ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់ឃោសនាបោះឆ្នោត តម្លៃជួលផ្សាយ​តាម​វិទ្យុ និងទូរទស្សន៍ ១នាទី ២៥០ដុល្លារ ទៅ ៣៥០ដុល្លារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ តម្លៃលក់ ឬជួលម៉ោងផ្សាយ តាមវិទ្យុ និងទូរទស្សន៍ គឺម៉ោងធម្មតា តម្លៃ ២៥០ដុល្លារ ក្នុង ១នាទី…

ភ្នំពេញ៖ តម្លៃលក់ ឬជួលម៉ោងផ្សាយ តាមវិទ្យុ និងទូរទស្សន៍ គឺម៉ោងធម្មតា តម្លៃ ២៥០ដុល្លារ ក្នុង ១នាទី និងម៉ោងមាស តម្លៃ ៣៥០ដុល្លារ ក្នុងរយៈពេល ១នាទី។ តម្លៃនេះ មិនទាន់គិតបញ្ចូល​ថ្លៃផលិតវីដេអូ នៅឡើយទេ​។ រាល់តម្លៃសេវាកម្មទាំងអស់ តម្រូវ​ឱ្យបូកបញ្ចូល​អាករលើតម្លៃបន្ថែម ១០ភាគរយ ( VAT 10% )។ នេះបើតាមគជប។

គជប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានប្រកាសផ្សព្វផ្សាយដល់គណបក្ស​នយោបាយ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អំពី​ស្ថានីយទូរទស្សន៍-វិទ្យុ​អាស៊ីអាគ្នេយ៍ FM106 ដែលបានផ្ញើលិខិតមក គ.ជ.ប ដើម្បីជម្រាបពីការលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្ស​នយោបាយ សម្រាប់ធ្វើការផ្សព្វផ្សាយឃោសនាពីគោលនយោបាយ ឬកម្មវិធីនយោបាយរបស់ខ្លួន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

គជប បានបញ្ជាក់ថា ចំពោះខ្លឹមសារនៃការឃោសនារបស់គណបក្ស​នយោបាយ ត្រូវតែ​ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ រួមនឹងសេចក្តីណែនាំផ្សេងៗ របស់គ.ជ.ប។

សូមរម្លឹកថា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា​ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គ.ជ.បបានរៀបចំ​ចាក់ផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស​នយោបាយ នៅទូរទស្សន៍ជាតិ និងវិទ្យុជាតិ​ ដើម្បីឱ្យប្រជាពលរដ្ឋ បានជ្រួតជ្រាប​អំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស​នយោបាយនីមួយៗ ដែលបានដាក់បេក្ខជន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមគ.ជ.ប កម្មវិធីស្មើភាព ដែលចាក់ផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់​គណបក្ស​នយោបាយ នៅទូរទស្សន៍ជាតិ និងវិទ្យុជាតិ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី២១ ឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា រួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក ចាក់ផ្សាយ ២ លើក ក្នុង ១ថ្ងៃ គឺព្រឹក ម៉ោង ៨ ដល់ម៉ោង ១០ និងរសៀល ម៉ោង ៣កន្លះ ដល់ម៉ោង ៥កន្លះ។ ចំណែកនៅវិទ្យុជាតិ ៣ប៉ុស្តិ៍ រួមមាន៖ វិទ្យុ AM 918 KHz ២លើក ក្នុង ១ថ្ងៃ គឺព្រឹក ម៉ោង ៦ ដល់ម៉ោង ៨ និងពេលរសៀល ពីម៉ោង ៥ ដល់ម៉ោង ៧យប់​។ វិទ្យុជាតិ F M 96MHz ២លើក ក្នុង ១ថ្ងៃ គឺព្រឹក ម៉ោង ៨ដល់ម៉ោង ១០ និងពេលយប់ ម៉ោង ៨កន្លះ ដល់ម៉ោង ១០កន្លះ។ ចំណែកវិទ្យុជាតិវត្តភ្នំ F M 105.70 MHz ក៏ផ្សាយ ២លើក ក្នុង ១ថ្ងៃដែរ គឺព្រឹកម៉ោង ៦ ដល់ម៉ោង ៨ និងល្ងាច នៅម៉ោង ៥ ដល់ម៉ោង ៧យប់​។

គជប បានរៀបចំ​កម្មវិធីថតទុកមុន ជាសំឡេង និងជាវិដេអូ សម្រាប់ចាក់ផ្សាយតាមទូរទស្សន៍ និងវិទ្យុជាតិ ដោយតំណាង​គណបក្ស​នយោបាយ ទាំង ១៧ គណបក្ស ដែលបានចូលរួម​ការបោះឆ្នោតឃុំសង្កាត់ បកស្រាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស​នយោបាយនិមួយៗ សម្រាប់យកមកចាក់ផ្សាយតាមម៉ោងពេលដូចបានប្រកាស នៅទូរទស្សន៍ជាតិកម្ពុជា និងនៅវិទ្យុជាតិ ទាំង ៣ប៉ុស្តិ៍​។

ក្រៅពីនោះ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណបក្ស​នយោបាយ ទាំង ១៧ គណបក្ស ដែលបានចុះឈ្មោះ ដាក់បេក្ខជនចូលរួមប្រកួត​ប្រជែងការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៥មិថុនានេះ ក៏អាច​បើកយុទ្ធនាការឃោសនាបោះឆ្នោត តាមរយៈការជួបប្រជុំ ការហែក្បួន ការចែកខិតបណ្ណ ចាក់មេក្រូ ធុងប៉ាស់អំពី​គោលនយោបាយ​របស់ខ្លួន រួមទាំងចងបដាពាក្យស្លោក និងស្តីកគ័រ​បិទតាមទីសាធារណៈ ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ