ការចិញ្ចឹមជ្រូកគឺទទួលបានផលល្អ ឯទីផ្សារវិញក៏មិនពិបាកលក់នាពេលបច្ចុប្បន្ន
- ព្រះសីហនុ
ស្រុកព្រៃនប់ ៖ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសាររបស់ពលរដ្ឋមួយចំនួនក្នុងខេត្តព្រះសីហនុ គឺមានសមត្ថភាពចិញ្ចឹមទាំងជ្រូកបា ជ្រូកមេពូជគ្រប់ប្រភេទ និងជ្រូកសាច់ ហើយនិងជ្រូកកណ្តុរ
អំពីការចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារនៅក្នុងខេត្តព្រះសីហនុ ។

ក្នុងនោះ រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈមន្ទីរមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានជំរុញឲ្យពលរដ្ឋជាកសិករនៅមូលដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទតាមគ្រួសារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចជាការចិញ្ចឹមជ្រូក មាន់ ទា ជាដើម ដែលសុទ្ធសឹងជាសត្វមានតម្រូវការសាច់ ក្នុងទីផ្សារច្រើននាពេលបច្ចុប្បន្ន ។ ជាមួយគ្នានេះ មន្ត្រីជំនាញកសិកម្មខេត្តព្រះសីហនុ ក៏បានចុះអប់រំផ្សព្វផ្សាយ និងជួយប្រជាពលរដ្ឋលើការចិញ្ចឹមនេះផងដែរ។

លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តព្រះសីហនុ ក្នុងពេលចុះពិនិត្យស្ថានភាពការចិញ្ចឹមសត្វរបស់បងប្អូនប្រជាកសិករជាលក្ខណៈគ្រួសារ នៅភូមិត្រពាំងស្អុយ២ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ឲ្យដឹងថា បច្ចុប្បន្ននេះ កំណើនពលរដ្ឋចិញ្ចឹមជ្រូកតាមផ្ទះក្នុងស្រុកព្រៃនប់មានច្រើនកន្លែង ដោយខ្លះចិញ្ចឹមជ្រូកសាច់១ក្បាល ឬ២ក្បាលតាមលទ្ធភាពទ្រង់ទ្រាយតូច និងពលរដ្ឋខ្លះទៀត ចិញ្ចឹមលក្ខណៈទ្រង់ទ្រាយមធ្យមឬធំ ដែលមានទាំងជ្រូកបា ជ្រូកមេយកកូន និងជ្រូកសាច់ច្រើនក្បាល ហើយបន្ថែមលើសពីនេះទៀត ពួកគាត់មានទាំងជ្រូកកណ្តុរដែលបច្ចប្បន្នទីផ្សារកំពុងតម្រូវការណរផងដែរ ។

ពលរដ្ឋមួយគ្រួសារឈ្មោះ ព្រំ ផល្លា នៅភូមិត្រពាំងស្អុយ២ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុឲ្យកោះសន្តិភាពដឹងក្នុងពេលមន្ត្រីជំនាញចុះពិនិត្យថា បច្ចុប្បន្ន នៅផ្ទះរបស់គាត់មានចិញ្ចឹមជ្រូកសរុបចំនួន១០៥ក្បាល ក្នុងនោះ រួមមានពលរដ្ឋដដែលប្រាប់បន្ថែមថា ការចិញ្ចឹមបែបនេះគឺទទួលផលល្អ ដល់ពេលលក់បានលក់បណ្តាក់គ្នាជាបន្តបន្ទាប់ ចំណែកទីផ្សារវិញមិនពិបាកទេ ។

ពលរដ្ឋដដែលបានបន្ថែមថា បច្ចប្បន្នគ្រួសារគាត់បានមុខរបរនេះហើយដែលធ្វើអោយមានជីវភាពធូរធាសមរម្យ តែយ៉ាងណាក៏បានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ដែលលោកតែងតែចុះផ្តល់បទពិសោធ៍ ណែនាំគ្រប់ពេលវេលា ធ្វើអោយគ្រួសារគាត់មានការចេះដឹងហើយចិញ្ចឹមទទួលបានលទ្ធិផលល្អ នឹងមានការការីកចំរើនពី១ឆ្នាំទៅ១ឆ្នាំ ព្រោះការចិញ្ចឹមសត្វគឺត្រូវទាមទារការចេះដឹង ថែទាំ ទើបទទួលលទ្ធផលល្អ ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ឲ្យដឹងផងដែរថា ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងការណែនាំបន្ថែមពីឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ មន្ត្រីជំនាញកសិកម្មបានចុះទៅជួបប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វជាបន្តបន្ទាប់ ដើម្បីប្រឹក្សាអំពីបច្ចេកទេសចិញ្ចឹមនិងជួយលើវិស័យសុខភាពសត្វ ដូចជាផ្តល់ថ្នាំសម្លាប់មេរោគ និងថ្នាំព្យាបាលសត្វមួយចំនួនដល់ពលរដ្ឋអ្នកចិញ្ចឹម ជួយឲ្យសត្វចិញ្ចឹមរបស់ពលរដ្ឋគ្មានហានិភយ័ ទទួលបានប្រាក់កម្រៃច្រើនពេលលក់ទៅកាន់ទីផ្សារ ៕






ចែករំលែកព័តមាននេះ