ខេត្តកំពង់ចាម ៖ រថយន្តកាមរីបាឡែន ពណ៌ខ្មៅ មួយគ្រឿង បានបោះពួយយ៉ាងលឿន ទៅបុកគល់ដើមអំពិលពេញទំហឹង ស្ថិតនៅជាប់របងបញ្ជាការដ្ឋានយោធភូមិភាគ២ ភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ មករា ២០១១ បណ្តាលឱ្យស្លាប់២នាក់ភ្លាមៗ និងរងរបួសចំនួន៧នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៧ “D” និងមន្ទីរពេទ្យខេត្តជាបន្ទាន់ផងដែរ ។
តាមមន្ត្រីនគរបាលចរាចរក្រុងកំពង់ចាមបានឱ្យដឹងថា អ្នកស្លាប់២នាក់រួមមាន ១-ឈ្មោះងួន សុវណ្ណារិទ្ធ ហៅខ្លា ភេទប្រុស អាយុជាង២០ឆ្នាំជាអ្នកបើកបររថយន្ត ២-ឈ្មោះចាន់ សោភា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម និងអ្នករងរបួស ៧នាក់ទៀតក្នុងនោះ មាន១-ឈ្មោះថា ពន្លឺ ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាល វង់ ក្រុងកំពង់ចាម ២-ឈ្មោះស្រី មុំ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ៣-ឈ្មោះគង់ សុខឿន ភេទប្រុស អាយុ២៤ឆ្នាំ ៤-ឈ្មោះសី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិមេម៉ាយ ៥-ឈ្មោះសោភ័ណ្ឌ ភេទស្រី អាយុ ២៣ឆ្នាំ ៦-ឈ្មោះស្រី លីន ភេទស្រី អាយុ២៧ ឆ្នាំ រស់នៅភូមិមេម៉ាយ និងអ្នកទី៧ប្រុសមិន ស្គាល់ឈ្មោះ ។
មន្រ្តីនគរបាលចរាចរក្រុងកំពង់ចាមបានបញ្ជាក់ថា ក្រុមអ្នករងគ្រោះទាំងអស់ដែលជិះ លើរថយន្តបាននាំគ្នាផឹកស៊ីនៅហាងមួយកន្លែង នាក្រុងកំពង់ចាម ដោយម្នាក់ៗស្រវឹងធ្លាក់ភ្នែក ហើយបាននាំគ្នាឡើងជិះរថយន្តត្រឡប់ទៅផ្ទះ វិញ ដោយបើកចេញពីទិសខាងកើតមកលិចយ៉ាងលឿន ។ ប៉ុន្តែដោយសារផ្លូវកោងកាច់ចង្កូតមិនទាន់ ទើបជាហេតុបណ្តាលឲ្យបុកគល់ដើមអំពិលយ៉ាងពេញទំហឹងតែម្តង ៕
ចែករំលែកព័តមាននេះ