ខេត្តស្ទឹងត្រែង ៖ ត្រីបបែលយក្សមានទម្ងន់១៤៣គីឡូក្រាមមួយក្បាលទៀត បានជាប់សន្ទូចអ្នកនេសាទនៅទន្លេមេគង្គលើ ចំណុចភូមិសាស្ត្រ ភូមិឃុំកោះព្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែង ត្រូវបានគម្រោងអច្ឆរិយមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) ធ្វើការព្រលែងចូលក្នុងទន្លេវិញ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ២០២២ ។

លោកស្រីសំ វិចិត្រ នាយខណ្ឌជលផលស្តីទីស្ទឹងត្រែងបានបញ្ជាក់ថា ត្រីបបែលនេះបានជាប់សន្ទូចអ្នកនេសាទ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា មានទម្ងន់១៤៣គីឡូក្រាម, ទទឹងដងខ្លួន ១៧១សង់ទីម៉ែត្រ និងបណ្តោយដងខ្លួន១៨១សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប (ពីចុងច្រមុះដល់ចុងកន្ទុយ) ៣៦៥សង់ទីម៉ែត្រ។

លោកឲ្យដឹងដែរទៀតថា កាលពីថ្ងៃទី៥ ឧសភា ដើមខែកន្លងទៅថ្មីៗ មានត្រីបបែលយក្សមួយក្បាល មានទម្ងន់ជិត១៨០គីឡូក្រាម ក៏បានធ្វើការដោះលែងទៅវិញផងដែរ។ ហើយត្រីបបែលយក្សទាំង២នេះជាត្រីបបែលញី ដែលបានបង្ហាញឱ្យឃើញពីត្រីបបែលជាត្រីមេពូជ មានវត្តមាននៅទន្លេមេគង្គលើ នៅក្នុងខេត្តស្ទឹងត្រែង។

លោកនាយខណ្ឌ ទទូចសុំទៅអ្នកនេសាទទាំងអស់ប្រសិនបើចាប់បានប្រភេទត្រីដែលរងគ្រោះទៅនិងការជិតផុតពូជ ត្រូវប្រលែងវាទៅវិញ គឺមិនត្រឹមតែ ត្រី បបែលមួយមុខនេះទេ។ មន្ត្រីគម្រោង
អច្ឆារិយមេង្គលើបានបញ្ជាក់ថា ករណីនេះសូមឱ្យបងប្អូនប្រជាអ្នកនេសាទ ទាំងអស់បញ្ឈប់ការធ្វើនេសាទក្នុងអន្លងអភិរក្ស ហើយងាកមកសហការគ្នាជាមួយ គម្រោងអច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប(IFREDI) នាំគ្នាអភិរក្សត្រីមេពូជគ្រប់ប្រភេទ ឱ្យវាសម្បូរបែបឡើងវិញ។

សូមបញ្ជាក់ថា នេះជាការប្រលែងត្រី បបែលយក្សទម្ងន់ធ្ងន់ ជាលើកទី២ហើយនៅក្នុងខែឧសភាឆ្នាំ ២០២២ នេះព្រោះប្រភេទត្រី មានទម្ងន់ចាប់ពី១០០គីឡូក្រាមរហូតដល់៦០០គីឡូក្រាមក៏មាន។
ត្រូវបានបញ្ជាក់ ហើយបច្ចុប្បន្នត្រីប្រភេទនេះ កំពុងឋិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)»នៅក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ( IUCN Red List )៕



អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ