ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រៃសណីយ៍​កម្ពុជា ប្រាប់​វិធី​ការពារ ព្រោះ​កើនឡើង​នៃ​ការ​បោក​បញ្ជោត​ប្រភេទ (BEC) លើ​ក្រុមហ៊ុន​ឯកជន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ឧសភា ២០២២ បាន​ជម្រាប​ជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា មានការ​វាយប្រហារ​បោក​បញ្ឆោត​ប្រភេទ Business…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ឧសភា ២០២២ បាន​ជម្រាប​ជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា មានការ​វាយប្រហារ​បោក​បញ្ឆោត​ប្រភេទ Business Email Compromise (BEC) ក្នុង​គោលបំណង​លួច​សាច់ប្រាក់ តាម​រូបភាព​ទាក់ទង​ផ្ញើ​ព័ត៌មាន​តាម​រយៈ​អ៊ីមែល សម្រាប់​ប្រតិបត្តិការ​ទូទាត់​សាច់ប្រាក់ ទៅ​ក្រុមហ៊ុន​នៅ​ក្រៅប្រទេស ។

ការ​បោក​បញ្ឆោត​នេះ​កើត​ឡើងជា​ពិសេស ទៅ​លើ​វិស័យ​ឯកជន ដោយ​ចោរ​ព័ត៌មានវិទ្យា ធ្វើការ​វាយប្រហារ​ទៅ​កាន់​អង្គភាព​ដែល​ជា​គោលដៅ តាម​រយៈ​ការ​ផ្ញើ​សារ​អ៊ីមែល ដែល​សារ​នោះ មើលទៅ​ហាក់ដូចជា​មក​ពី​ប្រភព​ដែល​ស្គាល់ និង​ត្រឹមត្រូវ ។

ចោរ​ព័ត៌មានវិទ្យា បាន​ធ្វើ​ពុត​ជា​ក្រុមហ៊ុន​ផលិត ឬ​ដៃគូ​អាជីវកម្ម ដែល​ធ្លាប់​ទាក់ទង​ជា​ទៀងទាត់ ក្នុង​រូបភាព​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន ឬ​នាយក​ផ្នែក​ហិរញ្ញវត្ថុ ឬ​ជំនួយការ​និង​បុគ្គលិក​ជាន់ខ្ពស់ ដែល​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ឬ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ដៃគូ​អាជីវកម្ម​នៅ​ក្រៅប្រទេស ដើម្បី​ស្នើ​សុំ​ឲ្យ​មានការ​ទូរ​ទាត់​ថ្លៃ​ទំនិញ ឬ​សេវា​ទៅ​កាន់​គណនី​ធនាគារ​ថ្មី​មួយ ខុស​ពី​គ​ណី​សម្រាប់​ទូទាត់​កន្លង​មក ដោយ​ផ្ញើ​វិក្កយបត្រ​តាម​រយៈ​អាសយដ្ឋាន​អ៊ីមែល របស់​ក្រុមហ៊ុន​ផលិត ឬ​ដៃគូ​អាជីវកម្ម​នោះ ដែល​ត្រូវ​បាន​ចោរ​ព័ត៌មានវិទ្យា លួច​ចូល​គ្រប់គ្រង​ប្រើប្រាស់ ឬ​អាសយដ្ឋាន​អ៊ីមែល​មួយ​ផ្សេង​ខុស​ពី​អាសយដ្ឋាន​អ៊ីមែល​ដែល​ធ្លាប់​ប្រើ ឬ​អា​ស័​យ​ដ្ឋា​ន ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល ។

ដើម្បី​ការពារ​ខ្លួន​ពី​បញ្ហា​នេះ អ្នក​ប្រើប្រាស់​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​វិធានការ ដូច​ខាងក្រោម ៖

  • ពិនិត្យ និង​ផ្ទៀងផ្ទាត់​មើល​ឈ្មោះ និង​អាសយដ្ឋាន​អ៊ីមែល​ដែល​ផ្ញើ​មក​ឱ្យ​បាន​ច្បាស់ ឬ​អាច​សាកសួរ​តាម​ទូរ​សព្ទ​បន្ថែម​ទៀត​ក្នុង​ករណី​ដែល​មានការ​សង្ស័យ ទោះបីជា​អ៊ីមែល​នោះ​មក​ពី​អ្នក​ដែល​យើង​ស្គាល់​ក៏​ដោយ
  • ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​សារ​អ៊ីមែល​ស្នើ​សុំ​ផ្លាស់​ប្តូរ​ព័ត៌មាន​គណនី​សម្រាប់​ការ​ផ្ទេរ​ប្រាក់
  • បញ្ជាក់ និង​ផ្ទៀងផ្ទាត់ ចំពោះ​ការ​ស្នើ​សុំ​ផ្លាស់​ប្តូរ​ព័ត៌មាន​គណនី ដោយ​ផ្ទាល់​ទៅ​កាន់​បុគ្គល ឬ​ដៃគូ​អាជីវកម្ម​តាម​រយៈ​មធ្យោបាយ​ផ្សេង​ក្រៅពី​អ៊ីមែល (​ឧទាហរណ៍ ការ​ហៅ​ទូរ​សព្ទ​)
  • ទាក់ទង​ទៅ​កាន់​ធនាគារ​ជា​បន្ទាន់ ប្រសិនជា​អ្នកដឹង​ខ្លួន​ថា បាន​ចាញ់​បញ្ជោត និង​ផ្ទេរ​សាច់ប្រាក់​រួចរាល់
  • គួរ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រសិនជា​អ្នក​ចង់​ធ្វើការ​ស្វែងរក​ចោរ​ព័ត៌មានវិទ្យា​មក​ផ្តន្ទាទោស ។

សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ប្រើប្រាស់​អាច​ស្វែង​យល់​បន្ថែម​ក្នុង​គេហទំព័រ​របស់ “​ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់ នៃ​កុំព្យូទ័រ (CamCERT)” នៃ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​មាន​អាសយដ្ឋាន www.camcert.gov.kh ឬ​រាយការណ៍ ឬ​សុំ​ជំនួយ​បច្ចេកទេស​បន្ថែម​លើ​ករណី​នេះ តាម​រយៈ​អ៊ី​ម៉ែ​ល incident@camcert.gov.kh ឬ​ទូរ​សព្ទ​លេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ