ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តប៉ៃលិន ចុះពិនិត្យកន្លែងជីក​កកាយដីភ្នំ បន្ទាប់ពីក្រុមឈ្មួញនាំគ្នាជីកកកាយ​យ៉ាងគគ្រឹកគគ្រេង

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ ក្រោយពីសង្កេតឃើញដីភ្នំជាច្រើន​កន្លែង ត្រូវបានក្រុមឈ្មួញយកគ្រឿងចក្រ​អេស្កាវ៉ាទ័រ ទៅជីកកកាយដឹកដីលក់យ៉ាងគគ្រឹកគគ្រេង និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦…

ខេត្តប៉ៃលិន​៖ ក្រោយពីសង្កេតឃើញដីភ្នំជាច្រើន​កន្លែង ត្រូវបានក្រុមឈ្មួញយកគ្រឿងចក្រ​អេស្កាវ៉ាទ័រ ទៅជីកកកាយដឹកដីលក់យ៉ាងគគ្រឹកគគ្រេង និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីមន្ទីរជំនាញ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត មន្ត្រីសាលាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត ជាច្រើននាក់ ចុះពិនិត្យភ្លាមៗ និងដាក់ចំណាត់ការបន្ទាន់ ពាក់ព័ន្ធទៅនឹងករណីជីកកកាយដីចំណីភ្នំ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន បានឱ្យដឹងថា ​ដើម្បីថែរក្សាធនធានធម្មជាតិ ឱ្យនៅស្ថិតស្ថេរនៅគង់វង់ដដែល ជាពិសេសមរតកកេរ្តិ៍ដូនតា គឺដីព្រៃភ្នំ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានក្រើនរំលឹកដល់​ប្រធា​នមន្ទីរជំនាញមួយចំនួន និងបុគ្គល ដែលតែងតែរំលោភបំពានដីចំណីភ្នំ និងដីភ្នំតែម្តង ត្រូវបញ្ឈប់​សកម្ម​ភាពជាបន្ទាន់ ជាពិសេស អ្នកដែលចូលចិត្តរំលោភបំពានយកដីសាធារណៈ​របស់​រដ្ឋមកធ្វើប្លង់គ្រប់គ្រង ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

លោកជំទាវអភិបាលខេត្ត ក៏បានដាក់ចេញនូវចំណាត់ការដល់មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែអនុវត្តឱ្យបានម៉ឺងមាត់ តាមនីតិវិធីច្បាប់ ចំពោះបុគ្គលណា ដែលរំលោភយកដីចំណីភ្នំ និងដីភ្នំ និងស្នើឱ្យបញ្ឈប់ការជីកកកាយ និងរុករានទន្ទ្រានយកដីរបស់រដ្ឋ ដោយត្រូវហាមឃាត់ ចាប់ពីពេលនេះតទៅមិនត្រូវឱ្យប៉ះពាល់នោះឡើយ។

ប្រភពដដែល បញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងការរំលោភបំពានដីចំណីភ្នំ និងដីភ្នំនេះដែរ លោកជំទាវអភិបាលខេត្ត ក៏បានដាក់ចំណាត់ការដល់អស់លោក លោកស្រី ប្រធានមន្ទីរជំនាញ​មួយចំនួន ត្រូវអនុវត្តតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាដែលមានការឃុបឃិតគ្នា រំលោភយក​ដីចំណីភ្នំ និងដីភ្នំ ដោយជីកកកាយដឹកដីលក់ ឬពុះឡូតិ៍លក់ ត្រូវតែបញ្ឈប់សកម្មភាពទាំងនោះ។

លោកជំទាវអភិបាលខេត្ត ក៏បានបន្ថែមទៀតថា ​ក្នុងករណីការអនុវត្តមានការរាំងស្ទះដោយបញ្ហា​ណាមួយ ដែលមិនមានការចូលរួមសហការពីបុគ្គលរំលោភបំពាន ឬអ្នកពាក់ព័ន្ធ សូមឱ្យក្រុម​ការងារ​រៀបចំឯកសារសម្រាប់រដ្ឋបាលខេត្ត ដាក់ជូនទៅសាលដំបូងខេត្ត ដើម្បីមានចំណាត់ការ​តាមនីតិវិធីច្បាប់ផងដែរ៕ ​​នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ