ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សម្រេចបានសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ដែលបានចូលរួមប្រែក្លាយមុខមាត់ខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសបានចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។
លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលមានសក្តានុពលខ្ពស់ ដោយរាជរដ្ឋាភិបាលបានផ្តោតការវិនិយោគយ៉ាងសំខាន់ មកលើភូមិសាស្ត្រខេត្តមួយនេះ តាមរយៈយន្តការគ្រប់វិស័យទាំងអស់ ដូច្នេះការអភិវឌ្ឍផ្លូវថ្នល់ ហេដ្ឋារចនាសម្ពន្ធ័នៅទូទាំងខេត្ត គឺសុទ្ធតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាប្រែក្លាយខេត្តដ៏មានសក្តានុពលនេះ ឱ្យមានភាពលេចធ្លោទាំងនៅក្នុងឆាកជាតិ និងអន្តរជាតិ។
លោកបានបន្តថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ មន្ទីរបានខិតខំប្រឹងប្រែងអនុវត្តន៍ផែនការសំខាន់ៗ ដែលបានដាក់ចេញឱ្យសម្រេចបានតាមការគ្រោងទុក ដោយបានអភិវឌ្ឍន៍ផ្លូវចំនួន ៣៧ខ្សែ ក្នុងក្រុង ដែលមានប្រវែងសរុប ៨៤ គីឡូម៉ែត្រ សាងសង់រង្វង់មូលចំនួន៣ទីតាំង សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ ទីតាំង ដែលទីតាំងទី៣បាននិងកំពុងសាងសង់ , សាង់សង់ស្ថានីយបូមទឹកកង្វក់ចំនួន ៤កន្លែង , អភិវឌ្ឍន៍ផ្លូវចំនួន ១០ខ្សែ ប្រវែងសរុបជិត ៦០គីឡូម៉ែត្រ (ផ្លូវ១០ខ្សែក្នុងក្រុងនិងផ្លូវខេត្ត១ខ្សែ ) ស្តារអូរប្រឡាយធម្មជាតិ ចំនួន ៥ខ្សែប្រវែងសរុបជាង ២៧គីឡូម៉ែត្រ ស្ថានីយចម្រោះទឹកកខ្វក់១៦ហិកតា ជាដើម។
លោកបញ្ជាក់ថា «លើសពីនេះ យើងមានស្ថានីយចម្រោះទឹកកខ្វក់ ១៦ហិកតា ដែលជាស្ថានីយ៍បែបធម្មជាតិ ហើយយើងក៏បានពង្រឹងសមត្ថភាពចម្រោះទឹកកខ្វក់របស់យើង ដើម្បីទទួលច្រោះ បានរហូត ដល់ប្រហែលជា ៣០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយកាលពីមុននៅពេលដែលយើងមិនទាន់បានបន្ថែមវា ស្ថានីយច្រោះទឹកនេះអាចបានត្រឹមតែ ៧,០០០ តែប៉ុណ្ណោះ គឺដោយសារតែកំណើនប្រជាពលរដ្ឋ ហើយដូចយើងឃើញហើយថា ខេត្តព្រះសីហនុមានការរីកលូត លាស់ខ្លាំងនៅក្នុងអំឡុងពេល៣ទៅ៤ឆ្នាំចុងក្រោយនេះ ដូច្នេះការបញ្ចេញទឹកកខ្វក់នេះក៏មានច្រើនដែរ ដូច្នេះនៅខេត្តនេះមានប្រព័ន្ធចម្រោះទឹកកខ្វក់ ១៦ហិកតារបស់ក្រសួងសាធារណការ ហើយនឹងប្រភេទប្រើប្រាស់ជាតិគីមីរបស់គណៈកម្មការឆ្នេរ ដែលលោកបានសាងសង់រួចហើយ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្ថានីយ៍ទាំងអស់នេះ បម្រើឱ្យការច្រោះទឹកកខ្វក់ ដើម្បីធានាថា មិនឱ្យមានទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រ ហើយក្រៅពីនេះទៀត យើងមានស្ថានីយបូមទឹកកខ្វក់ ដោយទីតាំងខ្លះយើងដឹងហើយថា ភូមិសាស្ត្រខេត្តព្រះសីហនុយើងគឺមានភ្នំ ដូច្នេះស្ថានីយយើងមានកន្លែងខ្លះមិនអាចហូរទៅតាមធម្មជាតិបានត្រឹមត្រូវទេ ដូច្នេះយើងត្រូវការមានស្ថានីយ៍បូម ជាក់ស្ដែងយើងមានស្ថានីយបូម៨ទីតាំង ដែលបម្រើការឱ្យការបូមទឹកកខ្វក់ ដើម្បីឆ្ពោះ ទៅអាង១៦ហិកតា ឬក៏ឆ្ពោះ ទៅស្ថានីយបូមទឹកកខ្វក់ដែលយើងបានរៀបចំ»។
លោកប្រធានមន្ទីរ បានបន្ថែមទៀតថា ចំពោះគម្រោងថ្នាក់ ក្រោមជាតិ ក៏សម្រេចបានគម្រោងសាងសង់និងជួស ជុលផ្លូវចំនួន៤៤ខ្សែ ដែលមានប្រវែងសរុប ៤៣គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងជាផ្លូវ DBST ផងដែរ ដែលសមិទ្ធ ផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល ក្នុងការចូលរួមចំណែកកាន់បន្ថយភាពក្រីក្រ ប្រែក្លាយខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ជាពិសេសគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នាពេលអនាគត៕ ចន ណារិទ្ធ
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ