ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​វង់​តូច​តំបន់​អង្គរ​កែ​លម្អ​កាន់តែ​ល្អ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កំណាត់​ផ្លូវ​វង់​តូច​ចាប់ពី​ខាងកើត​ក​សិន្ធុ​អង្គរវត្ត ដល់​ខាងកើត​ស្រះស្រង់​ប្រវែង​៣៧៥៨​ម៉ែត្រ ដែល​រង​ការ​ខូចខាត​ដោយ​អន្លើ នឹង​ត្រូវ​ចំណាយពេល​ប្រហែល​៤​ខែ​ដើម្បី​ដំណើរការ​ជួសជុល​កែ​លម្អ​ឡើង​វិញ ។

ខេត្តសៀមរាប ៖ កំណាត់​ផ្លូវ​វង់​តូច​ចាប់ពី​ខាងកើត​ក​សិន្ធុ​អង្គរវត្ត ដល់​ខាងកើត​ស្រះស្រង់​ប្រវែង​៣៧៥៨​ម៉ែត្រ ដែល​រង​ការ​ខូចខាត​ដោយ​អន្លើ នឹង​ត្រូវ​ចំណាយពេល​ប្រហែល​៤​ខែ​ដើម្បី​ដំណើរការ​ជួសជុល​កែ​លម្អ​ឡើង​វិញ ។ គម្រោង​នេះ​បាន​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​ទទួល​បន្ទុក​ជួសជុល​ដោយ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

តាម​ការ​បញ្ជាក់​របស់​លោក​ហេង គឹ​ម​ឡេ​ង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​បានឱ្យ​ដឹង​ថា​៖ គម្រោង​កែ​លម្អ​ផ្លូវ​វង់​តូច​ពី​ខាងកើត​ក​សិន្ធុ​អង្គរ​ទៅ​ដល់​ខាងកើត​ស្រះស្រង់ គឺ​ត្រូវ​បញ្ចប់​ត្រឹម​ចំណុច​ខាងត្បូង​ស្រះស្រង់​សិន ដើម្បី​ទុក​លទ្ធភាព​រក​ផ្លូវ​វាង​ប្រាសាទបន្ទាយក្តី និង​ស្រះស្រង់​នា​ពេល​ខាង​មុខ ។ បច្ចុប្បន្ន​ផ្លូវ​នេះ​មាន​ទទឹង​ពី​៥​ម៉ែត្រ​ទៅ​៦​ម៉ែត្រ តែ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ត្រូវ​កែ​លម្អ​ឱ្យ​បាន​ទទឹង​សរុប​៩​ម៉ែត្រ ដូច​ផ្លូវ​ពីមុខ​អង្គរវត្ត​ទៅ​ខ្លោងទ្វារ​ទន្លេ​អុំ​ដែរ ។ ក្នុង​ការ​កែ​លម្អ​ផ្លូវ​នេះ គឺ​ត្រូវ​ពង្រីក​គ្រឹះ​រង​ជា​ប្រភេទ​ក្រួស​ក្រហម​កម្រាស់​២០​សង្ទីម៉ែត្រ​សងខាង​ឱ្យ​បាន​ទទឹង​៩​ម៉ែត្រ បន្ទាប់​មក​ក្រាល​គ្រឹះ​ចម្បង​ពី​ល្បាយ​ថ្ម​កម្រាស់​១៥​សង្ទីម៉ែត្រ​លើ​ផ្ទៃ​ផ្លូវ​ទាំងមូល​ដែល​មាន​ទទឹង​៩​ម៉ែត្រ​នោះ ។ ជំហាន​បន្ត គឺ​ក្រាលកម្រាល​ប្រភេទ​DBST៦​ម៉ែត្រ​នៅ​កណ្តាល និង​១,៥​ម៉ែត្រ អម​សងខាង​ជា​ប្រភេទ​SBST ។ បន្ថែម​ពី​នោះ​ក៏​មាន​ផ្លូវ​វាង​ដើមឈើ​មួយ​ចំនួន​ដើម្បី​រក្សា​ការពារ​ដើមឈើ​ទាំងនោះ​ទៀត​ផង ។

លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ពី​ការ​រៀបចំ​ផ្លូវ​ចរាចរណ៍ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​អង្គរ ។ ផ្លូវ​មិន​ត្រឹមតែ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ទេ តែ​វា​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ និង​ការ​ដឹក​ជញ្ជូន​ប្រចាំ​ថ្ងៃរបស់​ប្រជាពលរដ្ឋ​ទៀត​ផង ។ កំណាត់​ផ្លូវ​ដែល​គ្រោង​នឹង​ជួសជុល​កែ​លម្អ​នេះ គឺ​ធ្វើ​លើ​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់ មិនមែន​ពង្រីក​ឬ​ធ្វើ​ថ្មី​នោះ​ទេ គ្រាន់តែ​រៀបចំ​ឱ្យ​មាន​ផ្លូវ​ជិះ​ម៉ូតូ​-​រថយន្ត​ដោយឡែក ជិះ​កង់​-​ថ្មើរជើង​ដោយឡែក ដើម្បី​សម្រួល​ដល់​វិស័យ​ទេសចរណ៍ ឬ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ប្រចាំ ព្រមទាំង​ដាក់​ពណ៌​ផ្ទៃ​ផ្លូវ​ឲ្យ​ស៊ីគ្នា​នឹង​ទេសភាព​វប្បធម៌​នៃ​បេតិកភណ្ឌ​អង្គរ ។ ការ​ជួសជុល​ផ្លូវ​នេះ​ដែរ ក៏​មិន​ចេះ​តែ​ធ្វើ​ៗ​នោះ​ទេ គឺ​បាន​ឆ្លង​យោបល់ និង​វាយតម្លៃ​ពី​អាយ​ស៊ី​ស៊ី​អង្គរ ដែល​ធានា​បាន​នូវ​ការ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​បុរាណវិទ្យា និង​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ។

តាម​ការ​កត់សម្គាល់ ការ​ជួសជុល​ផ្លូវ​ពីមុខ​អង្គរវត្ត​ទៅ​បា​យ័ន្ត​កន្លង​មក ឃើញ​ថា​ទទួល​បានការ​ពេញចិត្ត និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ ជា​ពិសេស​ភ្ញៀវ​ដែល​ចូល​ចិត្ត​ជិះ​កង់​កម្សាន្ត ។ ដូច្នេះ​ការ​កែ​លម្អ​ផ្លូវ​វង់​តូច​ខាងកើត​ក​សិន្ធុ​អង្គរ​ដល់​ខាងកើត​ស្រះស្រង់ ក៏​សង្ឃឹមថានឹង​ទទួល​បានការ​ពេញចិត្ត សប្បាយ​រីករាយ​ពី​សំណាក់​ទេសចរ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដូច​គ្នា​នឹង​ការ​កែ​លម្អ​ផ្លូវ​ពីមុខ​អង្គរវត្ត​ទៅ​បាយ័ន​ដូច្នោះ​ដែរ ។

លោក​សុខ សង្វារ បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​គម្រោង​ធ្វើ​ផ្លូវ​របៀប​នេះ​ឱ្យ​បាន​គ្រប់​ទីកន្លែង​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​ពេល​អនាគត ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ និង​លើកកម្ពស់​គុណភាព​ទស្សនាចរ​ជូន​ភ្ញៀវ​ទេសចរ ព្រមទាំង​ចូលរួម​ចំណែក​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ ឱ្យ​ស្រប​តាម​គោលការណ៍ «​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ និង​អភិវឌ្ឍន៍​ដើម្បី​អភិរក្ស​» ៕