ខេត្តបាត់ដំបង ៖ វត្តពោធិ៍វាលជាទីអារាមដ៏ចំណាស់មួយនៅក្នុងខេត្តបាត់ដំបងដែលមកដល់ពេលនេះ មានអាយុកាលជិត១០០ឆ្នាំហើយ ។ ទីអារាមមួយនេះ ជាកន្លែងដែលអ្នកប្រាជ្ញខ្មែរជាច្រើនរូបធ្លាប់បានបួសរៀនសូត្រផងដែរ។
ទីអារាមមួយនេះ បានកំពុងដើរតួនាទីដ៏សំខាន់ជាស្រែបុណ្យនិងថ្នាល់បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនាដ៏សំខាន់មួយនៅខេត្តបាត់ដំបង ក៏ដូចជា នៅកម្ពុជាទាំងមូល ។

មានព្រះសង្ឃច្រើនអង្គបានកំពុងអង្គស្នាក់នៅសិក្សារៀនសូត្រធម៌វិន័យព្រះពុទ្ធសាសនាក្នុងទីអារាមនេះ ។ សំណង់ និងរចនាបទសំណង់ ដែលបន្សល់តាំងពីបុរាណមកបានធ្វើឲ្យវត្តពោធិ៍វាលក្លាយជាមណ្ឌលទេសចរណ៍សំខាន់មួយដែលមានអ្នកទេសចរបរទេសចេញចូលមិនដាច់ ។ តែមានមនុស្សមិនច្រើនទេ ដែលបានដឹងពីប្រវត្តិទីអារាមមួយនេះ ។

កាលពីថ្មីនេះៗ ក្រសួងបរិស្ថាន បានផ្សព្វផ្សាយពីទេសភាពដ៍ស្រស់ស្អាត មានបរិស្ថានល្អនៃទីអារាមនេះ។
តាមក្រសួង វត្តពោធិ៍វាល បានចាប់ផ្ដើមបង្កើតឡើងនៅអំឡុងឆ្នាំ ១៩៥១ ដោយសារតែរឿងរ៉ាវដូចតំណាលថា វត្តពោធិ៍វាល ពីមុន គឺជាវាលស្រែមួយតែប៉ុណ្ណោះ ហើយនៅកណ្ដាលវាលស្រែមានដើមពោធិ៍ដ៏ធំមួយ និងយប់ឡើងកាលណាតែមានពន្លឺចេញពីដើមពោធិ៍នោះ ។

វត្តពោធិ៍វាល រក្សាបាននូវសំណង់បុរាណមួយចំនួនស្រស់ស្អាត បានរៀបចំទីធ្លា ទីតាំងព្រះវិហារ ស្អាត និងមានបរិស្ថានល្អ ជាកន្លែងសម្រាប់ពុទ្ធបរិស័ទមានជំនឿនៅក្នុងព្រះពុទ្ធសាសនា ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិផងដែរ ។
ព្រះតេជគុណ សួន ឈឿន ព្រះចៅអធិការវត្តពោធិ៍វាល ធ្លាប់មានសង្ឃដីកាប្រាប់អ្នកសារព័ត៌មានថា ដើមឡើយវត្តពោធិ៍វាល គឺជាវាលស្រែ ហើយនៅកណ្ដាលវាលស្រែនោះមានដើមពោធិ៍ដ៏ធំមួយ។ នៅរៀងរាល់យប់តែងតែមានពន្លឺចេញពីដើមពោធិ៍នោះ ធ្វើឲ្យប្រជាពុទ្ធបរិស័ទ មូលមតិគ្នា ជីកដីក្រោមដើមពោធិ៍នោះ ក៏ប្រទះឃើញពុទ្ធបដិមា ១អង្គ ដែលបណ្តាឲ្យពលរដ្ឋមានជំនឿតៗគ្នា រហូតដល់បង្កើតទីអាស្រមសម្រាប់គោរពបូជាឡើង។

វត្តពោធិ៍វាលស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងជាប់នឹងដងស្ទឹងសង្កែអដ្ឋិធាតុកវីនិពន្ធចម្រៀងល្បាញល្បីដែលបានរៀបរាប់អនុស្សាវរីយ៍ស្ទឹងសង្កែ គង់ ប៊ុនឈឿន បានកម្កល់នៅក្នុងទីអារាមនេះដែរ។ វត្តពោធិ៍វាលមានសារមន្ទីរមួយ នៅជាប់ខាងកើតព្រះវិហារ មានតម្កល់ចម្លាក់ និងវត្ថុបុរាណផ្សេងៗ ដែលព្រះសង្ឃ អ្នកទេសចរអាចនិមន្ត និងអញ្ជើញមកទស្សនាបានគ្រប់ពេល។
អារាមវត្តពោធិ៍វាល ក៏មានអ្នកប្រាជ្ញខ្មែរជាច្រើនរូបធ្លាប់បួសរៀនផងដែរនាពេលកន្លងមក ដូចជាអ្នកប្រាជ្ញ ញ៉ុក ថែម ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះនៃប្រលោមលោក «កូលាបប៉ៃលិន» ផងដែរ។

ដោយសារតែពុទ្ធបរិស័ទមានជំនឿនៅក្នុងព្រះពុទ្ធសាសនា និងវត្តពោធិ៍វាល រក្សាបាននូវសំណង់បុរាណមួយចំនួនស្រស់ស្អាត រាជរដ្ឋាភិបាលបានចាត់ទុកជាកន្លែង វប្បធម៌ទេសចរអាស៊ាន ផ្នែកព្រះពុទ្ធសាសនា និង ភ្ញៀវជាតិ និងអន្តរជាតិ បានចូលមកទស្សនាជាហូរហែ មកដល់សព្វថ្ងៃនេះ៕
ចែករំលែកព័តមាននេះ