ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីធ្លី​នៅ​ទីរួមខេត្ត​កំពត​កំពុង​ត្រូវប៉ាន់​សម្រាប់​សាងសង់​កន្លែង​លំហែកាយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​មាន​សន្ទុះ​ខ្លាំង ជា​ពិសេស នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង ក៏​បាន​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​តាម​បណ្ដា​ខេត្ត​មាន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​មាន​សន្ទុះ​ខ្លាំង ជា​ពិសេស នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង ក៏​បាន​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​តាម​បណ្ដា​ខេត្ត​មាន​សក្ដានុពល​មួយ​ចំនួន​ស្ទុះ​ងើប​តាម​ដែរ ប៉ុន្តែ​បើ​ធៀប​នឹង​ភ្នំពេញ គឺ​មាន​កម្រិត​ទាប​នៅឡើយ​។ សម្រាប់​ខេត្តកំពត ដែល​ជា​ខេត្ត​មាត់សមុទ្រ​មួយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ផង​នោះ មួយ​រយៈ​នេះ សកម្មភាព​ទិញ​លក់​ដីធ្លី​មានការ​មមាញឹក​ច្រើន​ជាង​មុន ខណៈ​តម្លៃ​ដី​ក៏​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ដែរ ។

លោក សុខ កែន អ្នកគ្រប់គ្រង​ក្រុមហ៊ុន Kampot Property ជា​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ប្រចាំ​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា សកម្មភាព និង​តម្លៃ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត​មិន​មមាញឹក​ដូច​នៅ​ទីក្រុង​ភ្នំពេញ​ទេ ព្រោះ​វា​ជា​ខេត្ត​ឆ្ងាយ និង​មិន​ទាន់​មាន​សកម្មភាព​ខាង​ពាណិជ្ជកម្ម អាជីវកម្ម​ខ្លាំង​ទេ ។ លោកនិយាយ​ថា ៖ « ភ្ញៀវ​ដែល​មក​រក​ទិញ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត មិន​សំដៅ​ទៅ​លើ​ដី​ធ្វើ​អាជីវកម្ម ឬ​ពាណិជ្ជកម្ម​នោះ​ទេ ភាគច្រើន​មក​រក​ទិញ​ដី​សម្រាប់​សង់​ជា​តំបន់​លំហែកាយ ដោយសារ​តែ​ទីរួមខេត្ត​កំពត ជា​តំបន់​នៅ​ជាប់មាត់​សមុទ្រ និង​មាន​តំបន់​រមណីយដ្ឋាន​ច្រើន ។ ដូចនេះ ពួក​គាត់​មក​រក​ទិញ​ដី​ណា​ដែល​អាច​សង់​ជា​បឹង​ហ្កា​ឡូ (​ផ្ទះ​សម្រាកលំហែ​) ឬ​ជា​រី​សត ជាដើម » ។

លោក​បន្ត​ថា បើ​ចំពោះ​សកម្មភាព​ទិញ​ដី​សម្រាប់​សង់​ជា​អគារ ឬ​លំនៅ​ឋាន​ធំ​ៗ​នោះ​មិនសូវ​មាន​ប៉ុន្មាន​ទេ គឺ​តិចតួច​បំផុត ។ បើ​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​មាន​ជា​ហូរហែ តែ​ក៏​មាន​ទៅ​តាម​តំបន់​ដែរ គឺ​តំបន់​ណា​ដែល​គិត​ជា​តំបន់​មាន​សក្ដានុពល​សម្រាប់​នៅ​ពេល​អនាគត ដូច​ជា នៅ​ក្បែរ​ៗ​មាត់ទឹក ឬ​មាត់ទឹក​ជាដើម ។

លោក កែន បន្ថែម​ថា បើ​និយាយ​ពី​តម្លៃ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត​វិញ គឺ​យើង​និយាយ​តែ​នៅ​តំបន់​ដែល​មាន​សក្ដានុពល​ប៉ុណ្ណោះ គឺ​នៅ​ជុំវិញ​ទីរួមខេត្ត​កំពត​ឃើញ​ថា មាន​កំណើន​ខ្ពស់​បើ​ធៀប​នឹង​រយៈពេល​មុន​ៗ ហើយ​ដី​ដែល​មាន​តម្លៃ​ជាងគេ​ក្នុង​ចំណោម​ដី​ក្នុង​ខេត្តកំពត​នោះ គឺ​ដី​នៅ​តាម​មាត់​ទឹកតែ​ម្ដង ហើយ​តំបន់​ឆ្ងាយ​ពី​មាត់ទឹក​ក៏​មាន​កំណើន​ដែរ គ្រាន់តែ​មិន​ខ្ពស់​ដូច​នៅ​តំបន់​ក្បែរ​មាត់ទឹក ។ លោក​និយាយ​ថា ៖ « យើង​មិន​អាច​វាយតម្លៃ​ដីធ្លី​មួយ​ជាក់លាក់​បាន​ទេ តម្លៃ​ដី​អាស្រ័យ​លើ​ទីតាំង និង​ទំហំ​ដី ។ ជាក់ស្ដែង ដី​នៅ​តាម​មាត់​ព្រែក​កំពត ដែល​នៅ​ជិត​ក្រុង​តម្លៃ​មួយ​ផ្សេង​ខ្ពស់​បន្តិច ហើយ​បើ​ទីតាំង​ដី​នោះ​នៅ​ឆ្ងាយ​ពី​ទីរួមខេត្ត​បន្តិច​ទៅ តម្លៃ​វា​ក៏​ខុស​គ្នា​ពី​នេះ​ដែរ » ។

ទោះជា​យ៉ាងណា តម្លៃ​ដីធ្លី​នៅ​ខេត្តកំពត​ត្រូវ​បាន​លោក សុខ កែន បញ្ជាក់​ថា ទីតាំង​ល្អ​នៅ​ជាប់មាត់​ព្រែក ដី​ទំនេរ អាច​មាន​តម្លៃ​ចន្លោះ​ពី​២៥​ដុល្លារ ទៅ​៤០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ដី​នៅ​ឆ្ងាយ​ពី​មាត់​ព្រែក​បន្តិច មាន​តម្លៃ​ចន្លោះ​ពី​៣០​ដុល្លារ ទៅ​៣៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។ ប៉ុន្តែ​បើសិនជា​ដីធ្លី​នៅ​កណ្ដាល​ក្រុង​តែ​ម្ដង ដែល​មានផ្ទះ មាន​អគារ​និង​សំណង់​ស្រាប់ គឺ​តម្លៃ​ខ្ពស់​ជាង​នេះ​ទៀត ទៅ​តាម​ទីតាំង​ទំហំ និង​សណ្ឋាន​ដី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កំពត ក៏​ជា​ខេត្ត​គោលដៅ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ ។ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​មួយ​បាន​បង្ហាញ​ត្រួស​ៗ​ពី​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្តកំពត ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដូចនេះ បើសិនជា​គម្រោង​នេះ​ចាប់ផ្ដើម​ពេល​ណា​នោះ ទីផ្សារ​អចលនទ្រព្យ ជា​ពិសេស ដីធ្លី​នឹង​កាន់តែ​មាន​ហាងឆេង​ខ្ពស់​ថែម​ទៀត ៕