សង្ស័យមានទំនិញគេចពន្ធ…ព្រោះដឹកជញ្ជូនតែពេលយប់ស្ងាត់
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មានរថយន្តយីឌុបធុនយក្សចំនួន០៥គ្រឿងឃ្លុមជិត សង្ស័យជាទំនិញគេចពន្ធខុសច្បាប់ ឬបង្កប់ឈើប្រណីត មកសំងំលាក់ខ្លួននៅជិតមាត់ច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំឃុំគ្រួសស្រុកស្វាយជ្រំ ត្រៀមលួចឆ្លងដែនទៅប្រទេសយួននៅពេលយប់ ដោយសមត្ថកិច្ចមានការត្រូវរ៉ូវគ្នាជាមួយឈ្មួញ ។

ករណីនេះ កើតឡើងនៅវេលាម៉ោង០៣និង០០នាទីទៀបភ្លឺថ្ងៃទី២៤ ឧសភា នេះ ស្ថិតនៅចំណុចច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំឃុំគ្រួស ស្រុកស្វាយជ្រំ ។ បើតាមមន្ត្រីនគបាលឃុំគ្រួសម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រយៈពេលកន្លះខែមកនេះ មានរថយន្តយីឌុបធំៗ ប្រភេទវ៉េអង ចាប់ពី០៥ទៅ១០គ្រឿង ឃ្លុមជិត និងរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក ជាច្រើនគ្រឿងដឹកទំនិញ ចុះពីផ្លូវជាតិលេខ១ តាមមុខខ្លោងទ្វារវត្តស្វាយជ្រំ ឆ្ពោះទៅព្រំដែនប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំ រាល់ថ្ងៃសង្ស័យជាទំនិញគេចពន្ធខុសច្បាប់។

ប្រភពបន្តទៀតថា ប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំ ប៉ុន្មានខែចុងក្រោយនេះ គឺមានឈ្មួញមករកស៊ីនាំទំនិញចេញចូលទៅប្រទេសវៀតណាមច្រើន ពេលថ្ងៃឈ្មួញ នាំផ្លែឈើ ពីប្រទេសវៀតណាមចូលតាមច្រករបៀងក្រសាំងជ្រំ មានផ្លែស្រការនាគ ទុរេន និងខ្នុរ ដឹកទៅប្រទេសវៀតណាមវិញ គឺមាន ស្ករ.ស បារី អេតចាយ និងទំនិញគេចពន្ធផ្សេងទៀតឃ្លុមជិតមិនអាចរកការបំភ្លឺពីសមត្ថកិច្ចបានទេ នៅព្រឹកថ្ងៃទី២៤ ឧសភា ២០២២ នេះ ។

ទាក់ទិនករណីនេះដែរ សមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ស្ករ ស និងបារី« ស៊ែត ZE និងបារីHERO» គឺជារបស់ប្រពន្ធលោកមេបញ្ជាការកងរាជ្យ អាវុធហត្ថស្រុកស្វាយជ្រំ ដោយស្តុកនៅ ក្នុងឃ្លាំងស្ថិតនៅភូមិក្រសាំងជ្រំ ហើយផ្ទេរដឹកតាមត្រាក់ទ័រ ក្នុង១យប់ៗ រាប់សិបតោន។

ទាក់ទិនករណីនេះដែរ លោកមេបញ្ជាការកងរាជ្រអាវុធហត្ថរូបនោះបានបំភ្លឺតាមទូរសព្ទ័ថា ទំនិញ ស្ករ.ស ប្រពន្ធគាត់បានបង់ពន្ធគយ អស់ហើយ និងបង់ថ្លៃផ្លូវរួចហើយដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។
















ចែករំលែកព័តមាននេះ