប ហូហ្គេន ជាពិធីករនៃកម្មវិធីទូរទស្សន៍ National Geographic នៅក្នុងកម្មវិធី «Monster Fish» បាននិយាយថា ៖ «ក្នុងរយៈពេល២០ឆ្នាំនៃការស្រាវជ្រាវរកប្រភេទត្រីធំៗនៅក្នុងទន្លេ និងបឹង នៅក្នុងទ្វីបចំនួនប្រាំមួយនេះ គឺជាត្រីទឹកសាបដ៏ធំបំផុត ដែលយើងបានជួបប្រទះ ឬប្រភេទត្រីដែលត្រូវបានកត់ត្រាទុកនៅគ្រប់ទីកន្លែងទូទាំងពិភពលោកនេះ» ។

បណ្ឌិតហូហ្គេនបន្តថា ៖ «នេះគឺជាការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ហើយបង្ហាញថា កិច្ចខិតខំប្រឹងប្រែង ដើម្បីយល់កាន់តែច្បាស់អំពីអាថ៌កំបាំងជុំវិញប្រភេទសត្វនេះ និងការលាតសន្ធឹងមិនគួរឱ្យជឿនៃទន្លេ ដែលជាកន្លែងដែលវារស់នៅ» ។
លោកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានមានប្រសាសន៍ថា ៖ «ឥឡូវនេះ ក្រុមអ្នកនេសាទបានសហការជាមួយគម្រោងរបស់យើង នោះនៅពេលដែលពួកគាត់ចាប់បានត្រីបបែលយក្សពួកយើងនឹងអាចបំពាក់ស្លាកសញ្ញាសម្គាល់ រួចលែងពួកវាវិញ ។ ការលែងដោយជោគជ័យទាំងនេះបានបង្ហាញពីសារៈសំខាន់ នៃភាពជាដៃគូររបស់យើងជាមួយសហគមន៍មូលដ្ឋាន ។ ជាមួយគ្នានេះ យើងទាំងអស់គ្នា មានតួនាទីសំខាន់ក្នុងការតាមដាន និងអភិរក្សធនធានជលផលបន្តទៀត» ៕
ចែករំលែកព័តមាននេះ