ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ សាលាក្រុង​មិន​ដែល​អនុញ្ញាត​ឲ្យ​បូជាសព​តំណាងរាស្ត្រ​នៅ​មុខ​វត្ត​បទុម

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ កន្លងមកសាលារាជធានីភ្នំពេញ​ មិនដែលអនុញ្ញាតឲ្យមានការបូជាសពតំណាងរាស្រ្ត​ណាម្នាក់​នៅលើសួនច្បារ​មុខ​វត្តបទុមវត្តីនោះទេ ។

រាជធានី​ភ្នំពេញ ៖ កន្លង​មក​សាលា​រាជធានី​ភ្នំពេញ មិន​ដែល​អនុញ្ញាត​ឲ្យ​មានការ​បូជាសព​តំណាងរាស្ត្រ​ណា​ម្នាក់​នៅ​លើ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​នោះ​ទេ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី ដែល​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​៣១ តុលា ២០១៦ ។

ការ​លើក​ឡើង​របស់​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា សព​លោក ប៉ែន សុវណ្ណ អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី (​នាយក​រដ្ឋមន្ត្រី​)​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យសព​លោក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ​រូប​នេះ នឹង​ត្រូវ​ដង្ហែ​មក​តម្កល់​នៅ​វត្តថា​ន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​០២ វិច្ឆិកា និង​បូជា​នៅ​លើ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​នៅ​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៦​ខាង​មុខ​នេះ ។

យ៉ាងណា​ក៍ដោយ បើ​តាម​លោក ម៉េ​ត មាស​ភក្តី គិត​ត្រឹម​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣១ តុលា​នេះ សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​ទទួល​លិខិតផ្លូវការ​របស់​គណៈកម្មការ​បុណ្យសព ឬ​ក្រុម​គ្រួសារ​សព​ដើម្បី​ស្នើ​សុំ​យក​ទីតាំង​មុខ​វត្ត​បទុម​វ​ត្តី​បូជាសព​លោក ប៉ែន សុវណ្ណ នៅឡើយ​ទេ ។

ដោយឡែក នៅ​វិមាន​រដ្ឋ​សភាជាតិ​នា​រសៀល​ថ្ងៃ​ចន្ឌ​ដដែល​នេះ ក្រុម​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ពិភាក្សា​ដើម្បី​សម្រេច​យក​ទីតាំង​សម​ស្រប​ណាមួយ​ដើម្បី​បូជាសព​លោក ប៉ែន សុវណ្ណ ដែល​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​២៩ តុលា ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ​នៅ​ខេត្តតាកែវ​នោះ​។

កិច្ចប្រជុំ​ខាងលើ​នេះ​ដែរ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា បាន​សម្រេច​ផ្តល់​ថវិកា​ឧបត្ថម្ភ​៥០​លាន​រៀល និង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​រៀបចំ​ពិធី​បុណ្យសព​លោក​តំណាងរាស្ត្រ​ប៉ែន សុវណ្ណ ៕