ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុ​យ​អែ​ត​សរសើរ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ គឺជា​គន្លឹះ​យ៉ាង​សំខាន់​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ស៊ុ​យ​អែ​ត​ជាមួយ​កម្ពុជា ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រីក​ចម្រើន​

រាជធានី​ភ្នំពេញ ៖ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ គឺជា​គន្លឹះ​យ៉ាង​សំខាន់​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ស៊ុ​យ​អែ​ត​ជាមួយ​កម្ពុជា ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ រួម​ទាំង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ផង​ដែរ ។ ប្រទេស​ស៊ុ​យ​អែ​ត និង​កម្ពុជា រីករាយ​ដែល​បាន​ក្លាយជា​ដៃគូ​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៧៩ រយៈពេល​២​ឬ​៣​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​របប​ខ្មែរក្រហម​ត្រូវ​បាន​ផ្ដួលរំលំ ។ គ្រានោះ រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​បាន​ផ្ដល់​ជំនួយ​ផ្នែក​ធនធានមនុស្ស​មក​កម្ពុជា​ជា​បន្ដបន្ទាប់ ។

នា​ថ្ងៃ​ទី​១៧ វិច្ឆិកា កន្លង​ទៅ នៅ​វិមាន​រដ្ឋាភិបាល ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ឈៀង យ៉ា​ណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ Ulrika Modeer រដ្ឋលេខាធិ​ការ​ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​នៃ​ក្រសួងការបរទេស​ស៊ុ​យ​អែ​ត និង​លោក​ជំទាវ Maria Sargren ឯកអគ្គរាជទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា ក្នុង​គោលបំណង​ពិភាក្សា​​អំពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​កម្ពុជា​-​ស៊ុ​យ​អែ​ត និង​ផ្លាស់​ប្ដូរ​យោបល់ និង​បទ​ពិសោធន៍​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ស៊ុ​យ​អែ​ត នា​ពេល​អនាគត។

ថ្លែង​ក្នុង​ជំនួប​នោះ លោក ឈៀង យ៉ា​ណា​រ៉ា បាន​លើក​ឡើង​ថា ៖ « យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ស៊ុ​យ​អែ​ត​បាន​តម្រឹម​យ៉ាង​ល្អ​ប្រសើរ និង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ស៊ុ​យ​អែ​ត ដែល​បាន​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍន៍​របស់​កម្ពុជា ព្រមទាំង​បាន​ចាត់​ទុក​ស៊ុ​យ​អែ​ត​ជា​ប្រទេស​នាំមុខ​គេ​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព » ។

លោក​ជំទាវ Ulrika Modeer បាន​កោតសរសើរ​ចំពោះ​ការ​ឡើង​ឋានៈ​របស់​កម្ពុជា នា​ពេល​ថ្មី​ៗ​នេះ​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​គួរ​ឲ្យ​កត់សម្គាល់ ។

ជាមួយ​គ្នា​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្ដូរ​យោបល់​អំពី​ដំណើរការ​នៃ​ការ​ធ្វើ​មូលដ្ឋាន​នី​យ​កម្ម​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG Localization) និង​ទស្សនៈ​មួយ​ចំនួន​អំពី​កិច្ចប្រជុំ​សកល​លើក​ទី​២ ស្ដី​ពី​ភាព​ជា​ដៃគូ​ជា​សកល​សម្រាប់​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាធារណរដ្ឋ​កេ​ន​យ៉ា នា​ចុងខែ​នេះ ។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​លើ​វិស័យ​អាទិភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ កម្ពុជា​-​ស៊ុ​យ​អែ​ត នា​ពេល​អនាគត​ផង​ដែរ ដោយ​ក្នុង​នោះ លោក ឈៀង យ៉ា​ណា​រ៉ា
បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ស៊ុ​យ​អែ​ត ឲ្យ​បន្ដ​គាំទ្រ​ដល់​វិស័យ​អាទិភាព​នានា ជា​ពិសេស​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ ដោយ​ផ្ដោត​ការ​យកចិត្ត ទុកដាក់​ជា​ចម្បង​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធាន មនុស្ស តាម​រយៈ​ការ​ពង្រឹង​ការ​អប់រំ​នៅ​ថ្នាក់មធ្យមសិក្សា និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារពលកម្ម​នៅ​កម្ពុជា ៕