នៅក្នុងព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រ ខ្មែរ សម្តេចព្រះនរោត្តមសីហនុ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យជូនកម្ពុជាឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង។ យើងសូមដកស្រង់ប្រវត្តិសង្ខេបនៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាដូចតទៅនេះ ៖
១-តាមសន្ធិសញ្ញាចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ។
២-ជាគោលការណ៍តាមផ្លូវច្បាប់ ឯករាជ្យនេះយើងទទួលបានមែន ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែង ឯករាជ្យនេះនៅខ្វះវិស័យជាច្រើនទៀតដូចជា អធិបតេយ្យខាងយុត្តិធម៌ ប៉ូលិស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឱ្យចាយធនប័ត្រដើម្បីឱ្យមានឯករាជ្យទាំងស្រុង ។
៣-តាមសេចក្តីប្រកាសថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសន្យាយ៉ាងឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា «ព្រះអង្គនឹងដណ្តើមយកឯករាជ្យទាំងស្រុងនេះដើម្បីមាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត» ។
៤-នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យរបស់កម្ពុជាជាមួយប្រមុខរដ្ឋបារាំង ។
៥-នៅដឺឡាណាពូល ថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានផ្ញើព្រះរាជសារលិខិតមួយច្បាប់ជូនចំពោះលោកវ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីរៀបរាប់បង្ហាញឱ្យប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដឹងពីភាពចាំបាច់សំដៅធ្វើឱ្យបារាំងពង្រីកក្របខ័ណ្ឌឯករាជ្យរបស់ខ្មែរ ។
ភ្ជាប់នឹងព្រះរាជសារលិខិតនេះ មានការសិក្សាគ្រប់គ្រាន់ដោយទឡ្ហីករណ៍សំអាងបញ្ជាក់អំពីការទាមទាររបស់ព្រះអង្គ និងការផ្តល់យោបល់ពីបែបបទនៃការផ្ទេរអំណាចជាយថាហេតុ ។
នៅដឺឡាណាពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅហ្វុងតែនណាប្លូ ថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានសរសេរព្រះរាជសារលិខិតចំនួន២ច្បាប់បន្តទៀតផ្ញើជូនលោកវ៉ាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញបន្ថែមលើទស្សនៈរបស់ព្រះអង្គដែលទាក់ទងទៅនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំងប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះ ។
៦-នៅចំពោះមុខការលាក់លៀមរបស់រដ្ឋាភិបាលបារាំង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុវរ្ម័ន បានយាងចាកចេញពីប្រទេសបារាំងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះព្រះអង្គបានធ្វើយុទ្ធនាការឃោសនាដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ ។
សេចក្តីថ្លែងការណ៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំ «ញូវយ៉កថែម» នៅថ្ងៃទី១៩ មេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាលបារាំង ទទួលយល់ព្រមធ្វើការចរចាជាមួយតំណាងផ្ទាល់របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ តំណាងនេះគឺលោកប៉ែន នុត ដោយមានការចូលរួមពីលោក សម សារី ផង ។
៧-ការចរចានៅប៉ារីស បានឈានទៅដល់សំណើមួយដែលធ្វើឡើងដោយប្រទេសបារាំងយល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា ។
ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៣ លោកប៉ែន នុត បានវិលត្រឡប់មកកាន់កម្ពុជាវិញ ដើម្បីទូលថ្វាយព្រះមហាក្សត្រអំពីលទ្ធផលដែលទទួលបាននៅក្រុងប៉ារីស ។
ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ បានយាងមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ ។
៨-ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានថ្វាយព្រះកិត្តិយសចំពោះព្រះអង្គជាអ្នកទទួលជ័យជម្នះ និងជាវីរបុរសនោះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយ ដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទច្ឆាយាថា «ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ភាគរយ» ។
៩-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានភៀសព្រះកាយទៅប្រទេសថៃ ក្រោយពីមានសេចក្តីប្រកាសមួយដែលទាក់ទាញពិភពលោកស្តីពីការមិនពេញចិត្តនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនខ្មែរ ។ ការមិនពេញចិត្តនេះ អាចនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល ។
១០-ក្រោយពីបានដឹងថា គ្រប់ប្រជាជាតិមានការយោគយល់ចំពោះការទាមទារឯករាជ្យ និងចំពោះព្រឹត្តិការណ៍នៅប្រទេសកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានយាងត្រឡប់មកមាតុភូមិរបស់ព្រះអង្គវិញ ហើយយាងទៅគង់នៅតំបន់ស្វយ័តមួយដែលរួមមានខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ ។
ស្វយ័តភាពផ្នែកយោធានៃខេត្តទាំងនេះ ត្រូវបានប្រគល់ឱ្យប្រទេសកម្ពុជា ដោយមានការទាមទារមួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀមរាប និងខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ខេត្តបាត់ដំបង ។
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ទ្រង់បានប្រកាសថា ព្រះអង្គនឹងយាងចូលរាជធានីវិញ នៅពេលណាដែលបារាំងព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញនូវកេតនភណ្ឌចុងក្រោយនៃឯករាជ្យរបស់ខ្លួន ។
ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានបង្កើតកងកម្លាំងជីវពល និងនារីក្លាហាន ដែលក្រោយមកមានតួនាទីយ៉ាងធំធេង ។
លោកប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា ។
១១-ការចរចាដែលប្រព្រឹត្តទៅនៅក្រុងភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំរបស់លោកប៉ែន នុត បានសម្រេចដោយជោគជ័យទាំងស្រុង ។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថកិច្ចរបស់បូ៉លិស ។ នៅចុងបញ្ចប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យខាងយោធារបស់ប្រជារាស្ត្រ ខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ អធិបតេយ្យទាំងមូលលើផ្នែកការទូតត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិតរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាល (ចម្លើយរបស់រដ្ឋាភិបាលបារាំង ចំពោះកំណត់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលប្រគល់ដោយអគ្គស្នងការរបស់សាធារណរដ្ឋបារាំង លេខ៣៩៣R ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៥៣ លិខិតទទួល និងភាពត្រឹមត្រូវលើការអនុវត្តកិច្ចព្រមព្រៀងមានចែងក្នុងកំណត់មួយសម្រាប់រាជរដ្ឋាភិបាលដែលប្រគល់ជូនអគ្គស្នងការនៃសាធារណរដ្ឋបារាំងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមលេខ៦៧-P.C.L.M) ។
១២-នៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេចបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ។ លើចម្ងាយផ្លូវ៣០០គីឡូម៉ែត្រ ដែលព្រះអង្គធ្វើដំណើរ ប្រជារាស្ត្រ ខ្មែរក្នុងក្តីរំជួលចិត្តបានធ្វើឱ្យព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក ។
នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយនៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ ឡង់ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា ។
កងទ័ព និងអគ្គសេនាធិការរបស់បារាំងបានដកថយពីព្រះរាជាណាចក្រកម្ពុជា ។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង ។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់ ។
ពពកខ្មៅចុងក្រោយដែលបិទបាំងមិត្តភាពខ្មែរ-បារាំង បានរលាយសាបសូន្យទាំងស្រុងបន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
គណៈប្រតិភូខ្មែរដែលបញ្ជូនទៅក្រុងប៉ារីសដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំងទទួលស្គាល់ជាផ្លូវការ គឺដឹកនាំដោយលោកចាន់ ណាក ។ បន្ទាប់ពីលោកបានទទួលមរណភាពនៅទីក្រុងប៉ារីសនោះ គណៈប្រតិភូខ្មែរត្រូវដឹកនាំដោយលោកញឹក ជូឡុង និងនៅចុងក្រោយបង្អស់ដឹកនាំដោយលោកអូ ឈឺន ដែលនៅពេលនោះជាឧបនាយករដ្ឋមន្ត្រី និងចូលរួមដោយលោកសឺន សាន ។
១៣-នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅហ្សឺណែវ បានប្រព្រឹត្តទៅដោយរួមបញ្ចូលគូបដិបក្សដែលមានវិវាទនៅឥណ្ឌូចិន ។ នៅសន្និសីទក្រុងហ្សឺណែវ ព្រះមហាក្សត្របានបញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយលោក ទេព ផន នៅពេលនោះជារដ្ឋមន្ត្រីការបរទេស និងមានលោកញឹក ជូឡុង លោកសម សារី លោកនង គឹមនី លោកសឺន សាន ។ល។ ដែលក្រោមការណែនាំពីព្រះមហាក្សត្របានដឹងថា សន្និសីទប្រកាសដកទ័ពរបស់ប្រទេសជិតខាងមួយចេញពីព្រះរាជាណាចក្រកម្ពុជា ។ ប្រទេសកម្ពុជាចេញពីសន្និសីទហ្សឺណែវនេះ «កក្កដា ឆ្នាំ១៩៥៤» ដោយគ្មានការខូចខាតអ្វីទាំងអស់ ។ ផ្ទុយពីប្រទេសឡាវ និងវៀតណាម ព្រះរាជាណាចក្រកម្ពុជាអាចចៀសវាងការបែងចែកទឹកដី ។
១៤-ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ យ៉ាងតិច៣ឆ្នាំ ទើបអាចបំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះប្រជារាស្ត្រ ។ ប្រជារាស្ត្រ ខ្មែរបានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ហើយតាមសំណូមពររបស់តំណាងរាស្ត្រ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិ រាជរដ្ឋាភិបាលបានលើកព្រះអង្គជាវីរបុរសជាតិ ស្របតាមមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមរបស់ព្រះអង្គ ៕
ចែករំលែកព័តមាននេះ