ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនរុក្ខជាតិអង្គរ ដែលដាំដើមរុក្ខជាតិ ផ្កា និង​ឈើ​ហូបផ្លែប្រមាណ ៥០០ប្រភេទ បានបើក​សម្ពោធជាផ្លូវការហើយ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ សួនរុក្ខជាតិអង្គរ ដែលជាប្រភេទរមណីយដ្ឋានកែច្នៃ ទំហំជាង ១៥​ហិកតា​ នៅ​ក្នុងក្រុងសៀមរាប ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្ត​ដទៃទៀត នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ…

ខេត្តសៀមរាប៖ សួនរុក្ខជាតិអង្គរ ដែលជាប្រភេទរមណីយដ្ឋានកែច្នៃ ទំហំជាង ១៥​ហិកតា​ នៅ​ក្នុងក្រុងសៀមរាប ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្ត​ដទៃទៀត នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភា ឆ្នាំ២០២២។

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើង ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ​កម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងអភិបាលខេត្តសៀមរាបផង។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងដោយមោទកភាព នៅក្នុងឱកាសបើកសម្ពោធជាផ្លូវការសួនរុក្ខជាតិអង្គរនោះថា ក្នុងរយៈពេល ១ខែ ឬ ១ខែកន្លះ បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះ គឺអាជ្ញាធរអប្សរា នឹងបើកឱ្យសាធារណជន បានចូលទៅទស្សនា ដោយឥតគិតថ្លៃ។ បន្ទាប់ពីនោះ គឺមានការលក់សំបុត្រ ឱ្យភ្ញៀវចូលទស្សនាសួនរុក្ខជាតិអង្គរក្នុងតម្លៃមួយដ៏សមរម្យ ដើម្បីបានថវិការយកទៅថែរក្សានិងអភិវឌ្ឍន៍សួននេះ ឱ្យកាន់តែប្រសើរ។

 សូមបញ្ជាក់ផងដែរថា សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានកៃច្នៃ នៅក្នុងក្រុងសៀម​រាប មានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង ៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេស លើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដោយ​សារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។

គួរបញ្ជាក់​ថា កាលពីឆ្នាំ២០០៥ សួនរុក្ខជាតិអង្គរនេះ គឺជាសួនគ្រឿងទេស ដែលមានទំហំដីត្រឹមជាង ២ហិកតាប៉ុណ្ណោះ។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា បានរៀបចំពង្រីកសួននេះ ឱ្យកាន់តែធំដោយរៀបចំប្រព័ន្ធទឹក ដែលមានប្រភពពីស្ទឹងសៀមរាប ដើម្បីស្រោចស្រពរុក្ខជាតិទាំងនេះ ហើយនៅឆ្នាំ២០១៨ អាជ្ញាធរ ក៏បានដាក់បន្ថែមសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយជាដើម នៅក្នុងសួននេះថែមទៀត។

សួនរុក្ខជាតិអង្គរនេះ  ត្រូវបានបំផុសគំនិតរៀបចំឡើងឱ្យមានភាពទាក់ ទាញខុសប្លែកពីសួនដទៃទៀតជាច្រើន ជាពិសេសគឺមានដាំដើមឈើនិងរុក្ខជាតិ កម្រៗជាច្រើនប្រភេទ ដោយពូជឈើខ្លះ នាំមកពីក្រៅប្រទេ ប្រយោជន៍សម្រាប់ឱ្យកូនខ្មែរនិងអ្នកទេសចរណ៍ជំនាន់ក្រោយៗ បានស្គាល់ និងអាចមកសិក្សាស្រាវជ្រាវបាន។

សួនរុក្ខជាតិអង្គរនេះ បានបែងចែកទៅជា៥ផ្នែក គឺផ្នែកទី១ជាសួនគ្រឿង ទេសនិងសួនរុក្ខជាតិឱសថ ផ្នែកទី២គឺជាសួនផ្កាស្មៅ និងផ្កាចម្រុះ ផ្នែកទី៣ ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកផ្នែកទី៤ ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទមានទាំងឈើហូបផ្លែក្នុងប្រទេស និងឈើនាំចូលពីបរទេសផង។ ចំពោះផ្នែកទី៥វិញ គឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះ ជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹក ដើម្បីឱ្យកាន់តែមានសម្រស់ និងភាពទាក់ទាញថែមទៀត។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ មានប្រសាសន៍​ថា លោក បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិងអាជ្ញាធរអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។

លោក ជា សុផារ៉ា មានប្រសាសន៍ទៀតថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេស​ណាស់​ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថ​ព្យាបាលរោគផងនោះ។ «សួនរុក្ខជាតិអង្គរនេះ ក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មាន ប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ»។

លោក ជា សុផារ៉ា មានប្រសាសន៍ទៀតថា ការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយ​ដល់ការប្រែប្រួលអាកាស ធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យ​បរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណនិងភ្ញៀវទេសចរណ៍ផង។

លោក ជា សុផារ៉ា ក៏បានសំណូមពរឱ្យ​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិ​អប្សរា គួរធ្វើការកិច្ចសហការជាមួយក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំឱ្យ​ក្រសួងកសិកម្មជួយផ្ដល់ពូជឈើ និងរុក្ខជាតិ ព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីធ្វើការពង្រីក និងអភិវឌ្ឍន៍សួនរុក្ខ ជាតិអង្គរនេះ ឱ្យកាន់តែមានទំហំធំព្រម ទាំងសំបូរបែប ដោយរុក្ខជាតិ​បន្ថែមទៀត។

មន្ត្រីអាជ្ញាធរជាតិអប្សរា រំពឹងថា សួនរុក្ខ​ជាតិ​អង្គរនេះ អាចនឹងផ្ដល់ជាផលិតផលទេសចរណ៍ថ្មី​ថែម​ទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលមកដល់ទឹកដីខេត្ត​សៀមរាប ឱ្យចាប់អារម្មណ៍ និងចូលមកកំសាន្ត ដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណបន្ទាប់ពីគេបានទៅទស្សនា​តំបន់រមណីយដ្ឋានអង្គររួចហើយនោះ។

នៅថ្ងៃអនាគត អាជ្ញាធរជាតិអប្សរា មានគម្រោងនឹងពង្រីកសួនរុក្ខជាតិអង្គរមួយនេះឱ្យបានទំហំធំ រហូតដល់១៣០ ហិក តារ គឺលាតសន្ធឹងផ្ទៃដី រហូតទៅដល់ព្រំប្រទល់កស្សិណទឹកខាងត្បូងនៃ​ប្រាសាទ​អង្គរវត្ត ដើម្បីព្រលែងសត្វព្រៃឱ្យរស់នៅក្នុងតំបន់សួននោះ បានកាន់តែច្រើន​៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ