ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែឧសភានេះ ក្រសួងសុខាភិបាល បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៥ ជូនដល់មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារ នៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ រួចហើយ មានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ សូមអញ្ជើញទៅចាក់វ៉ាក់សាំង កូវីដ១៩ ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យជាតិនានា រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យប៉ូលិស ១៦ឧសភា តាមពេលវេលាកំណត់តាមស្ថាប័ននិមួយៗ។
ក្រៅពីនោះ ក្រសួង ក៏បានប្រកាសពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ នៅតាមរាជធានីខេត្ត គឺរាជធានីខេត្ត នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដល់មន្ត្រីសុខាភិបាលជួរមុខ (ទាំងរដ្ឋ និងទាំងឯកជន ) និងមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ដែលដល់វេនចាក់វ៉ាក់សាំង ដូសទី៥នេះ៕
ចែករំលែកព័តមាននេះ