ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​និង​កូនស្រី​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ អំពាវនាវ​ជួយ​សង់​លំនៅ​ដ្ឋា​ន​ដើម្បី​រស់នៅ​សមរម្យ​ផង​!

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្ដី​អំពី​ស្ត្រី​មេម៉ាយ​ម្នាក់ រស់​ជាមួយ​កូនស្រី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ខ្ទេច​អស់ទាំង​ស្រុង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្ដី​អំពី​ស្ត្រី​មេម៉ាយ​ម្នាក់ រស់​ជាមួយ​កូនស្រី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ខ្ទេច​អស់ទាំង​ស្រុង កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ បាន​អំពាវនាវ​រក​សប្បុរសជន​ជួយ​សាងសង់​លំនៅ​ដ្ឋា​ន​ដែល​ជា​ជម្រក​ស្នាក់​នៅ និង​ស្បៀងអាហារ​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ពី​ក្រុម​អ្នក​សារព័ត៌មាន ដើម្បី​មនុស្សធម៌​ខេត្តកំពង់ឆ្នាំង បាន​កៀងគរ​រក​សប្បុរសជន​បាន​ថវិកា និង​កង់​ជិះ​ទៅ​ផ្ដល់​ជូន​ស្ត្រី​ខាងលើ ដែល​កំពុង​រស់នៅ​ក្នុងភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ ។

បើ​តាម​ការ​បញ្ជាក់​របស់​ស្ត្រី​ឈ្មោះ អ៊ិ​ល ចិន្តា អាយុ​៤៥​ឆ្នាំ ដែល​ជា​ស្ត្រី​មេម៉ាយ​រង​គ្រោះ​ដោយសារ​អគ្គិ​ភ័យ​ឆេះ​ផ្ទះ​កំពុង​រស់នៅ​ជាមួយ​កូនស្រី ឈ្មោះ ឌ​ន ឌី​ណា អាយុ​១៥​ឆ្នាំ បាន​រៀបរាប់​ពី​ប្រវត្តិ​សង្ខេប​ថា ៖ រូប​គាត់​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ កាលពី​ជាង​១៥​ឆ្នាំ​មុន ពេល​គាត់​មក​ធ្វើការ​នៅ​ខេត្តកំពង់ឆ្នាំង បាន​ប្ដី និង​កូនស្រី​ម្នាក់ មាន​ទីលំនៅ​ផ្សារ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ។

ស្ត្រី​ខាងលើ​បន្ត​ថា នៅ​ពេល​កូនស្រី​អាយុ​៣​ឆ្នាំ គាត់​ក៏​បាន​បែកបាក់​លែងលះ​គ្នា​ជាមួយ​ប្ដី ហើយ​បាន​យក​កូនស្រី​អាយុ​៣​ឆ្នាំ មក​រស់នៅ​ជាមួយ​បងប្អូន នៅ​ក្នុងភូមិ​ព្រៃ​មាន់ ក្រោយមក​ក៏​បាន​ប្ដី​ម្នាក់​ទៀត​​ឈ្មោះ ចាប គឹ​ម​សាន ។ ចាប់តាំងពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​រស់នៅ​រហូត​ជាង​១០ ឆ្នាំ គឺ​ពេល​ដែល​កូនស្រី​គាត់​អាយុ​បាន​១៥​ឆ្នាំ ក៏​កើតរឿង​ទំនាស់​នឹង​គ្នា​ស្ទើរ​រាល់ថ្ងៃ ពី​រឿង​ពេល​ប្ដី​ក្រោយ ព្រោះថា ឲ្យ​តែ​ស្រវឹង គឺ​វា​.​យ​ធ្វើបាប​កូនស្រី​របស់​គាត់ ទើប​ពួក​យើង​លែងលះ​គ្នា​កាលពី​ជាង ១ ខែ​មុន ។

ស្ត្រី​ខាងលើ​បន្ត​ទៀត​ថា ក្រោយ​ពី​លែងលះ​គ្នា រូប​គាត់ និង​កូនស្រី មិន​ហ៊ាន​ដេក​នៅផ្ទះ​ទេ គឺ​បាន​មក​ដេក​នៅផ្ទះ​បងប្អូន ដែល​មាន​របង​ជាប់​គ្នា​។ នៅ​យប់​ថ្ងៃ​កើតហេតុ គឺ​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ ស្រាប់តែ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​គាត់ ដែល​មាន​ទំហំ​៤​ម៉ែត្រ​កន្លះ គុណ​នឹង​៦​ម៉ែត្រ ខ្ទេច​ទាំងស្រុង​គ្មាន​សេសសល់​អ្វី​ឡើយ សូ​ម្បី​តែ​កង់​កូនស្រី​ជិះ​ទៅ​រៀន និង​កង់​របស់​គាត់​ជិះ​ទៅ​ធ្វើការ (​គាត់​ជា​អ្នក​អនាម័យ​នៅ​ក្រុមហ៊ុនទូរស័ព្ទ​មួយ​) ក៏​ត្រូវ​ឆេះ​ខ្ទេច​អស់​ដែរ គ្មាន​សេសសល់​អ្វី​ឡើយ ដោយសារ​ហេតុនេះ​ហើយ ទើប​រូប​គាត់​សូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសធម៌​ទាំងអស់ សូម​មេត្តា​ជួយ​ឧបត្ថម្ភ កសាង​ជម្រក​ស្នាក់​នៅ​ឲ្យ​គាត់​រស់នៅ​ជាមួយ​កូនស្រី​បាន​វិញ​ផង​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ពៅ ថា​រិ​ន ដែល​ជា​មេ​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ផ្អៀ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ អ៊ុ​ល ចិន្តា បាន​ប្ដី និង​រស់នៅ​លើ​ទឹកដី​ភូមិ​ព្រៃ​មាន់​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បាន​ចុះបញ្ជី​ស្នាក់​នៅ​ត្រឹមត្រូវ​។ ក្រោយ​ពេល​មាន​អគ្គិភ័យ​កើតឡើង គឺ​មាន​សប្បុរសជន​មក​ជួយ​ជា​បន្តបន្ទាប់ ដូច​ជា​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន ប៉ុន្តែ​មិន​ទាន់​បាន​ជម្រក​ស្នាក់​នៅ​សមរម្យ​នោះ​ឡើយ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ភូមិ សូម​ចូលរួម​អំពាវនាវ​ដល់​សប្បុរសជន​សូម​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ ថវិកា​សម្រាប់​ការ​សាងសង់​ជម្រក​ស្នាក់​នៅ​ឲ្យ​ស្ត្រី​ខាងលើ​រស់នៅ​បាន​សមរម្យ​ផង ។

សូម​បញ្ជាក់​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រុម​ការ​ក្រុម​អ្នក​សារព័ត៌មាន ដើម្បី​មនុស្សធម៌ បាន​នាំ​យក​នូវ​កង់​មួយ​គ្រឿង​សម្រាប់​អោយ​ក្មួយ​ស្រី ឌ​ន ឌី​ណា បាន​ជិះ​ទៅ​រៀន ដោយ​ឡែក​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋ អភិបាលខេត្ត​កំពង់ឆ្នាំង តាម​រយៈ​អ្នក​សារព័ត៌មាន​នឹង​ផ្តល់​ថវិកា​ចំនួន​១​លាន​រៀល ជូន​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ