ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Zurich ប្រទេស​ស្វី​ស ប្រកបដោយ​សុវត្ថិភាព​ហើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Zurich ប្រទេស​ស្វី​ស ប្រកបដោយ​សុវត្ថិភាព​ហើយ កាលពី​វេលា​ម៉ោង​១៣.៣១​នាទី​(​ម៉ោង​នៅ​ប្រទេស​ស្វី​ស​) ត្រូវ​នឹង​ម៉ោង​១៨.៣១( ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​) ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ​បាន​ផ្សាយ​មុន​នេះ​បន្តិច ។

សម្តេច តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ប្រទេស​ស្វី​ស ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្រោម​មូលបទ «​ការ​ត្រៀមខ្លួន​សម្រាប់​យុគសម័យ​ក្រោយ​ជំងឺ​កូ​វី​ដ​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​ដា​វ៉ស​-​ក្លូ​ស្ទ័​រ (Davos-Klosters) ប្រទេស​ស្វី​ស ។

វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ហ្សួ​រី​ច ប្រទេស​ស្វី​ស ត្រូវ​បានការ​ទទួល​ធ្វើ​គារវកិច្ច​ស្វាគមន៍​ប្រកបដោយ​ភាព​ស្និទ្ធស្នាល និង​រាក់ទាក់​ជាទី​បំផុត ពី​សំណាក់ តំណាង​អ្នក​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លោក​(WEF), តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក , ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ស្វី​ស និង​មន្ត្រី​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ជា​ច្រើន​ទៀត​។

ក្នុង​ឱកាស​ចូលរួម​ក្នុង​វេទិកា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​នៅ​ក្នុង​ពិធី​បិទ​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ «​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​» និង​នៅ​ក្នុង​កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់​ក្រៅផ្លូវការ​ជាមួយ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក ក្រោម​ប្រធានបទ «​ការ​ស្តារ​សន្តិភាព និង​សណ្តាប់ធ្នាប់​ឡើង​វិញ​»​។

ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​រំពឹង​ថា នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយ​ចំនួន ក៏​ដូច​ជា​ទទួល​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​ពី​សំណាក់​ឥស្សរជន​នយោបាយ និង​ធុរជន​ពិភពលោក​ផង​ដែរ​។

ក្នុង​ឱកាស​ស្នាក់​នៅ​ប្រទេស​ស្វី​ស សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក «​រាត្រី​កម្ពុជា​» (CAMBODIA NIGHT) ដែល​ជា​ព្រឹ​ត្ត​ការណ៍​រៀបចំ​ដោយ​ក្រុមហ៊ុន វើ​ល​ដ៏ ប្រ៊ី​ជ គ្រុប (WorldBridge Group) ក្នុង​គោលបំណង ដើម្បី​លើក​ស្ទួយ​អំពី​ធុរកិច្ច​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ស្វី​ស និង​បណ្តា​ប្រទេស​អឺរ៉ុប​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ