ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦.០០នាទីល្ងាច មានប្រជានេសាទម្នាក់មានឈ្មោះ មូល ធន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ចាប់បានត្រីបបែលយក្សទឹកសាបមួយក្បាល បន្ទាប់មកប្រជានេសាទ ដែលចាប់បានត្រីបបែលយក្សទឹកសាបនេះ ក៏បានរាយការណ៍ទៅប្រធានសហគមន៍នេសាទ ហើយប្រធានសហគមន៍នេសាទ ក៏បានរាយការណ៍បន្តទៅខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។

បើតាមលោក ស្រី វិចិត្រ ប្រធានរដ្ឋបាលជលផលស្ទឹងត្រែង បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារបានចេញដំណើរទៅសហគមន៍ ដើម្បីធ្វើការវាស់ថ្លឹង កឹបស្លាកលេខ រួចយកសំណាកធ្វើ DNA និងលែងចូលទៅក្នុងទន្លេធម្មជាតិវិញ។

លោកស្រីបន្តថា លុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងក្រុមការងារគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ គឺបានធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA និងលែងត្រីបបែលយក្សទឹកសាបចូលទៅក្នុងធម្មជាតិវិញ ។

លោកស្រីបន្តទៀតថា ត្រីបបែលយក្សនេះ គឺមានភេទញី ទម្ងន់៣០០គីឡូក្រាម ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨សង់ទីម៉ែត្រ ប្រវែងពីក្បាលដល់គល់កន្ទុយប្រវែង ២២០សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០សង់ទីម៉ែត្រ ។ ហើយការលែងត្រីបបែលទឹកសាបនេះ មានការចូលរួមពីមន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក្រុមការងារគម្រោងអច្ឆរិយៈនៃទន្លេមេគង្គ អាជាធរឃុំកោះព្រះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះព្រះ និងសហគមន៍នេសាទភូមិកោះព្រះផងដែរ។

សូមបញ្ជាក់ថា នេះគឺជាត្រីបបែលយក្សទឹកសាបទី៣ហើយ ដែលបានលែងទៅវិញនៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។




ចែករំលែកព័តមាននេះ