ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងកូន​ល្មិច ឬ​កន្ធាយ​ក្បាល​កង្កែប ៥៨០​ក្បាល ​ចូល​ក្នុង​ទីជម្រក​ធម្មជាតិ តាម​ដង​ទន្លេមេគង្គ

1 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប…

ខេត្តក្រចេះ ៖ អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ចំនួន ៥៨០​ក្បាល ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ តាម​ដង​ទន្លេមេគង្គ នៅ​ខេត្តក្រចេះ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អណ្ដើក​ពិភពលោក ២៣ ឧសភា នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អង្គការ WCS ។

ប្រទេស​កម្ពុជា មាន​ទីជម្រក និង​សត្វព្រៃ​ដ៏​សម្បូរ​បែប​ជា​ច្រើន​ប្រភេទ ហើយ​កន្ធាយ​ក្បាល​កង្កែប គឺជា​ប្រភេទ​ដ៏​កម្រ​មួយ ដែល​ត្រូវការ​ការពារ​ជា​បន្ទាន់ ។

កន្ធាយ​ក្បាល​កង្កែប គឺជា​ប្រភេទ​មួយ​ក្នុង​ចំណោម​ប្រភេទ​កម្រ​ៗ​ជា​ច្រើន​ទៀត នៅ​តាម​ដង​ទន្លេមេគង្គ ព្រោះ​កន្ធាយ​ក្បាល​កង្កែប​រស់នៅ​ក្នុង​អន្លង់​ជ្រៅ​ៗ ជាមួយ​ត្រី​ដូ​ល​ហ្វី​ន និង​ត្រី​បបែល​យក្ស​ជាដើម ។ ការ​លែង​កន្ធាយ​ក្បាល​កង្កែប ដែល​ជា​ប្រភេទ​ដ៏​សំខាន់​ចូល ក្នុង​ជម្រក​ធម្មជាតិ គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់ ដល់​ការ​ស្តារ​ប្រភេទ​នេះ​ឡើង​វិញ កុំ​ឲ្យ​ផុត​ពូជ​នា​ពេល​អនាគត ។

បន្ថែម​ពីលើ​នេះ កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ដែល​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Pelochelys cantorii ត្រូវ​បាន​ចាត់​ចូល​ក្នុង​បញ្ជី ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត ។ វា​នៅ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ក្នុង ប្រទេស​ឡាវ និង​ប្រទេស​មួយ​ចំនួន​ទៀត និង​វា​ទំនងជា​បាន​ផុត​ពូជ​ហើយ​នៅ​តាម​អតីត​ទីជម្រក​ដែល​វា​ធ្លាប់ រស់នៅ​ភាគច្រើន​ក្នុង​ប្រទេស វៀតណាម និង​ថៃ ដោយសារ​មានការ​លួច​ចាប់ និង​ធ្វើ​ពាណិជ្ជកម្ម រួម​ទាំង​សកម្មភាព​ខុសច្បាប់​ក្នុង​ការ​ប្រមូល​យក​ពង​របស់​យក​ទៅ​លក់​ឬ​ធ្វើ​ជា​អាហារ ។

សម្រាប់​នៅ​កម្ពុជា​វិញ អ្នក​វិទ្យាសាស្ត្រ មិន​បាន​រក​ឃើញ​វត្តមាន​ប្រភេទ​កន្ធាយ​នេះ​ទេ ក្នុង​ចន្លោះ​ពី ឆ្នាំ​២០០៣ ដល់ ឆ្នាំ​២០០៧ ។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០០៧ អង្គការ​អភិរក្ស​អន្តរជាតិ (CI) បាន​រក​ឃើញ​វត្តមាន​កន្ធាយ​នេះ នៅ​ក្នុង​ទន្លេមេគង្គ ចន្លោះ​ពី​ខេត្តក្រចេះ ដល់​ខេត្តស្ទឹងត្រែង ។ បន្ទាប់​ពី​បាន​រក​ឃើញ អង្គការ​អភិរក្ស​អន្តរជាតិ CI បាន​ធ្វើការ​ជាមួយ​រដ្ឋបាល​ជលផល​ការពារ​ប្រភេទ​កន្ធាយ​នេះ រហូត​ដល់​ឆ្នាំ​២០១៧ ទើប​ប្រគល់​គម្រោង នេះ​ឲ្យ​មក​អង្គការ WCS គ្រប់គ្រង​បន្ត ។ ចាប់តាំងពី​ពេល​នោះ​មក អង្គការ WCS និង​រដ្ឋបាល​ជលផល បាន​និង​កំពុងធ្វើការ​អភិរក្ស​ប្រភេទ​សត្វ​នេះ តាម​រយៈ​ការ​ទប់ស្កាត់​រាល់ សកម្មភាព​ខុសច្បាប់​ទាក់ទង​នឹង​ការ​ចាប់ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រភេទ​កន្ធាយ​ក្បាល​កង្កែប​នេះ កម្មវិធី​ការ ពារ​សំបុក​នៅ​តាម​សហគមន៍ និង​គាំទ្រ​ដល់​ការ អភិវឌ្ឍ​សហគមន៍ និង​សហគមន៍​នេសាទ​។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​របស់​អង្គការ WCS ទទួល​បានការ​គាំទ្រ​មូលនិធិ​ពី សហភាព​អឺរ៉ុប តាម​រយៈ​គម្រោង​ដៃគូ ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ Margaret A. Cargill Philanthropies និង​អង្គការ Turtle Survival Alliance ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ