ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡាន ទាក់ខ្លោងទ្វារវត្តត្រពាំងឈូក បាក់​រលំ រាបដល់ដីហើយ បើកដេញបុកនគរបាល​ថែម​ទៀត!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រថយន្តលាយបេតុង ១គ្រឿង បាន​បើកចូលទៅក្នុងវត្ត ជាហេតុធ្វើឲ្យស៊ីទែនផ្ទុកបេតុង ទាក់ខ្លោងទ្វារវត្ត បណ្ដាលឲ្យបាក់ ដួលរាបដល់ដី រងការខូចខាតទាំងស្រុង។ ភ្លាមនោះ…

ភ្នំពេញ៖ រថយន្តលាយបេតុង ១គ្រឿង បាន​បើកចូលទៅក្នុងវត្ត ជាហេតុធ្វើឲ្យស៊ីទែនផ្ទុកបេតុង ទាក់ខ្លោងទ្វារវត្ត បណ្ដាលឲ្យបាក់ ដួលរាបដល់ដី រងការខូចខាតទាំងស្រុង។ ភ្លាមនោះ កម្លាំង​នគរបាលប៉ុស្តិ៍សំរោងក្រោម បានទៅឃាត់រថយន្តខាងលើ ដើម្បីឲ្យដោះស្រាយគ្នា ជាមួយ​ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត តែត្រូវតៃកុងឡាននោះ បើកដេញបុកនគរបាលថែមទៀត។

​នគរបាល ស្ទើរតែមានគ្រោះថ្នាក់ទៅហើយ ដោយសារតែមេការរបស់ក្រុមហ៊ុនរថយន្តនោះ ទៅដល់ បានស្រែកបញ្ជាឲ្យអ្នកបើកបររថយន្ត បើកសម្រុកចេញពីកន្លែងកើតហេតុ និង​ដេញបុកនគរបាល​ថែមទៀត​។

ពេលនោះ ជាសំណាងល្អនគរបាលលោតចេញទាន់ និងបានដេញតាមឃាត់រថយន្តនោះ​បានវិញ ខណៈបើករត់ចេញបានចម្ងាយប្រមាណជាង ៥០ម៉ែត្រ។ ចំណែកអ្នកបើកបរ ចិត្តសឿង បាន​ចុះរត់គេចខ្លួនបាត់ ហើយនគរបាលឃាត់ខ្លួនមេការ ៣នាក់ នាំទៅសាកសួរផងដែរ។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងវត្តត្រពាំងឈូក ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កខាងលើ ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2216 បើកបរ ដោយ​បុរសម្នាក់។ ចំណែកមេការ ៣នាក់ ដែលនគរបាលឃាត់ខ្លួន នាំទៅសួរនោះ មិនត្រូវ​បាន​ស្គាល់ឈ្មោះឡើយ។

អ្នកឃើញហេតុការណ៍ បាននិយាយថា នៅក្នុងវត្តត្រពាំងឈូកនេះ ព្រះសង្ឃ ពុំបានហាមឃាត់​ការ​ធ្វើដំណើរឆ្លងកាត់វត្តនោះទេ ហើយសព្វថ្ងៃនេះ មានរថយន្តធុនតូច និងម៉ូតូមួយចំនួន បាន​បើក​ឆ្លងកាត់តាមវត្ត។ រីឯរថយន្ត និងម៉ូតូភាគច្រើន ជាពិសេសរថយន្តធុនធំៗ បានបើកបរ​ធ្វើដំណើរតាមផ្លូវក្រៅវត្ត។ ដោយឡែក នៅពេលកើតហេតុ រថយន្តបង្កខាងលើ ពុំបើកតាម​ផ្លូវខាងក្រៅវត្តនោះទេ បែរជាបើកចូលទៅក្នុងវត្តវិញ​។

ប្រភពដដែលបានបន្តទៀតថា រថយន្តនេះ បានបើកចេញពីមហាវិថីឈ្នះឈ្នះ ចូលតាម​ខ្លោងទ្វារវត្ត​ខាងលិច ដែលមានកម្ពស់ខ្ពស់ លុះពេលទៅដល់ខ្លោងទ្វារខាងកើត ដែលមាន​កម្ពស់ទាប ក៏ស៊ីទែនផ្ទុកបេតុង ទាក់ខ្លោងទ្វារនោះ បណ្ដាលឲ្យបាក់ដួល សង្កត់ពីលើ​រថយន្តតែម្ដង។

ខណៈនោះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅឃាត់ ដើម្បីឲ្យសម្រសម្រួលគ្នា ជាមួយព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្ត ពីការខូចខាតនេះសិន។

ប្រភពខាងលើ បាននិយាយបន្តទៀតថា ខណៈពេលពុំទាន់មានការដោះស្រាយគ្នាផង ស្រាប់តែមានបុរស៣នាក់ ដែលជាមេការក្រុមហ៊ុនលាយបេតុងនោះ ចេញមុខ បញ្ជា​ឲ្យអ្នកបើកបររថយន្ត បើករថយន្តបង្កនេះចេញ។

ភ្លាមៗនោះ អ្នកបើកបររថយន្តចិត្តសឿង បានបើកចេញ ដេញបុកទាំងនគរបាល ដែល​កំពុង​ឃាត់នោះទៀត ប៉ុន្តែនគរបាល លោតចេញទាន់។ បន្ទាប់មក នគរបាលបានដេញតាមឃាត់បាន ខណៈដែលរថយន្តនេះ បើករត់ចេញពីកន្លែងកើតហេតុ ចម្ងាយប្រមាណជាង ៥០ម៉ែត្រ ប៉ុន្តែអ្នក​បើកបរ បានរត់គេចខ្លួនបាត់ ហើយនគរបាល ក៏បានឃាត់ខ្លួនបុរស ៣នាក់ ដែលជាមេការនោះ នាំយកទៅ​សាកសួរនៅប៉ុស្តិ៍។

​តំណាងក្រុមហ៊ុនខាងលើ បានធ្វើការសម្របសម្រួលជាមួយព្រះសង្ឃហើយ។ ប៉ុន្តែមិនទាន់ដឹងថា ត្រូវរ៉ូវគ្នាឬមិនត្រូវបែបណានៅឡើយទេ៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ