ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​ផ្ទាល់​នៅ​វត្តថា​ន់​ទើប​ដឹង​ថា លោកតា​លក់​ចម្ពាមកៅស៊ូ ជីវិត​ឯកោ​កម្សត់​បែប​ណា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តែ​មួយប៉ប្រិចភ្នែក​សោះ​រឿង​លោកតា​លក់​ចម្ពាមកៅស៊ូ​ត្រូវ​បាន​គេ​ដឹង​ឮ​គ្រប់​ៗ​គ្នា នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កន្លង​ទៅ​ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ តែ​មួយប៉ប្រិចភ្នែក​សោះ​រឿង​លោកតា​លក់​ចម្ពាមកៅស៊ូ​ត្រូវ​បាន​គេ​ដឹង​ឮ​គ្រប់​ៗ​គ្នា នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ទោះបីជា​បែប​ណា ការ​លក់​ចម្ពាមកៅស៊ូ​បាញ់​សត្វ​របស់​លោកតា ទំនងជា​មិន​បាន​គិត​ទៅ​ដល់​បាតុភាព​ដែល​អាច​កើត​មាន​ឡើង ដោយ​ការ​ប្រើ​ចម្ពាម​នេះ​ទេ ទើប​លោកតា​យក​ទៅ​អង្គុយ​លក់​ដែល​ចម្ពាម​១​ថ្លៃ​៣០០០​រៀល ។

ក្រោយ​ពេល​កម្លាំង​មាន​សមត្ថកិច្ច​ការពារ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ថ្ងៃ​ទី ១៤ វិច្ឆិកា កន្លង​មក​ថ្មី​ៗ​នេះ បាន​បញ្ឈប់​លោកតា​មិន​ឱ្យ​លក់​ចម្ពាមកៅស៊ូ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​តទៅ​ទៀត​នោះ ហើយ​លោកតា​ក៏​យល់​ព្រមទៅ​នឹង​ការ​ស្នើ​សុំ​នេះ​ផង​ដែរ​។ សមត្ថកិច្ច​បាន​ដកហូត​ចម្ពាមកៅស៊ូ​របស់​គាត់​អស់​ចំនួន ២២​ចម្ពាម និង​បាន​ផ្តល់​ប្រាក់​មក​ឱ្យ​គាត់​ចំនួន​៥​ម៉ឺន​រៀល​ផង​ដែរ ជា​ថ្នូរ​និង​ការ​ដកហូត​នោះ ។ នេះ​បើ​យោង​តាម​ការ​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន កោះសន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី ១៨ វិច្ឆិកា នៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​ក្នុង​វត្តថា​ន់ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

លោកតា​ឈ្មោះ ន​ង សា​ម៉ុ​ន មាន​អាយុ​៧០​ឆ្នាំទៅ​ហើយ បាន​រៀបរាប់​ថា លោកតា​ជា​បុរស​ពោះម៉ាយ មានកូន​ប្រុស​ស្រី​ចំនួន​៥​នាក់់​នៅ​ក្នុង​បន្ទុក ហើយ​សព្វថ្ងៃ​លោកតា​មក​ស្នាក់​ក្នុង​វត្តថា​ន់ ប្រកប​មុខរបរ​ជា​អ្នក​សំលៀងកាំបិត លក់​ដងកាំបិត ដង​ពូថៅ ខ្នូ​ស​កោសដូង សេន​កោសខ្យល់ និង​ចម្ពាមកៅស៊ូ​ជាដើម មានស្រុក​កំណើត​នៅ​ភូមិ សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ។

លោកតា​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​មកនេះ គាត់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ដែល​មាន​តួនាទី​ការពារ​សុវត្ថិភាព​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្នុង​ថ្ងៃ​ទី​ពីរ​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន​គាត់ ខណៈ​ពេល​ដែល​គាត់​ជិះ​កង់​ដើរ​សំលៀងកាំបិត និង​មាន​លក់​របស់របរ​មួយ​ចំនួន​រួម​ទាំង​ចម្ពាមកៅស៊ូ​ផង​ដែរ ។

ការ​ឃាត់ខ្លួន​នោះ​ដែរ គឺ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ម្តុំ​ផ្សារ​តា​ប៉ា​ង ដោយ​សមត្ថកិច្ច​ក្នុង​ឯកសណ្ឋាន​ស៊ី​វិល​ចំនួន​ពីរ​នាក់ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​មក​ធ្វើការ​ហាមឃាត់​មិន​ឱ្យ​លក់​តទៅ​ទៀត ហើយ​ក៏​បាន​នាំ​គាត់​រួម​ទាំង​លើក​កង់​ដាក់​ទៅ​លើ​រថយន្ត​នាំ​យក​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​ការពា​បុណ្យ​អុំ​ទុក​នៅ​ម្តុំ​វាល​ព្រះ​មេរុ៍ ។

លោកតា​បាន​រៀបរាប់​ទៀត​ថា ខណៈ​ពេល​នោះ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ណែនាំ​ដល់​គាត់​កុំឱ្យ​បន្ត​លក់​ចម្ពាមកៅស៊ូ​ទៀត «​ព្រោះ​ខ្លាច​ធ្លាក់​ទៅ​ដល់​ដៃ​សមាសភាព​មិនល្អ​យក​ទៅ​ប្រើប្រាស់​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​» នេះ ។ ពេល​នោះ​លោកតា​ក៏​យល់​ព្រមទៅ​តាម​ការ​ស្នើ​សុំ​នោះ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ដកហូត​ចំពាមកៅស៊ូ​ចំនួន​២២ និង​ផ្តល់​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដកហូត​ចម្ពាមកៅស៊ូ​ទាំងនោះ យក​ទៅ​រក្សា​ទុក ដោយ​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​ការ​លក់​នោះ​ជា​បន្ត​ទៅ​ទៀត និង​ឱ្យ​លោកតា​មាន​សេរីភាព​វិញ ។ ចម្ពាមកៅស៊ូ​ដែល​បាន​ដកហូត​មាន​២២ ក្នុង​ចំណោម​ចម្ពាមកៅស៊ូ​ដែល​លោកតា​មាន​សរុប​រហូត​ទៅ​ដល់​ចំនួន ៤២ ដោយ​បាន​លក់​អស់​ចំនួន​២០​ចម្ពាម​ទៅ​ហើយ​ទៅ​ឱ្យ​អ្នកទិញ​មួយ​ចំនួន ភាគច្រើន​ជា​អ្នកមាន​រថយន្ត​ជិះ និង​អ្នក​រត់​រ៉ឺ​ម៉ក​មួយ​ចំនួន​ផង​ដែរ ដោយ​មួយ​តម្លៃ​៥​ពាន់​រៀល ។ ហើយ​ប្រាក់​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ឱ្យ​ក្នុង​តម្លៃ​ជា​ថ្នូរ​ដកហូត​តែ​ពាក់កណ្តាល​ទេ ហើយ​លោកតា​ក៏​មិន​មានការ​អាក់អន់ស្រពន់ចិត្ត​អ្វី​ដែរ ។

លោកតា ន​ង សា​ម៉ុ​ន បាន​រៀបរាប់​ប្រាប់​ពី​ដំណើរ​ជិ​វិត​របស់​គាត់​ថា កាលពី​អំឡុង​ឆ្នាំ ១៩៧៤-១៩៧៥ ខណៈ​ពេល​ដែល​លោកតា​មាន​អាយុ​៣០​ឆ្នាំ បាន​រៀប​ការ​ជាមួយនឹង​ប្រពន្ធ​របស់​គាត់​មានឈ្មោះ សុខ រឿ​ន អាយុ​ប្រហែលជា​ជាង​២០​ឆ្នាំ​ដែរ ដោយ​បាន​រួមរស់​ជាមួយ​គ្នា​បានកូន​ប្រុស​ស្រី​ចំនួន​៥​នាក់​(​ស្រី​៤​នាក់ ប្រុស​១​នាក់​)​នៅ​ក្នុង​បន្ទុក​រហូត​មក​ដល់​ឆ្នាំ ១៩៩៣ ដោយសារ​តែ​កា​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​បាន​លែងលះ​គ្នា​ទៅ ។

ក្រោយ​ពេល​ដែល​បែក​គ្នា​ជាមួយនឹង​ប្រពន្ធ​មក លោកតា​ក៏​បាន​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ភ្នំពេញ ដោយ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ជា​អ្នក​រត់​ម៉ូតូឌុប​តែ​ម្នាក់ឯង ដើម្បី​បាន​ប្រាក់​យក​ទៅ ជួយ​ចិញ្ចឹម​កូនប្រុស ស្រី​របស់​លោកតា​ដែល​នៅ​ឯ​ស្រុក​កំណើត​ជាមួយ​និង​ប្រពន្ធ​របស់​លោកតា ។ លុះ​មួយ​រយៈ​ក្រោយមក ដោយសារ​តែ​ខ្លួន​លោកតា​កាន់តែ​ចាស់ និង​ភ្នែក​មើល​មិនសូវ​ឃើញ ខ្លាច​មាន​គ្រោះថ្នាក់​នោះ លោកតា​ក៏​ឈប់​រត់​ម៉ូតូឌុប បាន​ប្តូរ​មក​ដើរ​សំលៀងកាំបិត ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹមជីវិត​ម្តង ។

ការ​ដើរ​សំលៀងកាំបិត​នេះ​លោកតា​មិន​មានផ្ទះ​ស្នាក់​នៅទេ គឺ​ទៅ​ស្នាក់​នៅ​ក្នុង​វត្ត​ស្វាយ​ពពែ​បាន​ប្រហែល​កន្លះ​ឆ្នាំ ក៏​បាន​ជួប​និង​បុរស​ម្នាក់​ឈ្មោះ តា​បាក់ អាយុប្រមាណ​ជា​ជាង​៥០​ឆ្នាំ បាន​ហៅ​គាត់​ឱ្យទៅ​ស្នាក់​នៅ​ក្នុង​វត្តថា​ន់ ជាមួយ​គាត់​វិញ គ្រាន់​បានជា​គ្នា ព្រោះ​គាត់​សុទ្ធតែ​គ្មាន​ផ្ទះសម្បែង​ដូច​គ្នា​ដែរ ។

លោកតា​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​រយៈ​ពេល​ជាង​៥​ឆ្នាំ ដែល​លោកតា​បាន​មក​ស្នាក់​នៅ​ក្នុង​វត្តថា​ន់ គឺ​ស្នាក់​នៅ​ដោយ​ដាក់​កូន​គ្រែ​តូច​មួយ​ចង​កៅស៊ូ​តង់ ស្នាក់​នៅ​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ដើរ​សំលៀងកាំបិត និង​លក់​ដង​ពូថៅ ដងកាំបិត ខ្នូ​ស​កោសដូង និង​សេន​កោសខ្យល់ ។

ទាក់ទិន​នឹង​ការ​លក់​ចំពាមកៅស៊ូ លោកតា​បានឱ្យ​ដឹង​ថា​ ដង​ចំពាម​ចំនួន​៤២ ដែល​គាត់​យក​មក​ចង​ធ្វើ​ជា​ចំពាម​នេះ​គឺ​បាន​មក​ពី​ការ​ទៅ​លេង​ស្រុក បាន​ទិញ​ពី​អ្នកស្រុក ហើយ​បាន​ទិញ​កៅស៊ូ​ពី​ផ្សារ​អូរ​ឫស្សី​មក​ក្រង​ធ្វើ​ជា​ខ្សែ​ចំពាម ។

ជា​ចុង​ក្រោយ​លោកតា ន​ង សា​ម៉ុ​ន ក៏​បាន​សុំ​ថ្លែងអំណរគុណ​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ធ្វើការ​ដកហូត​យក​ចំពាមកៅស៊ូ​ពី​រូប​គាត់ ​ដូច​ជួយ​ទិញ​ម៉ៅ​យក​ទាំងអស់​ក្នុង​ថ្ងៃ​បុណ្យអុំទូក​នោះ ។ លោកតាបញ្ជាក់ថា អត់ដឹងថាវាមានរឿងរ៉ាវយ៉ាងនេះទេ បើដឹងក៏លោកតាមិនលក់ដែរ ។ ដោយសារ​តែ​រឿងរ៉ាវ​លក់​ចំពាម​នេះ បាន​ធ្វើ​ឱ្យ​រូប​លោកតា​ទទួល​បានការ​ចាប់​អារ​ម្មរណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក់​ប្រជាពលរដ្ឋ ក្រោយ​ពី​មាន​ចុះ​ផ្សាយ​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មាន​សប្បុរសជន​ជា​ច្រើន​នាក់​ ដែល​បាន​មក​រក​លោកតា​ដល់​វត្តថា​ន់ ដោយ​បាន​ផ្តល់​នូវ​ថវិកា អង្ករ ទឹក​សុទ្ធ ជូន​ដល់​រូប​លោកតា​បាន​ក្រាស់ក្រែល​ដែរ ដែល​លោកតា​មិន​ធ្លាប់​បាន​អំណោយ​បែប​នេះ​ទេ ។

ក្នុង​ឆាកជីវិត​ដ៏​កម្សត់​របស់​បុរស​ពោះម៉ាយ​ឯកោ​វ័យ​ចំណាស់​ដូច រូប​លោកតា​នេះ ត្រូវ​បាន​គាត់​បន្លុយ​ថា ជីវិត​របស់​លោកតា​នៅ​តែ​បន្ត​ស្នាក់​នៅ​ក្នុង​វត្តថា​ន់​នេះ​ដដែល ព្រោះ​គ្មាន​កន្លែង​ណា​ដែល​សមរម្យ​ជាង​នេះ​ទេ ៕