ខេត្តឧត្តរមានជ័យ ៖ គ្រា.ប់យុទ្ធភណ្ឌ និងកាកសំណល់គ្រឿងផ្ទុះដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាមជាច្រើនគ្រា.ប់ បានត្រូវមជ្ឈមណ្ឌលជាតិបោសសម្អាតមីនរកឃើញ និងរៀបចំពិធីកម្ទេចចោល កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅ នៅជើងភ្នំដងរែក ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
![Picture]()
ពិធីកម្ទេចគ្រាប់យុទ្ធភណ្ឌនិងកាកសំណល់មិនទាន់ផ្ទុះនេះ ប្រព្រឹត្តធ្វើក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក ផល សាម៉ន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពទទួលបន្ទុកបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជាសមាជិកអនុគណៈកម្មការឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្ត លោកមេបញ្ជាការ មេបញ្ជារងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត ។
![Picture]()
ឧត្តមសេនីយ៍ឯក ផល សាម៉ន បានថ្លែងថា ស្តូបអនុស្សាវរីយ៍វិមានឈ្នះ ឈ្នះ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២កន្លងទៅ ស្ថិតនៅក្នុងស្រុកអន្លង់វែង ដែលមានផ្ទៃដីទំហំ១៥៩ហិកតា និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជុំវិញប្រវែង២០គីឡូម៉ែត្រ ។
![Picture]()
ដើម្បីធានាសុវត្ថិភាពដល់ក្រុមការងារសាងសង់ស្តូប យើងបានបើកការដ្ឋានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមកប់ក្នុងដី មានផ្ទៃដីសរុប ១.៦៨០.៩០០ម៉ែត្រការ៉េ រកឃើញគ្រា.ប់មីនប្រឆាំងមនុស្សចំនួន៨៩គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ អំបែងចំនួន១០.២២៦បំណែក ចម្រូងដែកសរុបទម្ងន់១០៨គីឡូក្រាម និងត្រូវបានរៀបចំពិធីកម្ទេចចោលនាពេលនេះ ។
![Picture]()
នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍កោតសរសើរកងកម្លាំងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក និងបន្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះតំបន់ដែលត្រូវសាងសង់ស្តូបនេះជាអតីតសមរភូមិក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ