រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសកម្ចាត់ចោលអ្នកណាក៏ដោយ ដែលមានបំណងចង់សម្លា.ប់សម្ដេច និងគ្រួសារសម្ដេច ។
ការប្រកាសរបស់សម្ដេចតេជោ បន្ទាប់ពីមានក្រុមឧទ្ទាមនិយមបានរៀបចំគម្រោងសម្លា.ប់សម្ដេច ដោយប្រើយន្តហោះគ្មានមនុស្សបើកបរ ឬហៅថា ដ្រូន(drone) ។ យោងតាមសង្គមរបស់សម្ដេចតេជោ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្ដេចបង្ហោះខ្លឹមសារអមជាមួយសំឡេងចំនួន២ឃ្លីបពីគម្រោងរៀបចំសម្លា.ប់សម្តេច តាមរយៈយន្តហោះដ្រូន ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c47f7babb37fcddd64180a66141655e7.jpg)
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖«សូមប្រកាសថា ខ្ញុំនឹងកម្ចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លា.ប់ខ្ញុំ និងគ្រួសារខ្ញុំ ។ ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃា.តលើរូបខ្ញុំ និងគ្រួសារខ្ញុំ» ។
សម្តេចតេជោ បានបន្ថែមថា ៖ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញ នៅពេលនេះទេ ព្រោះយើងត្រូវកម្ចាត់ពួកជ្រុលនិយម និងហិ.ង្សានិយមឲ្យអស់សិន ។ តើប្រទេសដែលអួតខ្លួនថា ប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/128afbb55e6c6994d90c6e1c4e223421.jpg)
ពាក់ព័ន្ធករណីនេះ សម្តេចតេជោ ក៏តាមចាំមើល បណ្តាគណបក្សនយោបាយណាខ្លះចេញមកធ្វើការថ្កោលទោសចំពោះអំពើបែបនេះ ។ សម្តេចបានគូសបញ្ជាក់ថា៖«យើងរង់ចាំមើល បណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ? ។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកម្ចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លា.ប់ខ្ញុំ និងគ្រួសារខ្ញុំ» ។
សម្តេចតេជោ បានលើកឡើងទៀតថា ៖ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ កុម្ភៈ ២០២៥ ម្សិលមិញ ៕
ចែករំលែកព័តមាននេះ