ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ជោគជ័យ​11​រូប​ត្រៀម​ចែករំលែក​វិធីសាស្ត្រ ធ្វើ​ជំនួញ​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនួញ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​មុខ​ជំនួញ​ចំនួន​១១​រូប​គ្រោង​នឹង​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច​មួយ ស្ដី​អំពី​រៀន​ធ្វើ​ជំនួញ ។ សន្និសីទ​ធុរកិច្ច​នេះ នឹង​ធ្វើ​ឡើងជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៤ ធ្នូ ២០១៦ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា សន្និសីទ​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​អ្នក​ចង់​បង្កើត​អាជីវកម្ម ក៏​ដូច​ជា​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ឲ្យ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​របៀប​ចាប់ផ្ដើម​ធ្វើ​ជំនួញ ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ក្ស័យធន ។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អ្នក​រៀបចំ បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​វាគ្មិន​ដែល​នឹង​ចូលរួម​នៅ​ថ្ងៃ​នោះ រួម​មាន លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ស្ថាបនិក MJQ Education Group,​លោក​ឧកញ៉ា​បណ្ឌិត ហៃ លី​អ៊ា​ង ស្ថាបនិក​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េ​អឹ​ម និង​លោក សោម សម្បត្តិ ស្ថាបនិក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ នឹង​ធ្វើការ​ចែករំលែក​បទ​ពិសោធន៍ ផ្នត់គំនិត និង​លក្ខណសម្បត្តិ​ដែល​អាច​នាំ​ឲ្យ​ជោគជ័យ ក៏​ដូច​ជា​ចក្ខុវិស័យ ដំណើរ​ចាប់ផ្ដើម សមិទ្ធផល និង​ផល​វិជ្ជមាន​ទៅ​កាន់​សង្គម​ក្នុង​ជំនួញ​ផង​ដែរ ។

នៅ​ក្នុង​ថ្ងៃ​នោះ​ដែរ ម្ចាស់​អាជីវកម្ម​ថ្មី​ៗ ដែល​ទទួល​បាន​ជោគជ័យ​ដូច​ជា លោក ឡា ទី ស្ថាបនិក​ហាង​កា​រ៉េ​ម La Pops, លោក ជា ឡង់​ដា ស្ថាបនិក Book Me Bus, លោក សុខ សុភមង្គល ស្ថាបនិក Codingate, លោក ធុ​ល រឹ​ទ្ធី ស្ថាបនិក Small World និង​លោកស្រី ស្រាត មុំ​សុភា ស្ថាបនិក Sophiya Travel & Tour នឹង​ចែករំលែក​បទ​ពិសោធន៍​ជោគជ័យ​នៅ​ពេល​ចាប់ផ្ដើម​ជំនួញ​របស់​ពួក​គាត់ ។

ក្រៅពី​នោះ លោក ជី សិលា ស្ថាបនិក Sabay និង​លោក សំ កុសល ស្ថាបនិក​ទស្សនាវដ្ដី ពាណិជ្ជកម្ម​កម្ពុជា នឹង​ធ្វើ​បទ​បង្ហាញ​ពី​ឧបសគ្គ បញ្ហា​ប្រឈម ជំហាន​នៃ​ការ​បង្កើត​ជំនួញ និង​របៀប​ចាប់ផ្ដើម​ពី​ចំណុចសូន្យ ក៏​ដូច​ជា​ជម្រះ​ការ​យល់​ខុស​ស្ដី​ពី​ការ​ធ្វើ​ជំនួញ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា អ្នក​ដែល​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច​នោះ នឹង​យល់​កាន់តែ​ច្បាស់​ពី​ការ​បង្កើត​ផ្នត់គំនិត​អាជីវកម្ម និង​ពី​មូលហេតុ​បរាជ័យ​ដែល​អ្នក​រកស៊ី​៩០%​បាន​ឆ្លងកាត់ យល់​ពី​ដំណើរ និង​ដំណាក់កាល​ផ្សេង​ទៀត​នៃ​អាជីវកម្ម ហេតុផល​ដែល​ត្រូវ​ចាប់ផ្ដើម និង​បាន​គំនិត​បទ​ពិសោធន៍​ល្អ​ៗ​ក្នុង​ការ​សម្រេចចិត្ត​ចាប់​យក​អាជីវកម្ម​ណាមួយ​សម្រាប់​ខ្លួន ៕