ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយស្ថាបនិក​ និង​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

1 ឆ្នាំ មុន

ទីក្រុង​ដា​វ៉ូស ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ទីក្រុង​ដា​វ៉ូស ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ ក្លោ​ស ឆ្វា​ប់ (Klaus Schwab) ស្ថាបនិក និង​ជា​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ។

នៅ​ក្នុង​ជំនួប​នេះ ​លោក​សាស្ត្រាចារ្យ Klaus Schwab បាន​ស្វាគមន៍​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​មក​កាន់​ទីក្រុង​ដា​វ៉ូស​ប្រទេស​ស្វី​ស ​នៅ​ពេល​នេះ ​។ លោក​ក៏​បាន​អរគុណ​សម្ដេច​តេ​ជោ ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២២​នេះ​ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​អរគុណ​ចំពោះ​លោក​សាស្ត្រាចារ្យ ដែល​បាន​ចំណាយ​ពេលវេលា​ ក្នុង​ជំនួប​នា​ព្រឹក​នេះ​។ នៅ​ក្នុង​ឱកាស​នេះ សម្ដេច​តេ​ជោ​ បាន​ស្នើ​អញ្ជើញលោក​សាស្ត្រាចារ្យ Klaus Schwab ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​សន្ទនា អាស៊ាន​ពិភពលោក​លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា នៅ​ខែវិច្ឆិកា ឆ្នាំ២០២២ ​ខាង​មុខ​នេះ ​។

សម្តេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​ថា ​កាលពី​ឆ្នាំ​២០១២ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នោះ កម្ពុជា​ក៏​បាន​រៀបចំ​វេទិកា​សន្ទនា​អាស៊ាន​ពិភពលោក​ទី​១​ដែរ ដែល​កាលនោះ មានការ​ចូលរួម​ពី​ប្រធាន​ស្ថាប័ន មួយ​ចំនួន​ដូច​ជា IMF ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម​ ។ ហើយ​លើក​នេះ​កិច្ច​សន្ទនា​អាស៊ាន​ពិភពលោក ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០២២​នោះ សម្ដេច​តេ​ជោ ​សូម​អញ្ជើញលោក​សាស្ត្រាចារ្យ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​​ ។

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ដោយសារ​វេទិកា​សេដ្ឋកិច្ច​ពី​ពិភពលោក គឺ​មាន​ចំណុច​ជា​ច្រើន ​ដែល​ធ្វើ​ការងារ​ប្រទាក់ក្រឡា​គ្នា​ដែល​បម្រើ​នូវ​ផលប្រយោជន៍​ដល់​អាស៊ាន ​។

ជា​ការ​ឆ្លើយ​តប លោក​សាស្ត្រាចារ្យ Klaus Schwab បាន​មាន​ប្រសាសន៍​ថា គាត់​ពិតជា​អរគុណ​សម្ដេច​តេ​ជោ ​ដែល​បាន​អញ្ជើញលោក ពីព្រោះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ចាត់​ទុក​អាស៊ាន ​ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ហើយ​ជា​ពិសេស​លោក​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ព្រោះ​សម្ដេច​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​​។
លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា ​លោក​ក៏​ត្រូវ​បានការ​អញ្ជើញ​ពី​ក្រុម​ប្រទេស ​G20 ផង​ដែរ ដើម្បី​ចូលរួម​កិច្ចប្រជុំ G20 នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា ​នេះ​គឺជា​ឱកាស​ដ៏​ល្អ សម្រាប់​លោក​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ឃើញ​ពី​វឌ្ឍនភាព ភាព​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍​ថា ពេល​ដែល​លោក​សាស្ត្រាចារ្យ​ មក​កាន់​ប្រទេស​កម្ពុជា នឹង​បានឃើញ​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ការ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ដូច្នេះ​លោក​សាស្ត្រាចារ្យ នឹង​បានឃើញ​ផ្ទាល់​ពី​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ​ក្រោយ​ទទួល​បាន​នូវ​សុខ​សន្តិភាព​នោះ​ ។

លោក​សាស្ត្រាចារ្យ ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​បន្ថែម​ទៀត​ថា លោក​ក៏​ចង់​ឃើញ​នូវ​ការ​បង្កើត នូវ​មជ្ឈមណ្ឌល​មួយ ​ដែល​បង្កើត​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​កន្លង​មក​បាន​ធ្វើ​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន ដូច​ជា​នៅ​អា​មេ​រិ​ក ចិន និង​ជប៉ុន ជាដើម ហើយ​លោក​មាន​បំណង​ថា តាម​រយៈ​មជ្ឈមណ្ឌល​នេះ ​នឹង​អាច​ទាញ​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ត្រូវ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ជា​ច្រើន​ ។

ម្យ៉ាងវិញទៀត ​តាម​រយៈ​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ នឹង​អាច​ជួយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត ដូចដែល​បាន​អនុវត្ត​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ការ​អនុវត្ត​ប្រើប្រាស់​ត្រូ​ន ដឹក​ជញ្ជូន​ថ្នាំពេទ្យ​ជា​បន្ទាន់​ទៅ​ទីតាំង​ដាច់​ស្រយាល ត្រូ​ន​ប្រើ​ក្នុង​វិស័យ​កសិកម្ម ជាដើម ។ ហើយ​ក៏​មានការ​ងារ​មួយ​ចំនួន​ទៀត​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជាមួយនឹង​ប្រព័ន្ធ​ធនាគារ​ផង​ដែរ​ ។

ឯកឧត្តម​រំពឹង​ថា ​យើង​នឹង​អាច​ធ្វើការ​ជាមួយ​គ្នា ហើយនឹង​អាច​ចុះ​កិច្ចព្រមព្រៀង​មួយ​រវាង​កម្ពុជា និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នា​ពេល​ខាង​មុខ​នេះ ជា​ពិសេស​នៅ​ពេល​ដែល​លោក​សាស្ត្រាចារ្យ​អញ្ជើញ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្ដង ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្ដេច​នឹង​ចាត់​ឲ្យ​មន្ត្រី​ទទួល​បន្ទុក ធ្វើ​ការងារ​នេះ ជាមួយនឹង​ខាង​មន្ត្រី​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ