ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារអន្តរក្រសួង​ ត្រួតពិនិត្យដីតំបន់៣ ក្នុង​ឃុំចំនួន២ ក្នុងស្រុកកំពង់លែង ដែល​ប្រជាពលរដ្ឋ​ធ្លាប់អាស្រ័យផលយូរឆ្នាំ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី…

ខេត្តកំពង់ឆ្នាំង៖ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារអន្តរក្រសួង និងអាជ្ញាធរស្រុក និងខេត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំសំរោងសែន និងឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង ដើម្បីសិក្សា និងពិនិត្យមើលភូមិដ្ឋាន និងដីស្រែចំការ នៅក្នុងដីតំបន់៣ ដែលប្រជាពលរដ្ឋ ធ្លាប់រស់នៅ និងអាស្រ័យ​ផល​យូរឆ្នាំកន្លងមក។ ការត្រួតពិនិត្យនេះ ដើម្បីធ្វើឯកសារ ស្នើសុំទៅប្រមុខរដ្ឋាភិបាល កាត់ឆ្វៀលដីទាំងនោះ ជូនពួកគាត់កាន់កាប់ស្របច្បាប់។

នៅក្នុងពិធីសំណេះសំណាល់ជាមួយប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមាន​ប្រសាសន៍ថា យោងតាមរបាយការណ៍របស់អាជ្ញាធរឃុំស្រុក និងខេត្ត និងយោងតាមការពិនិត្យ​ជាក់ស្តែងទីតាំងភូមិដ្ឋានប្រជាពលរដ្ឋ នៅលើដីទួល ក្នុងឃុំសំរោងសែន និងវត្តថ្នល់ឈើទាល ឃុំផ្លូវទូក ពិតជាមានអាយុ ៤តំណរមនុស្ស ជាងពីររយឆ្នាំមកហើយ និងដីស្រែចំការនៅជុំវិញ​មូលដ្ឋានឃុំទាំងពីរនេះ គឺប្រជាពលរដ្ឋមួយចំនួនធំបានរស់នៅ និងពិតជាបានអាស្រ័យ​ផល​ប្រាកដមែន។

ដូច្នេះក្រោយពីក្រុមការងារអន្តរក្រសួង រួមមាន ក្រ​សួងដែនដី ក្រសួងអភិវឌ្ឍន៍ជនប​ទ ​ក្រសួងបរិស្ថាន​, ក្រសួងធនធា​នទឹក, ក្រសួងកសិកម្ម បានចុះមកត្រួតពិនិត្យ និងសិក្សាដោយផ្ទាល់ ជាមួយអាជ្ញាធរខេត្ត និងស្រុក នៅថ្ងៃនេះ ពេលទៅដល់សាលាខេត្តកំពង់ឆ្នាំងវិញ ក្រុមការងារ នឹងធ្វើការ និងត្រួតពិនិត្យ ដើម្បីចុះហត្ថលេខារួមគ្នា ដាក់សំណើរជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យសម្រេចក្នុងផែនការកាត់ឆ្វៀលដីភូមិឋាន និងដីស្រែចម្ការ ក្នុងដីតំបន់ ៣ មួយចំនួនជូនប្រជាពលរដ្ឋ ដែលធ្លាប់កាន់កាប់លើសពី ១០ឆ្នាំ​។

ដោយឡែកនៅក្នុងឃុំផ្លូវទូក ជាឃុំរៀបចំថ្មី ដែលប្រជាពលរដ្ឋបានឡើងមកពីផ្ទះបណ្តែតទឹក មករស់នៅលើគោក គឺចែកដីលំនៅដ្ឋានជូនប្រ​ជាពលរដ្ឋ ក្នុង ១គ្រួសារ ក្បាល ២០ ម៉ែត្រ គុណ ១០០ ម៉ែត្រ និងដីស្រែក្នុង ១គ្រួសារ ២ ហិកតា​។

លោក ជា សុផារ៉ា បានបន្តទៀតថា រឿងនេះ សូមបងប្អូនប្រជាពលរដ្ឋ យល់ឱ្យបានច្បា​ស់ និងសូមកុំចាញ់ឃោសនាបក្សប្រឆាំង អោយសោះ ព្រោះការកាត់ឆ្វៀលដីតំ​បន់ ៣នេះ គឺមានតែ​សម្ដេ​ចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ​បាល និងជាប្រធានគណបក្សប្រ​ជាជនតែមួយគត់ ដែលមានសិទ្ធិសម្រេ​ចកាត់ឆ្វៀលជូនប្រជាពលរដ្ឋ​។ ដូច្នេះកុំភ្លេចបោះ​ឆ្នោត​ជូនក្រុមប្រឹ​ក្សា​ឃុំសង្កាត់​របស់គណបក្សប្រជា​ជនកម្ពុជា នៅថ្ងៃបោះឆ្នោត នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខនេះ ទើបនៅក្នុងមូលដ្ឋានយើង មានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្រោយពីទទួលបានព័ត៌មានបែបនេះ ប្រជាពលរដ្ឋរីករាយសប្បាយចិត្តគ្រប់ៗគ្នា និងបានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី ដែលបានយកចិត្តដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋរស់នៅ​តំបន់ជុំវិញ​បឹងទន្លេសាប៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ